(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានបង្ហាញនូវកិច្ចការជាអាទិភាព និងចាំបាច់មួយចំនួន ដែលរាជរដ្ឋាភិបាលកំពុងផ្ដោតការយកចិត្តទុកដាក់ ពាក់ព័ន្ធកំណែទម្រង់វិស័យរដ្ឋបាល។
ក្នុងឱកាសអញ្ជើញបិទមហាសន្និបាត សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ហៅថា សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញនូវការងារអាទិភាពចំនួន៥ រួមមាន៖
*ទី១៖ ការបង្កើនធនធានផ្នែកអភិវឌ្ឍន៍របស់រដ្ឋបាលឃុំ សង្កាត់៖
នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ ១២១ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្តីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន ចាប់ពីឆ្នាំ២០២០តទៅ ដែលក្នុងនោះ រដ្ឋបាលឃុំ សង្កាត់នីមួយៗ នឹងទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណ ១២២,០០០ដុល្លារ។
ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋាន មានចំនួនប្រមាណជាង ៧០,០០០ដុល្លារ ពោលគឺកើនឡើងទ្វេដងធៀបនឹងឆ្នាំ២០១៩ ហើយថវិកានេះនឹងកើនឡើង ជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដែលរហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗ នឹងទទួលបានថវិកាជាមធ្យមចំនួនប្រមាណ ១៩៣,០០០ដុល្លារ ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋាន មានចំនួនជាមធ្យមប្រមាណជាង ១៣២,០០០ដុល្លារ។ ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាម គ.ជ.អ.ប ខ្ញុំសូមអំពាវនាវឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ថវិកាទាំងនេះ ឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងតម្រូវការចាំបាច់នានា របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
*ទី២៖ ការរៀបចំធ្វើសមាហរណកម្មការិយាល័យ អង្គភាព និងការផ្ទេរបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ៖
ផ្អែកលើស្មារតី នៃអនុក្រឹត្យចំនួន០៣ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩កន្លងមក សេចក្តីណែនាំរបស់ គ.ជ.អ.ប ស្តីពីការធ្វើសមាហរណកម្ម និងការរៀបចំបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបានដាក់ចេញ និងបានផ្សព្វផ្សាយដល់មន្ត្រីទទួលបន្ទុកនៅថ្នាក់រដ្ឋបាលរាជធានី ខេត្ត កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩កន្លងមក ដើម្បីបន្តធ្វើការណែនាំអនុវត្តដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។
សេចក្តីណែនាំខាងលើនេះ បានតម្រូវឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវធ្វើការផ្ទៀងផ្ទាត់ និងរៀបចំផ្គួរផ្គង់មុខតំណែងមន្ត្រីតាមរចនាសម្ព័ន្ធថ្មី ដោយផ្អែកលើ លក្ខណៈសម្បត្តិដែលបានកំណត់ រួចហើយធ្វើការបូកសរុបជូនដល់រដ្ឋបាលរាជធានី ខេត្ត ដើម្បីពិនិត្យ និងបូកសរុប សម្រាប់ជាមូលដ្ឋានដល់គ.ជ.អ.ប ក្នុងការដាក់ចេញនូវសេចក្តីសម្រេចស្តីពីការធ្វើសមាហរណកម្ម និងការរៀបចំបុគ្គលិកតាមការិយាល័យ និងអង្គភាពនានាក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងអំឡុងសប្តាហ៍ទី៣ នៃខែមករា ឆ្នាំ២០២០។ ក្នុងដំណាក់កាលនេះ បុគ្គលិកដែលកំពុងបម្រើការងារ នៅការិយាល័យជំនាញនៅថ្នាក់ក្រុង ស្រុក ខណ្ឌ មិនត្រូវអនុញ្ញាតឲ្យមានការផ្ទេរ ឬផ្លាស់ប្តូរកន្លែង ធ្វើការងារឡើយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើសមាហរណកម្ម។
*ទី៣៖ ការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ៖
ដើម្បីធានាបន្តគ្រប់គ្រង ចាត់ចែងកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិប្រកបដោយនិរន្តរភាពតម្លាភាព និងប្រសិទ្ធភាព ជាពិសេសការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ស្របតាមគោលការណ៍កំណត់ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវសេចក្តីណែនាំស្តីពីការ ធានានិរន្តរភាព ការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈ ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្ដៅធានាឲ្យការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន នៅថ្នាក់ក្រុង ស្រុក ខណ្ឌ មិនមានភាពរអាក់រអួល ឬរាំងស្ទះបណ្តាលមកពីការធ្វើសមាហរណកម្មការិយាល័យ អង្គភាពជំនាញនានា ការផ្ទេរបុគ្គលិកនៃការិយាល័យជំនាញទាំងនោះទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
