(ភ្នំពេញ)៖ ដោយមើលឃើញពីសារសំខាន់ នៃការបង្កើតសហគមន៍ និងការធ្វើកិច្ចសន្យាកសិកម្ម ខណៈការផលិតហើយប្រឈមទៅនឹងខ្វះទីផ្សារ និងតម្លៃបន្លែធ្លាក់ចុះ ដែលតែងតែកើតឡើងជារឿយៗនោះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែសំណូមពរយ៉ាងទទូច ដល់បងប្អូនប្រជាកសិករ ពិសេសអ្នកដាំបន្លែ សូមរៀបចំចងក្រងគ្នាជាសហគមន៍មួយ ដើម្បីងាយរកទីផ្សារ តាមរយៈការកសិកម្មតាមកិច្ចសន្យាជាមួយអ្នកទទួលទិញ ការពារបានការធ្លាក់ចុះតម្លៃ។
ការលើកសំណូមពរ របស់លោករដ្ឋមន្ត្រីកសិកម្ម យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ មានការត្អូញត្អែររបស់កសិករមួយចំនួន នៅខេត្តបាត់ដំបង និងខេត្តដទៃទៀត ដែលដាំបន្លែ ហើយខ្វះទីផ្សារលក់ និងតម្លៃក៏បានធ្លាក់ចុះទៅតាមមាត់ឈ្មួញ។
មានសារៈសំខាន់ៗជាច្រើន ដែលនាំឲ្យមានការជំរុញឲ្យប្រជាកសិករចងក្រង ជាសហគមន៍ដោយសារតែ៖
ទី១៖ នៅពេលប្រជាពលរដ្ឋ បានចងក្រងជាបណ្តុំសហគមន៍កសិកម្មបានត្រឹមត្រូវ នឹងងាយស្រួលក្នុងការចាត់ចែងដាំក្នុងការដាំដុះ ហើយផ្គត់ផ្គង់ផលិតផលមានលក្ខណៈថេរ ទៅតាមតម្រូវការទីផ្សារ តាមរយៈការដាំដុះបណ្តាក់គ្នា និងមានច្រើនប្រភេទមុខដំណាំ។
ទី២៖ ការបង្កើតបណ្តុំសហគមន៍មានលក្ខណៈងាយស្រួលក្នុងការចរចា និងធ្វើកិច្ចសន្យាកិសកម្មជាមួយអ្នកប្រមូលទិញ ដោយសារតែកសិករធានាបាននូវបរិមាណបន្លែ ប្រភេទបន្លែ ស្របតាមតម្រូវការដែលគេចង់បាន ដែលជាហេតុធ្វើឲ្យកសិករមានស្ថិរភាពថ្លៃ និងទទួលបានប្រាក់ចំណូលសមស្រប។
ទី៣៖ ការចងក្រងជាបណ្តុំសហគមន៍កសិករ ងាយស្រួលទទួលបានបច្ចេកទេសពីក្រសួង/មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការធ្វើទំនើបកម្មកសិកម្ម ការបណ្តុះបណ្តាលបច្ចេកទេសដាំដុះ ប្រើប្រាស់ជី ថ្នាំកសិកកម្មជាដើម ឲ្យស្របទៅតាមសេចក្តីត្រូវការទីផ្សារ ហើយអាចនឹងមានការឧបត្ថម្ភពូជជាដើម។
៤៖ ការរួមគ្នាបង្កើតជាសហគមន៍កសិកម្ម ងាយស្រួលទទួលបាននូវកម្ចីឥណទាន ដើម្បីប្រើប្រាស់ជាទុនសម្រាប់ប្រកបរបរ ដែលនេះជាចំណុចសំខាន់ផងដែរ សម្រាប់ប្រជាកសិករ។
លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងថា «ក្រសួងកសិកម្មបាននិងកំពុងខិតខំប្រឹងប្រែងណាស់ ទៅដល់ការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដែលរហូតមកទល់ពេលនេះ មានសហគមន៍ចំនូន ១១៩០ ត្រូវបានបង្កើតឡើង ដើម្បីងាយស្រួលដល់ក្រសួងក្នុងការធ្វើនវានុវត្តន៍កសិកម្ម នឹងការធ្វើទំនើបកម្មកិកម្ម ប្រកបដោយប្រគួតប្រជែង បរិយាប័ន្ន និងនិរន្តរភាព ដើម្បីប្រជាជនជនទទួលបានវិបុលភាព និងសុខមាលភាព»។
យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រី បានបញ្ជាក់ពីផលវិបាកនៃការទទួលបានជំនួយថវិកា នៅមានកម្រិតដែលនាំឲ្យការជួយដល់កសិករ ពីក្រសួងកសិកម្មមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ។
លោកបញ្ជាក់ថា «សព្វថ្ងៃនេះសម្រាប់ជំនួយឧបត្ថម្ភពីដៃគូអភិវឌ្ឍន៍ និងធនធានជាតិបានផ្តល់ជូន ក្រសួងកសិកម្មនៅមានកម្រិត ដែល អាចជួយជ្រោមជ្រែងដល់កសិករតែ១/៤តែប៉ុណ្ណោះ ក្នុងចំណោមកសិករជាង៤លាននាក់ យើងជួយកសិករបានតែ១លាននាក់ទេ នៅមានកសិករជាង៣លាននាក់ ដែលក្រសួងមិនបានជួយដល់គាត់ដោយសារខ្វះ លទ្ធភាពនៃការទ្រទ្រង់ថវិកា រួមទាំងកម្លាំងបច្ចេកទេសផងដែរ ដូច្នេះចង់មិនចង់តែងកើតរឿងបញ្ហាតម្លៃនេះ ពិសេសកសិករដែលនៅក្រៅសហគមន៍»៕