(ស្វាយរៀង)៖ រដ្ឋបាលសាលាខេត្តស្វាយរៀង បានចេញមកប្រកាសទាត់ចោលទាំងស្រុងចំពោះព័ត៌មានក្លែងក្លាយតាម Account Facebook ដោយបង្ហោះថា មានកងទ័ពវៀតណាមមកបោះជំរុំ និងសាងសង់មូលដ្ឋាននៅក្នុងស្រុកចន្ទ្រា ហើយមិនដកថយទៅវិញទេ។
បើតាមរដ្ឋបាលខេត្តស្វាយរៀង រូបភាពទាំងនេះជារូបភាព នៃការរៀបចំលំហាត់សមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពកម្ពុជា និងវៀតណាម កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។
មន្រ្តីជាន់ខ្ពស់សាលាខេត្តស្វាយរៀង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះថា «រដ្ឋបាលខេត្ត សូមធ្វើការបដិសេធព័ត៌មានក្លែងក្លាយ និងសូមផ្ញើជូនបងប្អូនជនរួមជាតិ ប្រជាជនខ្មែរទាំងមូល មេត្តាជ្រាបថា ព័ត៌មានដែលផេកហ្វេសបុកឈ្មោះ កាមទេព ហុងលីម មិនមែនជាកាពិតទេ។ ទាំងនេះជារូបភាព នៃការរៀបចំលំហាត់ សមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពកម្ពុជា និងវៀតណាម កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ អាស្រ័យហេតុនេះ សូមសាធារណៈជន ទាំងអស់មេត្តាជ្រាបជាព័ត៌មាន»។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម បានរៀបចំពិធីបើក និងបិទលំហាត់សង្គ្រោះគ្រោះមហន្តរាយ នៅតំបន់ព្រំដែនគោករួមគ្នា និងការងារមនុស្សធម៌ឆ្នាំ២០២០ នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា។ ការធ្វើលំហាត់យោធានេះ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍រួមគ្នា និងផ្តល់នូវផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង ដូចជាគ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រមជាមួយនឹងការចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យមានការរីកចម្រើន។ រយៈពេលនៃការធ្វើលំហាត់ ហ្វឹកហ្វឺនមានរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់១៨ ខែធ្នូ ឆ្នាំ២០១៩។ កម្លាំងចូលរួមខាងភាគីវៀតណាម ២៦៥នាក់ ខាងភាគីកម្ពុជា៤៧១នាក់ រួមនឹងកម្លាំងចូលរួម ១,១៤៣នាក់៕