(កែប)៖ ថ្លែងចេញពិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិអតីតយុទ្ធជន សម្រាប់មន្ត្រីរាជការស៊ីវិលចូលនិវត្តន៍ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា បេឡាជាតិអតីតយុទ្ធជន បានយកចិត្តទុកដាក់ បម្រើសេវារបបសន្តិសុខសង្គម ស្របតាមផែនការកំណត់។

លោក វង សូត បានបន្តថា ដោយមើលឃើញថា បេឡាជាតិអតីតយុទ្ធជន បានយកចិត្តទុកដាក់ក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរគួរជាទីមោទនៈជាពិសេស បេឡាជាតិអតីតយុទ្ធជន បានពង្រឹង និងអភិវឌ្ឍ ការបម្រើសេវា សម្រាប់ មន្រ្តីរាជការស៊ីវិល ដែលចូលនិវត្តន៍ ទទួលបាន លទ្ធផលប្រកបដោយប្រសិទ្ធភាពស្របតាមផែនការកំណត់។

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងបែបនេះ ខណៈលោក និងលោកស្រី បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិអតីតយុទ្ធជន សម្រាប់មន្ត្រីរាជការស៊ីវិលចូលនិវត្តន៍ ដោយមានការចូលរួមពីប្រតិភូអមដំណើរ ប្រធានមន្ទីរអនុប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងធនាគារកាណាឌីយ៉ា តំណាងធនាគារ អេស៊ីលីដា អង្គការសង្គមស៊ីវិល សរុបជិត ៣០០នាក់។

ជាមួយគ្នានោះ លោក វង សូត ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្តរបស់អស់លោកសមាជិក ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិក បេឡាជាតិអតីតយុទ្ធជន ទាំងអស់ ដែលបានបំពេញភារកិច្ច ទទួលបានលទ្ធផលល្អ ប្រសើរ តាមតួនាទី និងមុខងារក្នុងការបម្រើសេវាគាំពារសង្គមនិងសន្តិសុខសង្គម និងមានការចូលរួមសហការគាំទ្រពីក្រសួង ស្ថាប័ន ធនាគារ និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

នៅក្នុងឱកាសនោះ លោក វង សូត បានលើកឡើងថា ឆ្លងតាមរបាយការណ៍ នៃលទ្ធផលការងារឆ្នាំ២០១៩ ពិនិត្យឃើញថា បេឡាជាតិអតីតយុទ្ធជន បានខិតខំអនុវត្តតាមគោលការណ៍ ណែនាំរបស់ក្រសួងអាណាព្យាបាលទាំងពីរបានល្អប្រសើរ និងបានដោះស្រាយ បញ្ហាប្រឈមនានា បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនរួមមាន៖

១៖ ត្រូវបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងធានាគារដៃគូ ដើម្បីធានាដល់ការផ្តល់សេវា និងរៀបចំការដំឡើង ប្រាក់របបសន្តិសុខសង្គមជូនបងប្អូនអតីតយុទ្ធជននៅ ឆ្នាំ២០២០ ខាង
មុខនេះឱ្យបានទាន់ពេលវេលា។

២៖ ត្រូវពិនិត្យរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ដែល ចាំបាច់ សំដៅដោះស្រាយបញ្ហាខ្វះចន្លោះកន្លងមក។

៣៖ ត្រូវពិនិត្យ និងវាយតម្លៃលើស្ថានភាពនៃការគ្រប់គ្រងស្ថានភាព របស់ ប.ជ.អ. ក្រុង ស្រុក ខណ្ឌ ដើម្បីធានាលើការគ្រប់គ្រងទិន្នន័យ និងសេវាឱ្យបានល្អប្រសើរ។

៤៖ បេឡាជាតិអតីតយុទ្ធជន ត្រូវសហការជាមួយ ប.ស.ស ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពាក់ព័ន្ធ នឹងអត្ថប្រយោជន៍ នៃគោលរបបប័ណ្ណ បបស ប័ណ្ណមូ លនិធិសមធម៌សុខាភិបាល ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន

៥៖ ពង្រឹងការគ្រប់គ្រងទិន្នន័យ និងធ្វើបច្ចុប្បន្នភាពជូនអតីតយុទ្ធជននិងគ្រួសារ ឱ្យដល់លំនៅដ្ឋានរស់នៅផ្ទាល់ ដែលពួកគាត់មានជំងឺ ឬមានធុរៈផ្សេងៗតាមមូលដ្ឋានដាច់ស្រយាល។

៦៖ ត្រូវពង្រឹងយន្តការក្នុងការបើកផ្តល់ប្រាក់ របបធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយ លើកជូនគ្រួសារសពអតីតយុទ្ធជន ឱ្យបានឆាប់រហ័ស

ផ្តើមចេញពីអនុសាសន៍ខាងលើ លោក វង សូត ក៏បានស្នើឱ្យសមាជិក សមាជិកា នៃអង្គពិធីទាំងមូល ត្រូវលើកឡើង នូវបញ្ហាប្រឈម នានា និងទស្សនវិស័យវែងឆ្ងាយ ដើម្បីមានមូលដ្ឋានជាគន្លឹះក្នុងការដោះស្រាយ ក៏ដូចជាក្នុងទិសដៅ ជំរុញការងារបេឡាជាតិអតីតយុទ្ធជន បន្តធានានិរន្តភាព ក្នុងការផ្តល់សេវា ជូនដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

លោក កែន សត្ថា អភិបាលខេត្តកែប បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាព និង សណ្តាប់ធ្នាប់សាធារណៈល្អ មានការគោរពសិទ្ធិមនុស្ស និងមិនប្រកាន់និន្នាកានយោបាយ ពូជសាសន៍ ពណ៍សប្បុរ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិតេយ្យ។

លោកបានបន្តថា ចំពោះមុខសញ្ញាជនពិការ និវត្តជន គ្រួសារជនពលី ជនបាត់បង់សមត្ថភាពការងារ ដែលខេត្តកែបបានគ្រប់គ្រងសព្វថ្ងៃ៣០៩នាក់ អ្នកនៅក្នុងបន្ទុក៦០២នាក់៕