(កំពង់ធំ)៖ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បានទៅប្រគល់ផ្ទះខ្នងទី១៣៩ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្ដល់ជូនលោកព្រឹន្ទបាលឯក អោម ហាក់ អាយុ៥២ឆ្នំា អតីតយុទ្ធជនពិការ រស់នៅភូមិរកាជួរ ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកព្រឹន្ទបាលឯក អោម ហាក់ ចូលបម្រើក្នុងជួរកងនៅឆ្នាំ១៩៨៤ នៅអតីតអង្គភាពវរសេនាតូចលេខ៣៦ ហើយត្រូវរបួសពិការជើង ដោយសារជាន់មីន នៅសមរភូមិ ភូមិនីពេជ ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅដើមឆ្នាំ១៩៩៣។ លោកព្រឹន្ទបាលឯក អោម ហាក់ ជាបុរសនៅលីវ មិនមានភរិយាឡើយ បច្ចុប្បន្នរស់នៅជាមួយប្អូនស្រី និងក្មួយៗ (មុនពិការគាត់មានសង្សារ ត្រៀមជាគូរដណ្ដឹងដែរ តែក្រោយពេលធ្លាក់ខ្លួនពិការ សង្សារគាត់បានបដិសេធរៀបការជាមួយ)។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមថា ខ្នងផ្ទះទី១៣៩នេះ សាងសង់ពីឈើខ្ពស់ផុតពីដីជណ្ដើរកាច់ ជញ្ជាំង និងរនាបក្រាលក្តារ ដំបូលប្រក់ស័ង្កសី ដែលមានទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ សាងសង់ឡើង ដោយគណកម្មាធិការសមាគមអតីតយុទ្ធជនស្រុកសណ្តាន់ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ តាមបទបញ្ជារបស់ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
ក្នុងពីធីប្រគល់ផ្ទះថ្មីនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានពាំនាំនូវអំណោយរបស់លោកឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភជូនគាត់បន្ថែមទៀត មានអង្ករចំនួន១០០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវចំនូន២យួរ និងថវិកាចំនួន៤២០,០០០រៀល។
គ្រួសារអតីតយុទ្ធជន ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី សូមគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលសម្តេចតែងតែ យកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់ជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ឋជនយើង៕