*ទី៤៖ អំពីការផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ៖
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលេខាធិការដ្ឋាន គ.ជ.អ.ប. កំពុងតែខិតខំសម្របសម្រួល ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ក្នុងការកំណត់អំពីចំនួនថវិកាជាក់លាក់ រួមមាន ថវិកាសម្រាប់បន្ទុកបុគ្គលិក ថវិកាសម្រាប់ប្រតិបត្តិការ និងថវិកា សម្រាប់អនុវត្តមុខងារដែលបានផ្ទេរ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការរៀបចំលិខិតបទដ្ឋានបច្ចេកទេសនានាដើម្បីផ្ទេរធនធានទាំងនេះ ឲ្យបានទាន់ពេលវេលាទៅឲ្យរដ្ឋបាលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ក្នុងការចាប់ផ្តើមបំពេញមុខងារដែលបានផ្ទេរឲ្យទាំងនោះចាប់ពីដើមឆ្នាំ២០២០តទៅ។
អាស្រ័យដោយមានការផ្ទេរធនធានហិរញ្ញវត្ថុភ្ជាប់ជាមួយ នឹងមុខងារដែលបានផ្ទេរទៅឲ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហេតុនេះ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុតាមបែបបទ នីតិវិធីនៅថ្នាក់រដ្ឋបាលទាំងនោះ ចាំបាច់ត្រូវធ្វើការពិនិត្យ និងកែសម្រួលឲ្យបានសមស្រប ដើម្បីឆ្លើយតបទៅនឹងរចនាសម្ព័ន្ធគ្រប់គ្រងថ្មី នៃរដ្ឋបាលទាំងនោះផងដែរ។
ពាក់ព័ន្ធការផ្ទេរទ្រព្យសម្បត្តិជាអចលនទ្រព្យមួយចំនួន ដែលពុំអាចមានលទ្ធភាពរៀបចំ ផ្ទេរទាន់ពេលវេលា ក្រសួង ស្ថាប័ននានា ត្រូវអនុញ្ញាតឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តប្រើប្រាស់នូវទ្រព្យសម្បត្តិទាំងនោះ និងត្រូវបន្តរៀបចំបែបបទផ្ទេរទ្រព្យសម្បត្តិ ឲ្យបានមុនដំណាច់ឆមាសទី១ ឆ្នាំ២០២០ខាងមុខនេះ។
*ទី៥៖ អំពីការបណ្តុះបណ្តាល៖
ដើម្បីធានាឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចដំណើរការតាមរចនាសម្ព័ន្ធគ្រប់គ្រងថ្មី និងអាចគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារនានា ដែលបានផ្ទេរឲ្យប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវផ្តល់ការអភិវឌ្ឍ សមត្ថភាពជាច្រើនបន្ថែមទៀត ដល់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្នុងដំណាក់កាលចំពោះមុខនេះ ប្រធានបទដែលត្រូវផ្តល់ការបណ្តុះបណ្តាលត្រូវផ្តល់អាទិភាពលើកិច្ចការសំខាន់ៗ ដែលពាក់ព័ន្ធនឹងមុខងារ និងរចនាសម្ព័ន្ធថ្មី របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ គោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិក និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែលបានកែសម្រួល សម្ដៅធានាការចាប់ផ្តើម បំពេញការងារតាមប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
ក្នុងន័យនេះ សាលាជាតិរដ្ឋបាលមូលដ្ឋានកំពុងតែសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំឯកសារបណ្តុះបណ្តាលទាំងនេះ និងត្រូវខិតខំរៀបចំវគ្គបណ្តុះបណ្តាលដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងអស់ឲ្យបានរួចរាល់យ៉ាងយូរក្នុងអំឡុងត្រីមាសទី១ នៃឆ្នាំ២០២០។ បន្ទាប់ពីនោះត្រូវបន្តសិក្សា រៀបចំវគ្គបណ្តុះបណ្តាលជំនាញចាំបាច់ផ្សេងៗទៀត តាមពេលវេលាជាបន្តបន្ទាប់។
ក្រៅពីការបណ្តុះបណ្តាលដែលរៀបចំដោយក្រសួង ស្ថាប័ននៅថ្នាក់ជាតិ ខ្ញុំសូមស្នើឲ្យសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់បន្ថែមទៀត លើការអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដឹកនាំ ការគ្រប់គ្រង និងការតាមដាន
ត្រួតពិនិត្យការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរ ប្រកបដោយប្រសិទ្ធភាព តម្លាភាពគណនេយ្យភាព និងមានការចូលរួម៕