(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២០នេះ។
សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានខ្លឹមសារថា «ក្នុងទិវាដ៏សោមនស្សរីករាយ នៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២០ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយដោយស្មោះអស់ពីដួងចិត្តគោរពជូនពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូន សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេចជោគជ័យត្រចះត្រចង់ថ្មីៗបន្ថែមទៀត ក្នុងបេសកកម្ម ដើម្បីជាតិ និងប្រជាជន។
ជាឥស្សរជនជាតិដ៏ឆ្នើមមួយរូប ប្រកបដោយគំរូវីរភាពដ៏ត្រចះត្រចង់ ក្នុងបុព្វហេតុដ៏ថ្លៃថ្លា ការពារខឿនឯករាជ្យជាតិ និងបូរណភាពទឹកដី សម្ដេចក្រឡាហោម ដែលជានិច្ចកាលបានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពុះពារគ្រប់ឧបសគ្គ ប្រកបដោយឆន្ទៈ មនសិការស្នេហាជាតិ ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍ បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្មរួមចំណែក ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ កសាងសមិទ្ធផលសង្គមយ៉ាងច្រើន ជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងដំណើរឆ្ពោះ ទៅកាន់នីតិរដ្ឋរឹងមាំ អភិបាលកិច្ចល្អ ជាពិសេស ការដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ លើវិស័យនយោបាយ រដ្ឋបាល វិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យមាន ឯកភាពជាតិ សុខសន្តិភាព ស្ថិរភាពរឹងមាំ វឌ្ឍនភាពរុងរឿង ជាទីមោទកបំផុត ដើម្បីឧត្ដមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។
នាឱកាសដ៏មង្គលសួស្តីថ្លៃថ្លារីករាយនេះ ខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំប្រសិទ្ធពរជ័យ ជូន សម្ដេចក្រឡាហោម និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនសម្តេចក្រឡាហោម ស ខេង ៖