(ស្វាយរៀង)៖ នាយឧត្តម ចៅ ភិរុណ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកស្វាយជ្រំ បានថ្លែងទៅកាន់ប្រជាពលរដ្ឋជាង ៦០០នាក់ថា រយៈពេលជាង ២០ឆ្នាំនេះ កម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងនាំមកនូវការអភិវឌ្ឍន៍រីកចម្រើនលើផ្ទៃប្រទេស ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានធ្វើឲ្យពលរដ្ឋមានជីវភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
ការថ្លែងបញ្ជាក់របស់នាយឧត្តមសេនីយ៍ ចៅ ភិរុណ នៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមជាអធីបតី ក្នុងពិធីសម្ភោធឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តជោតិការាម ហៅវត្តចាក់អង្ករ ភូមិតាប៉ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ដែលចំណាយការសាងសង់អស់ប្រមាណជាង ១០ម៉ឺនដុល្លារ។
នាយឧត្តមសេនីយ៍ ចៅ ភិរុណ បានបន្តទៀតថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពនេះហើយ ទើបយើងមានឱកាសអភិវឌ្ឍន៍ប្រទេស ឲ្យរីកចម្រើន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាការពារសុខសន្តិភាពនេះ ឲ្យស្ថិតស្ថេរគង់វង្សជានិរន្ត ហើយមិនអាចឲ្យក្រុមអគតិណាមួយមកបផ្លាញសន្តិភាពនេះបានឡើយ។
នាយឧត្តមសេនីយ៍ ចៅ ភិរុណ បានជំរុញដល់អាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរបន្ថែមទៀត និងរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានឲ្យរីកចម្រើនជាបន្តបន្ទាប់ទៀត ជាពិសេសត្រូវអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ភូមិ-ឃុំ មានសុវត្ថិភាពឲ្យទទួលបានជោគជ័យដោយធានាបានថាភូមិ ឃុំមានសុខសុវត្ថិភាពគ្មានអំពើ លួច ឆក់ ប្លន់ពលរដ្ឋរស់នៅប្រកបដោយសុខដុមរម្យនា។
លោក ចៅ ភិរុណ ក៏អំពាវនាវឲ្យពលរដ្ឋរួមគ្នាថែរក្សាសមិទ្ធផលនៅភូមិឃុំ ដែលបានកសាងកន្លងមកនេះទាំងសាលារៀន វត្តអារាម មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ពន្ធ័ជាច្រើនទៀត ត្រូវប្រើប្រាស់ឲ្យបានយូរអង្វែងដើម្បី ជាប្រយោជន៍សង្គមជាតិទាំងមូល៕