(ភ្នំពេញ)៖ លោក ឈឹម ផលវិរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបកស្រាយថា ថវិកាឆ្នាំ២០១៩ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលនៅសេសសល់ ហើយដែលគ្រោងនឹងស្នើសុំប្រមុខរាជរដ្ឋាភិបាល យកទៅទិញរថយន្ត មិនមែនទិញដើម្បីបម្រើបុគ្គលណាម្នាក់ឡើយ គឺសម្រាប់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទាំងមូល ក្នុងការបម្រើបេសកកម្មការងារ។
ការបញ្ជាក់របស់លោក ឈឹម ផលវិរុណ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការស្នើឲ្យបកស្រាយពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។ ការស្នើសុំឲ្យបកស្រាយរបស់ ប្រធានគណបក្សយុវជនកម្ពុជា គឺស្របពេលមហាជនយល់ច្រឡំថា ការយកថវិកាសេសសល់របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទៅទិញរថយន្តនោះ ដើម្បីបម្រើប្រយោជន៍បុគ្គល។
លោក ឈឹម ផលវិរុណ បានពន្យល់ថា បើយោងតាមច្បាប់ កញ្ចប់ថវិការបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលប្រើមិនអស់ ត្រូវបង្វិលចូលរដ្ឋវិញ។ ប៉ុន្តែ បើសិនជាមានការឯកភាពពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ឲ្យយកទៅប្រើប្រាស់សម្រាប់ប្រយោជន៍ផ្សេងទៀតនោះ ទើបអាចប្រើប្រាស់បាន។
សំណើសុំនេះ មិនប៉ះពាល់នឹងកញ្ចប់ថវិកាឆ្នាំ២០២០ទេ ហើយរថយន្តទាំងនោះ ត្រូវចុះបញ្ជីសារពើភ័ណ្ឌជាទ្រព្យសម្បត្តិរបស់រដ្ឋ។ នេះបើតាមប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ថ្លែងក្នុងឱកាសដែលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានរៀបចំសន្និបាតបូកសរុបការងារ ១៦ខែដំបូង និងទិសដៅការងារឆ្នាំ២០២០ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោក ឈឹម ផលវិរុណ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនមែនយកថវិការដ្ឋទៅទិញឡានឲ្យបុគ្គលទេ គឺសម្រាប់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទាំងមូល ប៉ុន្តែរថយន្តនោះត្រូវចុះបញ្ជីសារពើពន្ធរបស់រដ្ឋ ដើម្បីទ្រទ្រង់ជាមធ្យោបាយសម្រាប់ប្រតិភូគណបក្ស និងលេខាធិការដ្ឋានចុះបេសកកម្ម»។
សូមបញ្ជាក់ថា លោក ឈឹម ផលវិរុណ បានឡើងធ្វើបទអន្តរាគមន៍ ដោយអះអាងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គ្រោងនឹងស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យកថវិកាប្រចាំឆ្នាំ២០១៩ ដែលនៅសល់ដើម្បីទៅទិញរថយន្ត សម្រាប់បម្រើការងារបេសកកម្មចុះតាមមូលដ្ឋាន។ លោក ឈឹម ផលវរុណ បានឲ្យដឹងថា ការងារទាំងអស់របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ផ្សារភ្ជាប់នឹងថវិកាប្រចាំឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុបចំនួន ១,៣១៨,៩២៥ដុល្លារអាមេរិក។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០១៩នេះ ការចំណាយជាក់ស្តែងពិតប្រាកដចំនួន ៨៦៨,៩២៥ដុុល្លារអាមេរិក។ ដូច្នេះនៅសល់ ៤៥០,១៩៣ដុល្លារអាមេរិក។ ចំពោះថវិកានៅសល់នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានបំណងស្នើសុំជាគោលការណ៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ផ្តល់ការអនុញ្ញាតយកថវិកានេះ ទៅទិញរថយន្តសម្រាប់បម្រើការបេសកកម្មតាមមូលដ្ឋាន ព្រោះកន្លងមកការចុះបេសសកម្ម ទាំងប្រតិភូគណបក្ស ទាំងមន្ត្រីលេខាធិការដ្ឋាន ប្រើប្រាស់រថយន្តឯកជនផ្ទាល់ខ្លួន ដោយសារតែឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពុំមានរថយន្ត»៕