(កោះកុង)៖ លោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានក្រើនរំលឹកមន្ត្រីនគរបាលយុត្តិធម៌ និងមន្ទីរជំនាញទាំងអស់ ត្រូវចុះប្រតិបត្តិការងារ របស់ខ្លួនប្រកបទៅដោយ ក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងការកេងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងប្រើប្រាស់អំពើពុករលួយ។
ការក្រើនរំលឹកបែបនេះរបស់លោក រស់ សារាំ បានធ្វើឡើងនារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំរវាងអង្គភាព ក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ ដល់អង្គភាពនគរបាលយុត្តិធម៌ និងមន្ទីរជំនាញដោយមានការចូលរួមក្រោមវត្តមាន លោក មីន មករា និងមន្ត្រីក្រោមឱវាទ និងមានការចូលរួមគ្រប់មន្ទីរ គ្រប់ស្ថាប័ន និងបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាដំបូង ខេត្តកោះកុង។
លោក រស់ សារាំ បានថ្លែងថា ដោយអនុលោមតាមការណែនាំរបស់ក្រសួងយុត្តិធម៌ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ដែលតម្រូវឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូង រៀបចំកិច្ចប្រជុំនគរបាលយុត្តិធម៌ក្នុងដែន សមត្ថកិច្ចសាលាដំបូងនីមួយៗ របស់ខ្លួនឱ្យបានយ៉ាងតិច៣ដង ក្នុងមួយឆ្នាំ។
លោកបានថ្លែងបន្តថា ការប្រជុំនេះ គឺមិនមែនជាវេទិកាបន្តុះបង្អាប់ជជែកវែកញែកចាប់កំហុស ឬទំលាក់កំហុសទៅអ្នកណាម្នាក់នោះទេ ការប្រជុំនេះ គឺធ្វើឡើងក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍ ដើម្បីឆ្លើយតបដោះស្រាយការលំបាកបញ្ហាផ្សេងៗបំភ្លឺមកៗ ដើម្បីបំពេញចន្លោះប្រហោង ដែលកើតមានឡើង ក្នុងការបំពេញការងារជាមន្ត្រីនគរបាលយុត្តិធម៌ ជាមួយស្ថាប័នតុលាការ ដើម្បីរកដំណោះស្រាយសំដៅធ្វើយ៉ាងណាឱ្យមន្ត្រី នគរបាលយុត្តិធម៌ និងស្ថាប័នតុលាការសហការអនុវត្តនីតិវិធីព្រហ្មទណ្ឌឱ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់បំផុត។
ក្នុងកិច្ចប្រជុំនេះ លោកស្នើសូមឱ្យអ្នកចូលរួម លើកឱ្យបានច្រើននូវបញ្ហាដែលបានជួបប្រទះ ក្នុងអំឡុងពេលអនុវត្ត ដើម្បីរួមមតិគ្នាចូលរួមដោះស្រាយទាំងអស់គ្នា ដើម្បីរកដំណោះស្រាយអនុវត្តទៅតាមនីតិវិធីច្បាប់។
លោកបានបញ្ជាក់ថា ការបើកិច្ចប្រជុំថ្ងៃនេះ ក្នុងគោលបំណង៣សំខាន់ៗរួមមាន៖
*១៖ ដើម្បីអនុវត្តឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងយុត្តិធម៌ និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ក្នុងការជួយដោះស្រាយ បញ្ហាប្រឈមនានា រវាងអង្គភាពនគរបាលយុត្តិធម៌ និងអង្គភាពដែលពាក់ព័ន្ធ រួមទាំងស្ថាប័នតុលាការផងដែរ។
*ទី២៖ ដើម្បីពង្រឹងទំនាក់ទំនងការងារសាមគ្គីភាព សំដៅបង្កើតប្រសិទ្ធភាពផលិតភាព និងស័ក្កសិទ្ធិភាព នៃការអនុវត្តតួនាទីភារកិច្ច រវាងអង្គភាពនគរបាលយុត្តិធម៌ និងស្ថាប័នតុលាការ។
*ទី៣៖ ដើម្បីស្វែងយល់ពីគោលការណ៍ព្រហ្មទណ្ឌសំខាន់ៗ ក្នុងការអនុវត្តមុខងារនគរបាលព្រះធម៌ តាមច្បាប់កម្ពុជា ដូចជា៖ ចំណាត់ការពាក្យ បណ្ដឹងព្រហ្មទណ្ឌ ការស្រាវជ្រាវរកភស្តុតាង និងកំណត់ហេតុរបស់នគរបាលយុត្តិធម៌ជាអាទិ៍ ដែលនឹងត្រូវយកមកពិភាក្សាគ្នាលម្អិត ក្នុងកិច្ចប្រជុំនេះ៕