(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំ២០១៩នេះ អ្នកជំងឺប្រមាណ ២៨៦,៨៣៦នាក់ ដែលបានមកទទួលសេវានៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពទូទាំងប្រទេស ដោយធ្វើការវះកាត់ភ្នែកប្រមាណ៤៥,៥៤១ករណី ក្នុងនោះជាង៨០% (ជាង៣ម៉ឺនករណី) ដោយសារភ្នែកឡើងបាយ។
ប្រធានកម្មវិធីជាតិសុខភាពភ្នែក លោកសាស្ត្រាចារ្យ ងី ម៉េង បានថ្លែងបន្ដថា «របកគំហើញចុងក្រោយតាមរយៈការអង្កេតស្រាវជ្រាវរហ័សថ្នាក់ជាតិ ឆ្នាំ២០១៩នេះ បានបង្ហាញថា នៅកម្ពុជាក្នុងឆ្នាំ២០១៨-២០១៩ អត្រានៃភាពពិការភ្នែកបានធ្លាក់ចុះពី០.៣៨% មក០.៣៧% ក្នុងចំណោមប្រជាពលរដ្ឋទូទៅ បើប្រៀបធៀននឹងឆ្នាំ២០១៧ និង២.៨% មក២.៥% ចំពោះពលរដ្ឋកម្ពុជា ដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ»។
ការថ្លែងបែបនេះ របស់លោកសាស្រ្ដាចារ្យ ក្នុងសិក្ខាសាលាស្តីពី ការពិនិត្យ លទ្ធផលក្នុងភាពជាដៃគូរ នៃកម្មវិធីសុខភាពភ្នែកប្រចាំឆ្នាំ២០១៩ និងផែនការឆ្នាំ២០២០ គាំទ្រដោយមូលនិធិថែទាំភ្នែក Eye Care Foundation នៅថ្ងៃទី២៧ ធ្នូ ២០១៩នេះ
ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកសាស្រ្តាចារ្យ អេង ហួត បានលើកឡើងថា អត្រាការធ្លាក់ចុះនៃភាពពិការភ្នែកនេះ បានបង្ហាញនូវភាពជោគជ័យមួយបន្ថែមទៀតរបស់កម្មវិធីជាតិសុខភាពភ្នែក និងមន្រី្តសុខាភិបាល គ្រប់ជាន់ថ្នាក់ដែលបានខិតខំផ្តល់សេវាសុខភាពភ្នែក ដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
ក្រៅពីនេះ កម្ពុជាបានសម្រេចនូវសមិទ្ធផលដ៏ធំធេងមួយទៀត គឺការលុបបំបាត់ជំងឺត្រាក់កូម ឬជំងឺអៀស៊ីភ្នែក ឲ្យអស់តាំងពីឆ្នាំ២០១៥កន្លងមក ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
លោកសាស្រ្តាចារ្យបន្ដថា «ទោះបីជាយើងសម្រេចបានសមិទ្ធផលដ៏ធំធេងយ៉ាងនេះក៏ដោយ ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ទៅលទ្ធផលនៃការស្រាវជ្រាវថ្មីៗនេះ ដែលបង្ហាញថានៅប្រទេសកម្ពុជា នៅតែមានអ្នកពិការភ្នែកចំនួនប្រមាណ៦០,៨៦៥នាក់ (គំហើញមើលបានតិចជាង៣ម៉ែត្រ) និងអ្នកមានគំហើញចុះខ្សោយខ្លាំងចំនួនប្រមាណ៦១,៩៣០នាក់ (គំហើញមើលបានតិចជាង៦ម៉ែត្រ) និងគំហើញខ្សោយមធ្យមចំនួនប្រមាណ៣១៨,៤០១នាក់ (គំហើញមើលបានតិចជាង១៨ម៉ែត្រ) ដែលតម្រូវឲ្យធ្វើការព្យាបាល និងកែតម្រូវ គំហើញតាមរយៈការផ្តល់វ៉ែនតា ដើម្បីឲ្យពួកគេមានគំហើញល្អឡើងវិញ និងអាចប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ពួកគេ»។
ជាមួយគ្នានោះដែរ លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក បានបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន អង្គការមូលនិធិថែទាំភ្នែក ក្រោមកិច្ចសម្របសម្រួលពីកម្មវិធីជាតិសុខភាពភ្នែក និងមានការគាំទ្រពីក្រសួងសុខាភិបាល បានបំពេញការងាររបស់ខ្លួន ប្រកបដោយជោគជ័យនៅក្នុងបណ្តាខេត្តដាច់ស្រយាលភាគឥសាន ហើយបានពង្រីកទៅខេត្តដ៏ទៃទៀត នៅប៉ែកខាងកើត និងខាងលិច នៃប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍ថែទាំសុខភាពភ្នែក។
លោកសាស្រ្តាចារ្យ ងី ម៉េង បានបញ្ជាក់ទៀតថា ឆ្លងតាមការរៀបរាប់ខាងលើនេះ កម្មវិធីជាតិសុខភាពភ្នែក មានមោទនភាពយ៉ាងខ្លាំងដោយគុណភាព នៃការផ្តល់សេវាថែរក្សាភ្នែកកាន់តែប្រសើរឡើងៗពីមួយឆ្នាំ ទៅមួយឆ្នាំ ជាពិសេសគុណភាពនៃការវៈកាត់ជំងឺភ្នែកឡើងបាយ ទទួលបានគំហើញបានល្អរហូតដល់ប្រមាណ៧៥-៨០% និងអត្រាគ្របដណ្តប់ការវៈកាត់ភ្នែកឡើងបាយ កើនដល់ប្រមាណ៧២% បើប្រៀបធៀបពី១០ឆ្នាំមុន ដែលមានតែប្រមាណ៥៤%ប៉ុណ្ណោះ៕