(ភ្នំពេញ)៖ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២០។
សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានខ្លឹមសារថា «ក្នុងទិវាដ៏សោមនស្សរីករាយ នៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២០ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយដោយស្មោះអស់ពីដួងចិត្តគោរពជូនពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូន សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោកជំទាវ សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេចជោគជ័យត្រចះត្រចង់ថ្មីៗបន្ថែមទៀត ក្នុងបេសកកម្ម ដើម្បីជាតិ និងប្រជាជន។
ជាឥស្សរជនជាតិដ៏ឆ្នើមមួយរូប ប្រកបដោយគំរូវីរភាពដ៏ត្រចះត្រចង់ ក្នុងបុព្វហេតុដ៏ថ្លៃថ្លា ការពារខឿនឯករាជ្យជាតិ និងបូរណភាពទឹកដី សម្ដេចពិជ័យសេនា ដែលជានិច្ចកាលបានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពុះពារគ្រប់ឧបសគ្គ ប្រកបដោយឆន្ទៈ មនសិការស្នេហាជាតិ ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍ ជាប្រតិបត្តិករមួយរូបមានសមត្ថភាពពិតក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ ការឯកភាពទឹកដី សន្តិភាព សុវត្ថិភាពរបស់ប្រជាជន បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម កសាងសមិទ្ធផលសង្គមយ៉ាងច្រើន រួមចំណែកធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យពេញលេញ ជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋរឹងមាំ និងអភិបាលកិច្ចល្អ ដើម្បីឧត្ដមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។
នាឱកាសដ៏មង្គលសួស្តីថ្លៃថ្លារីករាយនេះ ខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំប្រសិទ្ធពរជ័យ ជូន សម្ដេចពិជ័យសេនា និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនសម្តេចពិជ័យសេនា ទៀ បាញ់៖