(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការបញ្ចៀសចរាចរលើដងផ្លូវជាតិលេខ៤ ត្រង់ចំណុចចំណតរថយន្តផ្សារកំពង់ស្ពឺ។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែធ្នូនេះ។

ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសអ្នកដំណើរថ្មើជើង (ស្ពានតេជោសន្តិភាពកំពង់ស្ពឺ) ត្រង់ចំណុចចំណតរថយន្តផ្សារកំពង់ស្ពឺ ស្ថិតក្នុងភូមិក្រាំងពលទេព និង ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ ចាប់ពីម៉ោង ០៦៖០០នាទីព្រឹក ដល់ម៉ោង ១០៖០០នាទីព្រឹក រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូន ដល់បងប្អូន ប្រជាពលរដ្ឋ និងសាធារណៈជន ដែលជាម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្តដឹកអ្នកដំណើរ ដែលធ្វើចរាចរចេញ-ចូលឆ្លងកាត់ត្រង់ចំណុចខាងលើ សូមបញ្ចៀសចរាចរតាមផ្លូវដូចខាងក្រោម៖

*១៖ ចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ៤ សូមបញ្ចៀសទៅកាន់ផ្លូវជាតិលេខ៣

*២៖ ចំពោះរថយន្តទេសចរណ៍គ្រប់ប្រភេទ សូមបញ្ចៀសទៅតាមច្រកកណ្តោលដុំ (ផ្លូវលេខ១០៤ និង១០៥) និងតាមផ្លូវបំបែកត្រង់ចំណុចចភ្លើងស្តុប មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងត្រង់ចំណុចភ្លើងស្តុប ផ្លូវបំបែកច្បារមន៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ស្ពឺ៖