(ភ្នំពេញ)៖ មហាជនគ្រប់ស្រទាប់វណ្ណៈធ្លាប់តែឃើញ និងឮថា ចោរឆក់តែងតែប្រើមធ្យោបាយល្បឿនលឿនដូចជា ម៉ូតូ ឡាន ដើម្បីប្រព្រឹត្តបទល្មើសឆក់ ព្រោះវាងាយស្រួលគេចខ្លួនពីមហាជន និងសមត្ថកិច្ច ប៉ុន្តែចោរឆក់ម្នាក់នេះពិតជាខ្លាំងមែន គេបានជ្រើសយកកង់វិញ ដើម្បីធ្វើជាមធ្យោបាយធ្វើសកម្មភាពឆក់លើដងផ្លូវ។ ទីបំផុត លោកចោរឆក់ស្ទីលថ្មីរូបនេះ នៅតែមិនអាចគេចរួចខ្លួនពីសំណាញ់ច្បាប់។
របាយការណ៍សមត្ថកិច្ច បានបញ្ជាក់ថា មុនកើតកើតហេតុ ជនសង្ស័យបានជិះកង់មួយគ្រឿងធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ១ គ្រឿងម៉ាក ហូវៃ ពីក្មេងស្រីម្នាក់កាលពីថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១១យប់ នៅចំណុចមុខវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ ផ្លូវមុនីរ៉េត ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ហើយជិះកង់គេចបាត់ដល់ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ទើបប៉ូលិសចាប់ខ្លួនបាន។
ជនសង្ស័យរូបនេះមានឈ្មោះ ទៀង វិសាល ហៅចាស់ អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះ ឆាយ មិថុនា អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះជួលផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មុខរបរនៅផ្ទះ។
របាយការណ៍សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១១យប់ ជនរងគ្រោះឈ្មោះ ឆាយ មិថុនា បានឈរទិញម្ជូរនៅចំណុចមុខវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ ផ្លូវមុនីរ៉េត ភូមិមានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដោយបានកាន់ទូរស័ព្ទដៃ ១គ្រឿងម៉ាកហូវៃ ពណ៌ទឹកមាសចុចហ្គេមលេង។
ពេលនោះជនសង្ស័យឈ្មោះ ទៀង វិសាល ហៅចាស់ ជិះកង់០១គ្រឿងម៉ាក X-TREME ពណ៌ខ្មៅ មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះឈ្មោះ ឆាយ មិថុនា ហើយបានជិះកង់គេចខ្លួនបាត់។
លុះមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១១ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ទៀង វិសាល ហៅចាស់ នៅចំណុចផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ យកមកសាកសួរចាត់ការតាមច្បាប់តែម្តង៕