(ត្បូងឃ្មុំ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំ ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០១៩ ខួបលើកទី១៣ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជាគ្មានអំពើជូញដូរមនុស្ស»។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត និងលោកស្រី។

ក្នុងសារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលអានដោយលោក ជាម ច័ន្ទសោភ័ណ បង្ហាញទៅកាន់អ្នកចូលរួមទាំងអស់ មានខ្លឹមសារពោពេញដោយអត្ថន័យ ជុំវិញការទប់ស្កាត់ ការជួញដូរ មនុស្ស។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានធ្វើការអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាទប់ស្កាត់ឲ្យបានដាច់ខាតនៅគ្រប់រូបភាព ឆបោកដែលឈានដល់ ការប្រព្រឹត្តបទល្មើសជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ ។

លោក ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល និងខេត្តផ្សេងៗទៀតមកចូលរួមពិធីបុណ្យឆ្លងឆ្នាំសកល២០២០ខាងមុខនេះ នៅក្នុងបរិវេនរដ្ឋបាលខេត្ត ដែលនឹងមានការប្រគុំតន្រ្តី រាំលេងសប្បាយជុំគ្នា និងទស្សនាការបាញ់កាំជ្រួចអបអរបុណ្យឆ្លងឆ្នាំផងដែរ។

បើតាមលោកស្រី នី ចាន់ធីតា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកលដែលនៅតែបន្តកើតមាន អាស្រ័យដោយកត្តាសំខាន់៣ គឺការអប់រំសង្គម ការអនុវត្ត ច្បាប់ នឹងការឆក់ឳកាសពីជនល្មើស។

រូបភាពអំពើជួញដូរ មនុស្សមិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក្នុងឆ្នាំកន្លងទៅក៏មានលេចចេញបាតុភាពមួយចំនួនដែលទំនោរទៅរកអំពើជួញដូរសេរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន ក្រោមរូបភាពដែលហៅថា អំពើជួលពរពោះជំនួស ទៀតផង។ ដែលនេះជាកង្វល់ថ្មីមួយទៀតដែលចាំបាច់ត្រូវ មានវិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលា៕