(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានរៀបចំពិធីក្រុងពាលី បើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២កន្លែង នៅត្រង់ផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុក ដោយគ្រោងស្ថាបនាឲ្យហើយរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស ក្នុងការឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាពមិនប្រឈមគ្រោះថ្នាក់ណាមួយកើតឡើង ខណៈដែរតំបន់ទំាង២នេះមានការលំបាកក្នុងការធ្វើដំណើរ ថ្មើរជើងកាត់ផ្លូវ ដោយសារតែប្រឈមនឹងចរាចរណ៍មមាញឹកខ្លះ។
លោកអភិបាលបានជំរុញឲ្យក្រុមហ៊ុនស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់ទាំង២នេះឲ្យរួចរាល់ទាន់តាមផែនការក្នុងរយៈពេល៦ខែ ទៀត។ តាមលក្ខណៈបច្ចេកទេសគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ គឺឆ្លងកាត់លើមហាវិថីគីមអ៊ីសុង ខណៈគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងសន្ធរម៉ុកវិញ គឺស្ថិតនៅលើចំនុចផ្លូវប្រសព្វទំាង៤ទិសតែម្តង ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាពទោះពួកគេមកពីទិសខាងណាក៏ដោយ។
គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងត្រង់ផ្សារដើមគរនិងមុខសាសាបឋមសិក្សាសន្ធរម៉ុកទំាង២កន្លែងនេះ គឺស្ថាបនាដោយក្រុមហ៊ុនស្ពេក មេឌៀ ដោយគ្រោងអនុវត្តន៍សាងសង់ រហូតដល់រយៈពេល៦ខែ ពោលនឹងរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខ។
សូមបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ដោយនៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយរដ្ឋបាលរាជធានីភ្នំពេញគ្រោងពង្រីកគម្រោងស្ថាបនានេះឲ្យបាន ច្រើន កន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាព ស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