(គុនមិញ-ប្រទេសចិន)៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ បានផ្ដល់កិត្តិយសអញ្ជើញ សម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា (គុនមិញ) នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងសុន្ទកថា នាពេលនោះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានជម្រាបអង្គពិធីថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា គឺជាកន្លែងសម្រាប់ផ្សព្វផ្សាយ និងទាក់ទាញ ការវិនិយោគ និងធុរកិច្ចពីបរទេសមកកាន់ប្រទេសកម្ពុជា តាមរយៈការដាក់តាំងបង្ហាញគំរូផលិតផលសក្ដានុពលកម្ពុជា និងឯកសារនានា ដែលទាក់ទងនឹង វិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍នៃប្រទេសកម្ពុជា ជូនដល់វិនិយោគិន ធុរជន និងប្រជាជនចិន ដើម្បីស្វែងយល់ពីឱកាសធុរកិច្ច វិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។
ការបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុងធំៗ នៃប្រទេសចិន ជាយុទ្ធសាស្ត្រមួយសម្រាប់ជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ដោយមជ្ឈមណ្ឌលជាចំណុចប្រសព្វនៃព័ត៌មាន ដែលវិនិយោគិន ធុរជន និងប្រជាជនចិនអាចទទួលបានដោយផ្ទាល់ និងនៅជិតដៃ ដើម្បីស្វែងយល់ ឲ្យបានស៊ីជម្រៅពីផលិតផលនាំចេញសក្ដានុពល បរិយាកាសធុរកិច្ច និងវិនិយោគ ក៏ដូចជាវប្បធម៌ និងទិសដៅទេសចរណ៍ នៃប្រទេសកម្ពុជា ក្នុងគោលបំណង ទាក់ទាញទាំងពាណិជ្ជករ វិនិយោគិន និងទេសចរណ៍មកកាន់ប្រទេសកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានសង្ឃឹមខ្ពស់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងគុនមិញ ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាដទៃទៀត នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ក៏ដូចជាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងជាលំដាប់។
ជាក់ស្ដែង នៅឆ្នាំ២០១៨ យើងសម្រេចបានទំហំពាណិជ្ជកម្មសរុបចំនួន ៦,៥ពាន់លានដុល្លារ កើនឡើង១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមានតម្លៃត្រឹមតែ៥,៦ ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០១៩នេះដែរ ទំហំពាណិជ្ជកម្មសរុបនឹងកើនឡើងដល់ចំនួន ៨,២ ពាន់លានដុល្លារ ស្មើនឹងកំណើនចំនួន ២៧ភាគរយ ធៀបនឹងឆ្នាំ២០១៨។
ឆ្លៀតក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្រ និងជួយជំរុញដល់ ដំណើរការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា គឺសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ និងប្រជាជន ហើយជឿជាក់ថា ប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការ ល្អបន្ថែមទៀត នៅពេលអនាគត។
ថ្លែងសុន្ទរកថា ស្វាគមន៍ចំពោះវត្តមានរបស់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នាពេលនោះដែរ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានជម្រាបជូនថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងគុនមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាទី៦ ដោយកម្ពុជាបានបើកមជ្ឈមណ្ឌលបែបនេះ ចំនួនប្រាំរួចមកហើយ នៅទីក្រុងក្វាងចូវ ហាយនីង ស៊ីអាន ហុងកុង និងយានថាយ។
ជាមួយនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មទាំង៥ ក៏ដូចជាកិច្ចព្រមព្រៀងដែលកម្ពុជា មានរួចមកហើយជាមួយចិន កម្ពុជា និងចិន ក៏នឹងពិនិត្យលទ្ធភាពដើម្បីឈាន ទៅដល់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីក្នុងឆ្នាំ២០២០ខាងមុខ ដោយទាំងអស់នេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឲ្យកាន់តែរឹងមាំ ក៏ដូចជាបង្កើតនូវផលប្រយោជន៍ទៅវិញទៅមក ជូនប្រជាជននៃប្រទេសទាំងពីរ៕