(ព្រះសីហនុ)៖ ជនជាតិចិនចំនួន៤នាក់ ប្រដាប់ដោយកាំភ្លើង និងវត្ថុតាងមួយចំនួនទៀត បានត្រៀមចេញធ្វើសកម្មភាពប្លន់ ឬចាប់ជំរិតនៅពេលរាត្រី នៅក្នុងក្រុងព្រះសីហនុ ប៉ុន្តែត្រូវបានកម្លាំង នគរបាលតាមបង្ក្រាបទាន់ពេល។
ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំនៅខេត្តព្រះសីហនុ លោក សេង ឃួន បានរាយការណ៍នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះថា នៅវេលាម៉ោង ២ជិតភ្លឺយប់មិញ ក្នុងសង្កាត់លេខ២ កម្លាំងល្បាតជំនាញការិយាល័យព្រហ្មកម្រិតស្រាល បានតាមដានលើរថយន្តមួយគ្រឿង ក៏សម្រេចចិត្តឃាត់ត្រួតពិនិត្យ ពេលនោះឃើញជនជាតិចិនចំនួន ៤នាក់ និងសម្ភារមួយចំនួន។
សេចក្តីរាយការណ៍បានបន្តថា វត្ថុតាងដែលរឹបអូសបានរួមមាន៖
*អាវុធខ្លី K59 ចំនួន ១ដើម មាន ៥គ្រាប់
*កូនកាំបិតមុតស្រួច១ដើម
*ខ្នោះដៃ ១គូ និងម៉ាសបិតមុខមួយចំនួន។
បើតាមន្រ្តីសមត្ថកិច្ច បានប្រាប់ថា ក្រុមនេះអាចចេញ ប្លន់ ឬចាប់ជំរិត។ នៅពេលនេះ ជនជាតិចិនទាំង៤នាក់ ត្រូវបានសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៀត៕