(ពោធិ៍សាត់)៖ ជាការឆ្លើយតបទៅនឹងសំណូមពររបស់មេភូមិ និងមេឃុំ ក៏ដូចជាប្រជាពលរដ្ឋ, លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំមន្ទីរជំនាញ ចុះពិនិត្យស្ថានភាពការផ្តល់ទឹក បម្រើដល់ការងារបង្កបង្កើនផល ស្រូវប្រាំង នៅតាមប្រព័ន្ធធារាស្ត្រមួយចំនួន ត្រង់ចំណុចទ្វាទឹកទី៩ ក្នុងឃុំរំលេច រហូតដល់ចំណុចបឹងកន្សែង ក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ពិតជាមានភ័ព្វសំណាងណាស់ ដែលសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ទំនប់ធារាសាស្ត្រខ្នាតយក្ស២កន្លែង ដែលអាចស្តុកទឹកបានរហូតទៅដល់ជាង៥០លានម៉ែត្រគូប រួមនឹងប្រឡាយមេចាក់ប៉េតុង ដែលមានចម្ងាយ២១គីឡូម៉ែត្រ និងប្រឡាយក្អែមមួយចំនួនទៀត។ លោកបានបន្ថែមថា រាល់ការបើកឬបិទទ្វារទឹក សូមបងប្អូនស្តាប់ការណែនាំរបស់មន្ទីរជំនាញ ដើម្បីបែងចែកទឹកទាំងអស់នោះឲ្យចំគោលដៅ ចូលតាមប្រឡាយមេប្រឡាយរង និងប្រឡាយក្អែមមួយចំនួន។

លោកបានបន្ថែមទៀតថា សម្រាប់ស្រូវប្រាំងឆ្នាំនេះ ផែនការទូទាំងខេត្ត មានចំនួន ៩,៥០០ហិកតា តែជាក់ស្តែងប្រជាកសិករធ្វើរហូតដល់ទៅ ២៥,៦៨៨ហិកតា ស្នើនឹង២៧០%។ ដោយឡែកនិយាយរួមនឹងនិយាយដោយឡែក សម្រាប់ស្រុកបាកានផ្ទាល់ ផែនការស្រូវប្រាំង មានចំនួន ៤,៥០០ហិកតា តែជាក់ស្តែងប្រជាកសិករធ្វើរហូតដល់ទៅ ១៩,០០០ហិកតាឯណោះ។ ទោះជាយ៉ាងនេះក្តី ដោយមានតម្រូវការចាំបាច់ និងដោយបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានចាត់ឲ្យក្រសួងសាមី ក៏ដូចជាមន្ទីរធនធានទឹក បញ្ជាបើកទឹកពីទំនប់ទី៣ និងទី៥ ប្រមាណ២០% ទម្លាក់ជូនបងប្អូនប្រជាកសិករ ដើម្បីបង្កើនលំហូរទឹកឲ្យបានច្រើន ទប់ទល់នឹងម៉ាស៊ីនបូមទឹក ដែលចូលរួមយ៉ាងសស្រាក់សស្រាំដោយប្រជាកសិករ សម្រាប់ស្រោចស្រពស្រូវប្រាំង ដែលកំពុងតែព្រួយបារម្ភ។

លោកបានរំលឹកផងដែរថា សម្រាប់ឆ្នាំបន្តបន្ទាប់ សូមបងប្អូនប្រជាកសិករ ស្តាប់ការប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកជាមុនសិន ចៀសវាងការធ្វើស្រូវប្រាំងដោយផ្សងព្រេង មានខ្វះខាតទឹកយ៉ាងដូច្នេះឯង។ លោកក៏បានផ្ដាំផ្ញើដល់ប្រជាកសិករ ធ្វើការពិភាក្សាជាមួយរោងម៉ាស៊ីនកិនស្រូវ ឬភ្នាក់ងារកសិកម្ម ដែលចុះជាប់ជាប្រចាំ ត្រូវជ្រើសរើសពូជស្រូវណា ដែលជាតម្រូវការទីផ្សារ និងធានាតម្លៃនាំចេញ១០០%។

ជាមួយគ្នានោះ លោកក៏បានលើកឡើងពីគោលបំណង ចង់ជួបសំណេះសំណាល និងសម្រាកផ្ទាល់ ជាមួយបងប្អូនប្រជាកសិករពេញមួយយប់ នៅចំណុចបឹងកន្សែង ក្នុងឃុំអូរតាប៉ោង ដើម្បីចង់ដឹងពីសុខទុក្ខរបស់ពួកគាត់។

បងប្អូនប្រជាកសិករបានសម្តែងនូវការគោរពដឹងគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសសម្តេចបានផ្តល់ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង ជូនប្រជាពលរដ្ឋក្នុងស្រុកបាកាន។ ជាមួយគ្នានោះ ប្រជាកសិករក៏បានបង្ហាញអារម្មណ៍រីករាយ និងថ្លែងអំណរគុណចំពោះវត្តមាន លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដែលបានចុះមកដោយផ្ទាល់ ជួយអន្តរាគមន៍ដោះស្រាយ និងសម្របសម្រួល ប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមគ្នានេះ ការរីកចម្រើនប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្តពោធិ៍សាត់ខាងលើនេះ ក៏បានកើតឡើងក្រោមការខិត ខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោករដ្ឋមន្រ្តី លឹម គានហោ ដែលបានសាងសង់ប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែងនៅតាមខេត្ត មិនថាតែខេត្តពោធិ៍សាត់នោះឡើយដើម្បីនាំទឹកទៅស្រោចស្រពផ្ទៃដីរបស់កសិកររាប់ម៉ឺនហិកតា រហូតទទួលបានទិន្នផលដ៏ល្អនៅពេលរដូវច្រូតកាត់ម្តងៗ។

ក្រសួងធនធានទឹក ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងបន្តប្រឹងប្រែងខ្លាំងឡើង ដើម្បីពង្រីកប្រព័ន្ធធារាសាស្រ្តអោយបានច្រើនថែមទៀត សម្រាប់បំពេញតម្រូវការស្រោចស្រពស្រូវរបស់ប្រជាកសិករនៅទូទាំងប្រទេសកាន់តែមានប្រសិទ្ធភាព បើទោះបីពេលខ្លះកម្ពុជាជួបគ្រោះរាំងស្ងួតក៏ដោយនោះ។