(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បាប្រារព្ធទិវាជាតិលើកទី១៣ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «រួមសហការគ្នាបង្ការ បង្ក្រាប សង្គ្រោះការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស»។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជាជាច្រើនរូបទៀត។
បន្ទាប់ពីបានអានសារសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ រួចមក លោកប៉ែន កុសល្យ បានថ្លែងថា ការជួបជុំដ៏មានអត្ថនយ័នេះ ក្នុងគោលបំណងបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា នៅតែយកចិត្តទុកដាក់កាន់តែខ្លាំងក្លា ក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ពីភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននិងកំពុងក្លាយជាទាសភាព សម័យទំនើបគួរឲ្យភយ័ខ្លាច និងស្អប់ខ្ពើម។
យុទ្ធនាការនេះនឹងបន្តធ្វើឲ្យគគ្រឹកគគ្រេងផងដែរ តាមបណ្តាខេត្ត និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសខេត្តឧត្តរមានជ័យយើង។
លោកអភិបាលខេត្តបានបន្តថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសកលដែលនៅបន្តកើតមានអាស្រ័យលើកត្តាសំខាន់ៗ៣ គឺការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។ រូបភាព នៃអំពើជួញដូរមនុស្សមិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏មានបាតុភាពមួយចំនួនទៀត ក៏មានទំនោរទៅរកអំពើជួញដូរសរីរាង្គ និងបទល្មើសរត់ពន្ធជួញដូរទារកឆ្លងដែន ដែលហៅថា អំពើជួលពរពោះជំនួស។
នេះជាកង្វល់ថ្មីទៀតដែលគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននិងកំពុងតែដាក់វិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្រ្កាបឲ្យបានទាន់ពេលវេលា និងសិក្សាបរិបទច្បាប់ បទដ្ឋានគតិយុទ្ធពាក់ពន្ធ័បន្ថែមទៀត ដើម្បីចៀសវាងការរីកដុះដាលបទល្មើសដែលនាំឲ្យបង្ករគ្រោះថ្នាក់ កាន់តែច្រើនឡៀងដល់សង្គមជាតិ និងមនុស្សគ្រប់វ័យ។
ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បានអំពាវនាវឲ្យគ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក ដែគូរពាក់ព័ន្ធសូមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើកលល្បិច នៃជនល្មើសជួញដូរមនុស្សដែល បាននិងកំពុងព្យាយាមអូសទាញនិងរុញច្រានពលរដ្ឋគ្រប់ប្រភេទ គ្រប់ភេទ គ្រប់វ័យឲ្យរងគ្រោះ ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា៕