(កណ្តាល)៖ ការសម្រេចចិត្តបង្ហាញភស្តុតាងអំពីកំហុសឆ្កងរបស់លោកស្រីប្រធានភូមិស្វាយជួររូបនេះ ត្រូវបានមេឃុំកោះខែលលោក អៀង ឌុល ធ្វើឡើងក្រោយពេលដែលប្រជាពលរដ្ឋ មួយចំនួនតិចតួច មិនបានដឹងពីកំហុសឆ្គងរបស់មេភូមិ និង មិនបានដឹងពីច្បាប់ និងសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ ចេះតែនាំគ្នាតវ៉ា និងគាំទ្រឲ្យទុកមេភូមិស្វាយជួររូបនេះនៅដដែល។

កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាឃុំបានកោះប្រជុំបោះឆ្នោតជាសម្ងាត់ ដើម្បីសម្រេចបញ្ឈប់តំណែងលោកស្រី ឃុំ ស្រីណេត ជាមេភូមិស្វាយជួរ។

លោក អៀង ឌុល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ការប្រជុំសម្រេចបញ្ឈប់តំណែងលោកស្រីមេភូមិស្វាយជួរ មានសមាជិកសមាជិកាក្រុមប្រឹក្សាឃុំកោះខែលចំនួន៨ រូបក្នុងចំណោមសមាជិកក្រុមប្រឹក្សាចំនួន ៩រូប បានកោះប្រជុំបោះឆ្នោតដោយសម្ងាត់ ដើម្បីរក្សាទុក ឬបញ្ឈប់លែងឲ្យធ្វើជាមេភូមិស្វាយជួរបន្តទៀត។

លោកមេឃុំបានឲ្យដឹងបន្តទៀតថា ការប្រជុំក្រុមប្រឹក្សាបោះឆ្នោតជាសម្ងាត់នោះ មានសមាជិកក្រុមប្រឹក្សាចំនួន៧រូប បានបោះឆ្នោតសម្រេចឲ្យបញ្ឈប់តំណែងលោកស្រីមេភូមិរូបនេះ។ ចំណែកសមាជិកក្រុមប្រឹក្សាមួយរូបទៀត បានបោះឆ្នោតឲ្យរក្សាទុកឲ្យនៅជាមេភូមិដដែល។

តាមរយៈការបោះឆ្នោតនេះ ត្រូវបានលោកមេឃុំពន្យល់ថា ដោយសារលោកស្រីមេភូមិ បានប្រព្រឹត្តកំហុសឆ្គងជាច្រើនករណី ប៉ុន្តែលោកសម្រេចយកតែ ៣ករណីមកបង្ហាញ ដើម្បីប្រជុំក្រុមប្រឹក្សាឃុំវាយតម្លៃទៅលើសកម្មភាពរបស់លោកស្រីមេភូមិស្វាយជួររូបនេះរួមមាន៖

*ករណីទី១៖ ជាករណីក្លែងឯកសារយកដីប្រជាពលរដ្ឋម្នាក់ ធ្វើជាដីកម្មសិទ្ធិរបស់បងប្អូនសាច់ញាតិខ្លួនទាំងបានចុះហត្ថលេខាដោយខ្លួនឯងផ្ទាល់ ដាក់ឲ្យឃុំចុះហត្ថលេខាលើដីនោះ ហើយបន្តយកដីនោះទៅដាក់បញ្ចាំធនាគារប្រើឈ្មោះប្អូនបង្កើត និងបងថ្លៃ តែបិទរូបថតខ្លួនឯង និងប្តីរបស់ខ្លួន។
*ករណីទី២៖ ករណីប្រជាពលរដ្ខមិនពេញចិត្តលោកស្រី ពាក់ព័ន្ធកឹបកេងលុយសប្បុរសជនធ្វើផ្លូវក្នុងមូលដ្ឋាន
*ករណីទី៣៖ ការគំរាមកំហែងចាប់ប្រជាពលរដ្ឋដាក់គុក ក្នុងករណីឡាយរិះគន់ការអសកម្មរបស់មេភូមិ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានលើកឡើង ពីអំពើដែលមេភូមិធ្វើបាបប្រជាពលរដ្ឋ និងយកដីរបស់គាត់។

ប្រជាពលរដ្ឋម្នាក់រស់នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ដែលគេតែងតែហៅថា លោកយាយ សណ្តែកបណ្តុះ បានថ្លែងថា ដីរបស់លោកយាយស្ថិតនៅក្នុងភូមិស្វាយជួរ ត្រូវបានលោកស្រីមេភូមិ ឃុំ ស្រីណេត ធ្វើប្លង់យកទៅដាក់នៅធនាគារ ដោយថ្ងៃមួយនោះបុគ្គលិករបស់ធនាគារ បានចុះទៅពិនិត្យរកមើលទីតាំងដីនោះ ហើយត្រឡប់មកដល់ភូមិសួរប្រជាពលរដ្ឋថា តើដីរបស់លោកស្រីមេភូមិ ឃុំ ស្រីណេត នៅត្រង់ណា? ហើយប្រជាពលរដ្ឋ ក៏បានប្រាប់ទៅកាន់បុគ្គលិករបស់ធនាគារវិញថា លោកស្រីមេភូមិ ឃុំ ស្រីណេត អត់មានដីទេ មានដីតែបន្តិចបន្តួច ហើយបានលក់ទៅឲ្យលោកយាយសណ្តែកបណ្តុះយូរហើយ។ បុគ្គលិកធនាគារក៏បានមកសួរលោកយាយពាក់ព័ន្ធនឹងបញ្ហាដីនោះ លោកយាយក៏បានឆ្លើយប្រាប់ទៅកាន់បុគ្គលិកធនាគារវិញថា លោកស្រីមេភូមិ ឃុំ ស្រីណេត អត់មានដីទេ មានតែបន្តិចបន្តួចហើយក៏បានលក់ទៅឲ្យលោកយាយយូរហើយ។

លោកយាយបានបន្តថា មិនតែប៉ុណ្ណោះទេ លោកស្រីមេភូមិ ឃុំ ស្រីណេត បានយកដីរបស់លោកយាយទៅធ្វើប្លង់ម្តងទៀត ហើយប្អូនរបស់លោកយាយបាន ទៅឆែកនៅសាលាឃុំយកប្លង់នោះ មកឲ្យលោកយាយ ថ្ងៃដែលលោកយាយចេញទៅលេងនៅក្រៅប្រទេស ចំថ្ងៃដែលមន្ត្រីសូរិយោដីរបស់ចុះទៅវាស់វែងធ្វើប្លង់លោកយាយមិនបាននៅ ក៏ផ្តាំប្អូន និងប្រាប់ពីទំហំដីទៅកាន់មន្ត្រីសុរិយោដី វាស់វែង តែពេលដែលមន្ត្រីកំពុងចុះវាស់វែងធ្វើប្លង់ជូនលោកយាយ លោកស្រី ឃុំ ស្រីណេត អត់ហ៊ានទៅជំទាស់នោះទេ។

លោកយាយបាននិយាយថា បើសិនជាហ៊ានមកជំទាស់ លោកយាយដាក់ពាក្យពាក្យបណ្តឹងហើយ មិនឲ្យលោកស្រីមេភូមិ យកដីរបស់លោកយាយនោះទេ បច្ចុប្បន្នដីរបស់លោកយាយ ត្រូវបានធ្វើប្លង់រឹងកាន់កាប់រួចរាល់ហើយដែរ៕