(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយសារលិខិត ថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២០។
សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានខ្លឹមសារថា «ក្នុងឱកាសដ៏មហាមង្គលប្រសើរថ្លៃថ្លា នៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២០នេះ ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយ សម្តែងនូវសេចក្តីអំណរសាទរ ដោយស្មោះអស់ពីដួងចិត្តចូលរួមថ្វាយ ព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីរាជមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះប្រកបដោយព្រះរាជសុខភាពល្អបរិបូរ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាភ្លឺថ្លាឈ្លាសវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់ដ៏ត្រជាក់ត្រជំ សម្បូរសប្បាយ ចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង សុខដុមរមនា នៃទឹកដីសុវណ្ណភូមិ និងប្រជានុរាស្ត្រ របស់ ព្រះអង្គ យូរអង្វែងរៀងដរាបតទៅ។
ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយឥតឧបមា ប្រកបដោយមនោសញ្ចេតនាកតញ្ញូកតវេទិតាធម៌ដ៏ជា្រលជ្រៅបំផុត ដែលបានរស់នៅ និងបំពេញបេសកកម្មមនុស្សធម៌ក្រោមម្លប់ដ៏ត្រជាក់ និងសូមដង្ហែតាមព្រះរាជគំរូវីរភាពដ៏ឆ្នើម ប្រកបដោយព្រះរាជមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌វិសេសវិសាល នៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមិនគិតការនឿយហត់ព្រះកាយពលបាននិងកំពុងបន្តព្រះរាជបូជនីយកិច្ច ជាស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រពី ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ ហេដ្ឋារចនាសម្ព័ន្ធ សង្គមកិច្ច សុខុមាលភាព និងជីវភាពរស់នៅ សម្បូរសប្បាយ រុងរឿង របស់ប្រជានុរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីស្នេហាបំផុត របស់ ព្រះអង្គ។
នាវរោកាសដោយក្តីសោមនស្សនៃទិវាឆ្នាំសកលនេះ ខ្ញុំម្ចាស់ទូលព្រះបង្គំយើងខ្ញុំ សូមលំឱនកាយឧទ្ទិសបួងសួង ដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតារក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ពិសេសឫទ្ធិបារមីដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមបីបាច់ថែរក្សាអភិបាល ប្រោះព្រំព្រះសព្ទសារធុការពរជ័យគ្រប់ប្រការ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គស្តេចព្រះប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយព្រះករុណា ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៖