(ភ្នំពេញ)៖ នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធការងារអាវុធហត្ថ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅបន្ដ ឆ្នាំ២០២០ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តល់នូវអនុសាសន៍៩ចំណុច ជូនដល់ជូនដល់កងរាជអាវុធហត្ថ ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
អនុសាសន៍ចំនួន៩ របស់សម្តេចពិជ័យសេនា ទៀ បាញ់ រួមមានដូចខាងក្រោម៖
ទី១៖ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋានគ្រប់ជាន់ថ្នាក់ បន្តចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដែលយើងបានខិតខំប្រឹងប្រេងរកបានដោយលំបាកបំផុតនេះ មិនអនុញ្ញាតឱ្យក្រុមប្រឆាំងជ្រុលនិយមដែលក្បត់ជាតិនឹងផលប្រយោជន៍ជាតិ និងប្រជាជន ឬមជ្ឈដ្ឋានអគតិនៅខាងក្រៅមកបំផ្លាញវិញបានឡើយ ទោះបីត្រូវបង់ក្នុងតម្លៃណាក៏ដោយ។ ខិតខំជំរុញការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ សេរីភាព សិទ្ធិមនុស្ស និងនិតិរដ្ឋ ដើម្បីសម្រេចបាននូវស្ថិរភាពទីមីក្រូសេដ្ឋកិច្ច ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ ដែលជាបុរេលក្ខខណ្ឌ និងធាតុដ៏សំខាន់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។
ទី២៖ ត្រូវបន្តយកចិត្តទុកដាក់ធ្វើការកែទម្រង់ ឱ្យកាន់តែស៊ីជម្រៅថែមទៀត ទាំងរចនាសម្ព័ន្ធ តួនាទី ភារកិច្ច ការអភិវឌ្ឍធនធានមនុស្ស តាមរយៈពង្រឹងសមត្ថភាព លើកកម្ពស់គុណភាពការងារ ប្រកបដោយភាពទទួលខុសត្រូវដែលជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់កងរាជអាវុធហត្ថ ឱ្យមានប្រសិទ្ធភាព។
ទី៣៖ ត្រូវបន្តខិតខំបង្កើនប្រសិទ្ធភាព និងគុណភាពនៃសេវាសាធារណៈ ព្រោះវាជាបេសកកម្មដ៏ធំចម្បងក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន។ ត្រូវប្រែក្លាយកងរាជអាវុធហត្ថ ឱ្យទៅជាកម្លាំងដែលផ្តល់សេវា ដ៏មានប្រសិទ្ធភាព សំដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដោយមានទឹកចិត្តមោះមុត មានភក្តីភាព ធ្វើជាអ្នកផ្តល់សេវាគួរឱ្យគោរព និងមានសីលធម៌វិជ្ជាជីវៈ។
ទី៤៖ ត្រូវពង្រឹងការងារកសាងគ្រប់គ្រងកម្លាំងមានប្រសិទ្ធភាព ក្នុងនោះត្រូវបំបាត់ចោលអ្នកដែលមិនគោរពបទបញ្ជា ជំនាញវិជ្ជាជីវៈ ដើម្បើធានា បម្រើការងារ តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ឬក្រសួងការពារជាតិ។
ទី៥៖ ត្រូវធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំនយោបាយ សតិអារម្មណ៍ដល់នាយទាហាន ពលទាហានកងរាជអាវុធហត្ថ នៅទូទាំងប្រទេស។ ត្រូវធ្វើការហ្វឹកហ្វឺន រំលឹកមេរៀន ពង្រឹងបរិមាណកម្លាំង ធ្វើការបណ្តុះបណ្តាលជំនាញ ដល់នាយ និងពលអាវុធហត្ថទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់សមត្ថភាព សម្រាប់ចូលរួមបំពេញការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបំពេញបេសកកម្ម ជាលក្ខណៈអន្តរជាតិ ប្រកបដោយវិជ្ជាជីវៈ។
ទី៦៖ ត្រូវខិតខំថែរក្សាសំណង់ដែលមានស្រាប់ និងបន្តសាងសង់អគារសេនាធិការដ្ឋាន ដែលកំពុងសាងសង់តាមខេត្ត មិនទាន់បានសាងសង់ និងជំរុញការសាងសង់ទីលានបាញ់គ្រាប់ពិតរបស់កងយោធពលខមរភូមិន្ទ ឱ្យរួចរាល់ទាន់ពេលវេណ សម្រាប់ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាអាស៊ាន នាពេលខាងមុខ។
ទី៧៖ បន្តកម្លាំងជឿធ្វើជាស្នូលក្នុងការប្រតិបត្តិការថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចូលរួមសហការជាមួយក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបរាល់បទល្មើសនានា និងចូលរួមការងារមនុស្សធម៌ កិច្ចការសង្គម និងសង្គ្រោះគ្រោះមហន្តរាយ។
ទី៨៖ ត្រូវពង្រឹងយន្តការត្រួតពិនិត្យឱ្យមានប្រសិទ្ធភាព តាមតួនាទីភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូនឱ្យសមជាកម្លាំងសមត្ថកិច្ចស្របច្បាប់ ដែលមានគុណសម្បត្តិច្រើន។ ត្រូវគ្រប់គ្រងការងាររដ្ឋបាលសាធារណៈ និងចាត់វិធានការច្បាប់ឱ្យបានម៉ត់ចត់ ការពារមិនឱ្យមានអំពើពុករលួយ ឬការរំលោភអំណាចពីសំណាក់អាជ្ញាធរសាធារណៈទៅលើប្រជាពលរដ្ឋ។
ទី៩៖ ចូលរួមចងក្រងច្បាប់ និងលិខិតបទដ្ឋាននានា ព្រោះអាវុធហត្ថជាអ្នកបម្រើផ្ទាល់ជាមួយប្រជាជន ទទួលបានភាពជាក់ស្តែង នៃជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជន និងបំណងប្រាថ្នារបស់ប្រជាជន៕