(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង តំណាងលោក ហ៊ុន ម៉ានិត និងលោកស្រី នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ រៀបចំអាហារសាមគ្គី ជាមួយជូនក្មួយៗកុមារកំព្រា ដែលកំពុងស្នាក់នៅមណ្ឌលនានា ក្នុងខេត្តដែលប្រារព្ធធ្វើនៅសាលប្រជុំធំសាលាខេត្តស្វាយរៀង។

នៅក្នុងឱកាសនោះដែរ លោក ម៉ែន វិបុល ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត លោក ហ៊ុន ម៉ានិត និងលោកស្រី ឌី សុខីទីឃាយុកោ ដែលតែងតែគិតគូរពីសុខទុក្ខ ផ្ដល់នូវផ្តល់ភាពកក់ក្ដៅ តាមរយៈការជួយឧបត្ថម្ភទាំងសម្ភារ ថវិកា គាំទ្រ និងលើកទឹកដល់ក្មួយៗកុមារកំព្រាទាំងអស់នៅទូទាំងប្រទេស ក៏ដូចជានៅខេត្តស្វាយរៀង។

លោកបានបន្តថា ការពិតក្មួយៗកំព្រាឪពុកម្តាយមែន តែចិត្តក្មួយៗមិនកំព្រាទេ ព្រោះក្មួយៗមានសម្ដេចទាំងទ្វេរ មានលោក លោកស្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង តែងតែនៅក្បែរក្មួយៗជានិច្ច ដើម្បីដោះស្រាយការលំបាក និងក្តីកង្វល់នានារបស់ក្មួយៗ ដូចជាកម្មវិធីនៅថ្ងៃនេះ ជាក់ស្ដែងគឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយនឹងនៅតែបន្តប្រារព្ធជូនក្មួយៗនាឆ្នាំក្រោយៗទៀត។

ទន្ទឹមនេះលោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពតាមការណែនាំរបស់ប្រធានមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និងត្រូវមាន សីលធម៌ សុជីវធម៌ គុណធម៌ ដើម្បីឱ្យក្លាយជាពលរដ្ឋគំរូ ជាទំពាំងស្នងឬស្សី និងជាធនធានសម្រាប់រួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោក ម៉ែន វិបុល បាននាំនូវអំណោយរបស់លោក ហ៊ុន ម៉ានិត និងលោកស្រីបានចែកជូននូវសម្ភារសិក្សា និងថវិកាដល់ក្មួយៗ កុមារកំព្រា ចំនួន១២៦នាក់ ក្នុង ១នាក់ ទទួលបានសម្ភារសិក្សា និងឃីត ១កញ្ចប់ កាបូបស្ពាយ១ ព្រមទាំងថវិកា ៥ម៉ឺនរៀល ចំណែកអ្នកគ្រប់គ្រងមណ្ឌល ម៉ែដោះ និងអ្នកបើកបរក្នុងម្នាក់ៗ ទទួលបានឃីត ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀលផងដែរ៕