(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់អ្នកប្រើប្រាស់ សេវាសន្ដិសុខឯកជនទាំងអស់ ត្រូវសួររកលិខិតអនុញ្ញាតអាជីវកម្មជាមុនសិន មុននឹងសម្រេចចិត្តជួលក្រុមហ៊ុននោះយកទៅប្រើប្រាស់។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា អ្នកប្រើប្រាស់សេវាសន្ដិសុខទាំងអស់ គួរតែជ្រើសរើសក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខណា ដែលមានភ្នាក់ងារទទួលបានការបំពាក់បំប៉នជំនាញ ភ្នាក់ងារសន្តិសុខឯកជន ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននីតិសម្បទាពិតប្រាកដ ជាភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាព និងស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិត្រឹមត្រូវ។
សារដាស់តឿនរបស់ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីតំណាង លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី២៥ ដែលមានសិក្ខាកាមចូលរួមប្រមាណ២០០នាក់។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់បណ្តាគោលដៅទាំងអស់ ជាពិសេសគោលដៅសំខាន់ៗដូចជា ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ បុរី ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ រម្មណីយ៍ដ្ឋាន កន្លែងសប្បាយភាព រោងចក្រ សហគ្រាស ដែលជួលសេវាសន្តិសុខឯកជន ត្រូវសួររកលិខិតអនុញ្ញាត ច្បាប់បើកក្រុមហ៊ុន និងលិខិតចុះកិច្ចសន្យា ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានត្រឹមត្រូវ ហើយជាពិសេសត្រូវផ្តល់អាទិភាព ដល់ភ្នាក់ងារសន្តិសុខឯកជន ដែលទទួលបានការបំពាក់បំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននីតិសម្បទាពិតប្រាកដ ជាភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាព និងស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិត្រឹមត្រូវ»។
ប្រធាននាយកដ្ឋានរូបនេះ បានអះអាងទៀតថា វិស័យសន្តិសុខឯកជន ក៏ជាវិស័យដ៏សំខាន់មួយដែលត្រូវចូលរួមចំណែកយ៉ាង សកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិ។ កិច្ចការពារសន្តិសុខសុវត្ថិភាពសង្គម គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា តាមគ្រប់គ្រប់រូបភាពដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ។
លោក លឹម សុខារស្មី បានសង្កត់ធ្ងន់ទៀតថា ភ្នាក់ងារសន្តិសុខឯកជន ពុំមែនមានតួនាទី ត្រឹមតែជាអ្នកការពារ ទ្រព្យសម្បត្តិឯកជន ឬសហគ្រាស គ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ចចូលរួមការពារទ្រព្យសម្បត្តិ សាធារណៈ សន្តិសុខសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ។
ជាពិសេសមានតួនាទីជាកម្លាំងជំនួយដ៏សំខាន់ ដល់អាជ្ញាធរមានសមត្ថកិច្ច ដូច្នេះប្រសិនបើខ្លួនបានឃើញ ឬសង្ស័យ លើសម្មភាពល្មើសច្បាប់ណាមួយមិនថា ស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ដែលនៅជិតបំផុត ឬមកនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ផ្ទាល់ក៏បានតាមរយៈលេខទូរស័ព្ទលោកគ្រូ ក៏ដូចជាក្រុមការងារ៕