(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញក្តីព្រួយបារម្ភ ចំពោះគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗ ដែលតម្រូវឱ្យកម្លាំងរាជអាវុធហត្ថសហការជាមួយកម្លាំងជំនាញនានា បង្ក្រាប និងទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់។
ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា បានធ្វើឡើងនារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធការងារអាវុធហត្ថ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅបន្ដ ឆ្នាំ២០២០ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «បញ្ហាដែលគ្រោះថ្នាក់ជាងគេបំផុត យើងទាំងអស់គ្នាត្រូវតែចាំឱ្យច្បាស់រឿងគ្រឿងញៀននេះ វាគ្រោះថ្នាក់ណាស់ វាចូលវាជ្រាបទៅតាមតំបន់ តាមទីកន្លែងជាពិសេសភាពភ្លើតភ្លឺននៃចំនួនមនុស្សមួយចំនួន ហើយវាទាក់ទាញគ្នា ទៅជាក្រុមទៅជាខ្សែរយៈ ហើយអ្នកទាំងនេះប្រសិនណាញៀន ឬសេពគ្រឿងញៀនរួចហើយ គឺងាយស្រួលឱ្យមជ្ឈដ្ឋានអាក្រក់មួយចំនួនទាក់ទាញ ប្រើប្រាស់»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកបញ្ហាគ្រឿងញៀនសង្គមបច្ចុប្បន្ន គឺជារឿងសំខាន់ណាស់ ពិតណាស់កងរាជអាវុធហត្ថ មានកម្លាំងជំនាញរបស់ខ្លួន សម្រាប់បំពេញភារកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ក៏ប៉ុន្តែកម្លាំងជំនាញទាំងនេះ ក៏ត្រូវចូលរួមសហការ ជាមួយកម្លាំងសមត្ថកិច្ចជំនាញនានា ត្រូវធ្វើយ៉ាងណាទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលកំពុងតែកើតមាននៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត។
«បញ្ហាគ្រឿងញៀននេះ វាអាចនៅក្បែរយើង ហើយអាចមានកន្លែងខ្លះនៅជាមួយយើងបន្ថែមទៀត នេះជារឿងគ្រោះថ្នាក់ បញ្ហាមួយចំនួនវាមានហើយ ក៏ប៉ុន្តែយើងបានបំពេញការងារតាមការទំនុកទុកចិត្តពីរាជរដ្ឋាភិបាលធ្វើការជាក់ស្តែងដូចជារឿងព្រៃឈើ ដោយបានទប់ស្កាត់បានមួយជំហានធំទៅហើយ។ នេះជាការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់។
រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានបន្ថែមទៀតថា បទល្មើសគ្រឿងញៀន គឺក្រុមឧក្រិដ្ឋជនបានប្រើប្រាស់គ្រប់ល្បិចកល ដើម្បីចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា តម្រូវឱ្យកម្លាំងជំនាញទាំងអស់ ខិតខំប្រឹងប្រែង ជាពិសេសមិនត្រូវធ្វេសប្រហែស ចំពោះបទល្មើសគ្រឿងញៀន ជាដាច់ខាត ទាំងសមត្ថភាព បញ្ញាស្មារតី ចំណេះជំនាញ និងទឹកចិត្តស្នេហាជាតិ មាតុភូមិ ប្រជាជន។
ទន្ទឹមនឹងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «សភាពការណ៍នៅក្នុងប្រទេសកម្ពុជា ក៏នៅសេសសល់គួរឱ្យចាប់អារម្មណ៍រួមមាន៖ ការកាប់ព្រៃឈើ ការដឹកឈើនាំចេញខុសច្បាប់ គ្រឿងញៀន ការចាប់សត្វព្រៃ ការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់ទន្ទ្រានយកដីរដ្ឋ ការរុករករ៉ែខុសច្បាប់ ការប្រព្រឹត្តល្បែងស៊ីសង ការប្រមូលផ្តុំកម្លាំងតវ៉ាខុសច្បាប់ គ្រោះមហន្តរាយ គ្រោះថ្នាក់ចរាចរណ៍ អគ្គិភ័យ និងករណីផ្សេងៗទៀត»។
បើតាមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ការប្រើប្រាស់គ្រឿងញៀន បានរាលដាលពីទីក្រុង រហូតដល់ជនបទ ការបាត់បង់ជីវិត និងទ្រព្យសម្បត្តិ ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ក៏នៅតែមានចំនួនច្រើន ឃាតកម្មអាណាមិក ជាង២០០ករណី ដែលមិនទាន់រកឃើញ អត្តសញ្ញាណរបស់ឧក្រិដ្ឋជន ដើម្បីធ្វើការបង្ក្រាបនៅឡើយ ការជួញដូរមនុស្ស ការកាប់បំផ្លាញព្រៃឈើ ការចាប់សម្លាប់សត្វព្រៃ ការជីកគាស់កកាយរ៉ែ អំពើរត់ពន្ធ និងគេចវេសពន្ធ ទំនាស់ដីធ្លី នៅតែជាបញ្ហាស្មុគស្មាញ ដែលគប្បីត្រូវតែយកចិត្តទុកដាក់ រិះរកនូវវិធានការស័ក្តិសិទ្ធបន្ថែមទៀត ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនោះ។
នាយឧត្តមសេនីយ៍ បានបន្តថា បទល្មើសឆក់នៅតំបន់ដែលមានភ្ញៀវទេសចរណ៍ ប្លន់ប្រដាប់អាវុធ ចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ការប្រើប្រាស់អាវុធ និងការធ្វើអាជីវកម្មខុសច្បាប់ ដោយការបង្កើតក្លឹបបាញ់កាំភ្លើង និងការប្រើប្រាស់កម្លាំងយោធិនដោយបំពាក់អាវុធការពារ បុគ្គលដែលមានឥទ្ធិពលទ្រព្យសម្បត្តិ និងក្រុមហ៊ុន។ ដោយឡែក ក្នុងកងទ័ព ប្រើប្រាស់មធ្យោបាយជារថយន្តដែលពាក់ស្លាកលេខ កងយោធពលខេមរភូមិន្ទ ធ្វើសកម្មភាពដឹកជញ្ជូនទំនិញ ដឹកដីបម្រើឱ្យក្រុមហ៊ុនឯកជន ឬយកទៅធ្វើអាជីវកម្មដោយជួលទៅ ឱ្យជនបរទេសថែមទៀតផង ការចេញលិខិតបេសកកម្ម ដោយភ្ជាប់ទៅជាមួយនូវអាវុធរបស់អង្គភាពមួយចំនួន ដែលវាមិនចាំបាច់ ដែលប្រការនេះ បានជៈឥទ្ធិពលទៅលើកិត្តិយស សេចក្តីថ្លៃថ្នូ ជំនឿរបស់មហាជន និងប្រជាជនមកលើកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ពិនិត្យជារួម នៅឆ្នាំ២០១៩ កងរាជអាវុធហត្ថ បានសម្រេចនូវតួនាទី ភារកិច្ចស្នូល រួមចំណែក រក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពនយោបាយ។ បណ្ដាបទល្មើស ជាពិសេសបទល្មើសដែលមានចរិតរសើបត្រូវបានបង្រ្កាប និងស្រាវជ្រាវបង្រ្កាប ជាក់ស្ដែង ឆ្នាំ២០១៩នេះ កងរាជអាវុធហត្ថ បង្រ្កាបបានចំនួន ២.៣៩៨លើក ឃាត់ខ្លួនជនសង្ស័យបញ្ជួន ទៅតុលាកាចំនួន ៣.៣៦៦នាក់។ ក្រៅពីតួនាទី ភារកិច្ចស្នូលកងរាជអាវុធហត្ថបានបញ្ជូនកម្លាំង មធ្យោបាយគាំទ្រ ក្រសួង ស្ថាប័ន ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ សហការជាមួយអង្គការអភិរក្សនានា ដើម្បីធ្វើការទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើស ដែលទាក់ទងនឹងការបំផ្លិចបំផ្លាញធនធានធម្មជាតិ មានជាអាទិ៍ដូចជា៖ ព្រៃឈើ សត្វព្រៃ រ៉ែ ការរត់គេចពន្ធ និងការគេចវេសមិនបង់ពន្ធជាដើម។ល។ និង៕