(សៀមរាប)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា ខេត្តសៀមរាប។ ក្នុងឱកាសនោះ លោកអគ្គទេសាភិបាល ក៏បានជំរុញឲ្យមន្ដ្រីទាំងអស់ ប្រឹងប្រែងបំពេញការងារ ជូនពលរដ្ឋឲ្យបានល្អ និងធ្វើយ៉ាងណាផ្ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងសាធារណជនមកលើការគ្រប់គ្រង របស់ធនាគារជាតិនៃកម្ពុជា។
ក្នុងឱកាសនោះលោក ជា ចាន់តូ បានស្នើឲ្យមន្ត្រីបុគ្គលិកទាំងអស់ ឲ្យបន្តការខិតខំប្រឹងប្រែង បំពេញការងារឲ្យបានល្អ តាមតួនាទីភារកិច្ចរៀងៗ ពិសេសការពង្រឹងស្ថេរភាពប្រាក់រៀល និងការផ្ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងសាធារណជនមកលើការគ្រប់គ្រង របស់ធនាគារជាតិនៃកម្ពុជា។
លោក ជា ចាន់តូ បានជំរុញឲ្យមន្ត្រីបុគ្គលិកសាខា ធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប ត្រូវតែខិតខំប្រឹងប្រែងពង្រឹង ស្ថាប័នរបស់ខ្លួនឲ្យបានរឹងមាំ និងធ្វើយ៉ាងណាឲ្យទទួលបាន ការជឿជាក់ទុកចិត្តពីប្រជាជន និងសាធារណៈជនមកលើប្រពន្ធ័ដឹកនាំគ្រប់គ្រង របស់ធនាគារជាតិនៃកម្ពុជា។
ទន្ទឹមនឹងនេះអគ្គទេសាភិបាល បានស្នើឲ្យមន្ត្រីម្នាក់ៗមានការបង្កើនសមត្ថភាព និងមានការប្ដេជ្ញាចិត្តខ្ពស់ និងមានការគោរពវិន័យ, តួនាទី តាមភារកិច្ចរៀងៗខ្លួន និងមានសាមគ្គីភាពផ្ទៃក្នុងឲ្យរឹងមាំ។
លោកក៏បានបន្ដស្នើមន្ត្រីវ័យក្មេង ដែលជាអ្នកបន្តវេនឲ្យខិតខំប្រឹងប្រែងរៀន និងទាញយកបទពិសោធន៍ពីមន្ត្រីជំនាន់មុនៗ សម្រាប់ឲ្យខ្លួនក្លាយជាអ្នកដឹកនាំល្អប្រកប ដោយចំណេះដឹង និងចំណេះធ្វើដើម្បីរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា ឲ្យកាន់មានការរីកចម្រើនក្រោមដំបូលសុខសន្តិភាព និងត្រូវបន្តគាំទ្រនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងគោលនយោបាយរាជរដ្ឋាភិបាល សម្រាប់អភិវឌ្ឍភាពសង្គមជាតិ និងអនាគតកូនចៅជំនាន់ក្រោយៗទៀត៕