(សៀមរាប)៖ រដ្ឋបាលស្រុកបន្ទាយស្រី បានឯកភាពសហការគ្រប់ជ្រុងជ្រោយ ជាមួយក្រុមហ៊ុន ស៊ីថែល (South East Asia Telecom/ Seatel) ដើម្បីជួយឧត្ថម្ភគាំទ្របច្ចេកទេស និងថវិកា ដើម្បីអភិវឌ្ឍសាលាបឋមសិក្សាតាកុះ និងវិទ្យាល័យបន្ទាយស្រី ឲ្យក្លាយទៅជាសាលាគំរូថ្នាក់តំបន់ និងថ្នាក់ជាតិ ប្រចាំប្រទេស។ រដ្ឋបាលស្រុក ក៏បានសាកល្បងនៃយុទ្ធនាការ «ផ្ទះ១ អំពូល១» នៅក្នុងស្រុកបន្ទាយស្រី ដោយចាប់ផ្ដើមពីភូមិព្រះដាក់។

សម្រាប់ការចុះហត្ថលេខាកែប្រែសាលាគំរូនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាល័យបន្ទាយស្រី នាភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។ សម្រាប់គម្រោងសាកល្បងដាក់បំពាក់អំពូលសូឡាប្រើប្រាស់ ដោយពន្លឺព្រះអាទិត្យចំនួន៥១៨ឈុត នៅតាមផ្ទះទាំង៥១៨ខ្នង នៅក្នុងភូមិព្រះដាក់ទាំងមូល នាព្រឹកថ្ងៃទី២៦ ខែធ្នូនេះ។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី និងលោក Yao Yeujin នាយកប្រតិបត្តិ នៃក្រុមហ៊ុន ស៊ីថែល និងមានការចូលរួមពីអាជ្ញាធរដែនដី សប្បុរសជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង១ពាន់នាក់។

លោក Yao Yeujin បានលើកឡើងថា ការអប់រំនៅប្រទេសកម្ពុជា គឺមានការឈានមុខច្រើន ដូចជា មានសេរីភាព ក្នុងការគិតបានទូលំទូលាយ ការបញ្ចេញមតិ មានសេរីភាពក្នុងការទទួលបាននូវព័ត៌មាន ទាំងនេះជាកាលានុវត្តន៍ភាពដ៏ខ្ពស់មួយ។ ម្យ៉ាងទៀតការអប់រំនៅកម្ពុជា បានអនុញ្ញាតយ៉ាងទូលំទូលាយ នៅក្នុងវិស័យអប់រំ គឺមានវត្តមានពីលោកខាងលិច និងពីវប្បធម៌បរទេសផងដែរ។

ជាមួយគ្នានេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា លោក យឺហ្ស៊ី យ៉ាវ ពិតជាមានមហិច្ឆតា ចង់ជួយលើកកម្ពស់ប្រព័ន្ធអប់រំ នៅក្នុងប្រទេសកម្ពុជា ដូច្នេះចក្ខុវិស័យរបស់គាត់ គឺចាប់ផ្ដើមកែសាលាមួយកែឲ្យបានល្អ កែឲ្យបាលឥតខ្ចោះ ហើយលោកសង្ឃឹមថា សាលាមួយនេះ នឹងក្លាយទៅជាឧទាហរណ៍ដ៏ល្អ ដើម្បីឲ្យសាលាដ៏ទៃ សប្បុរសជនដ៏ទៃយកគំរូតាម។

លោកអភិបាលស្រុក បានគូសបញ្ជាក់ថា សាលាគំរូនេះ នឹងមិនមែនជាសាលាគំរូសម្រាប់តែស្រុកបន្ទាយស្រី ប៉ុណ្ណឹងទេ គឺវានឹងក្លាយជាសាលាគំរូ សម្រាប់ទូទាំងខេត្តសៀមរាប ហើយក៏ជាសាលាគំរូទូទាំងប្រទេសកម្ពុជាផងដែរ។ លោកសង្ឃឹមថា លោក យ៉ាវ នឹងដើរតួនាទីមួយ ដែលអាចផ្លាស់ប្ដូរ នូវផ្នត់គំនិតរបស់ប្រជាជនកម្ពុជា ចំពោះជនជាតិចិន។

សម្រាប់លិខិតផ្ដួចផ្ដើមនេះ មានសេចក្ដីថា រដ្ឋបាលស្រុកបន្ទាយស្រី នឹងផ្ដល់ការសហការសម្របសម្រួល ជាមួយសាលា និងក្រសួង ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីផ្ដល់ភាពងាយស្រួល និងត្រួសត្រាយផ្លូវដល់កិច្ចសហប្រតិបត្តិការខាងលើ អាចប្រព្រឹត្តទៅបានដោយប្រសិទ្ធិភាព។ ក្រុមហ៊ុន ស៊ីថែល នឹងធ្វើការស្វែស្វែងរក ជំនួយឧត្ថម្ភទាំងបច្ចេកទេស និងធនធានហិរញ្ញវត្ថុ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យខាងលើនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្នវិទ្យាល័យបន្ទាយស្រី មានអាគារសិក្សា៦ខ្នង និងមាន៣០បន្ទប់, ទីចាត់ការ១បន្ទប់, បណ្ណាល័យ១បន្ទប់, សាលប្រជុំ១បន្ទប់, បន្ទប់សាស្ត្រាចារ្យ១បន្ទប់, បន្ទប់កុំព្យូទ័រ១បន្ទប់, ឃ្លាំង១បន្ទប់, និងបន្ទប់សិក្សា ២០បន្ទប់, បង្គន់អនាម័យ ៤បន្ទប់, និងរោងអាហារ១ ហើយមានសិស្សសរុប ១,១៩២នាក់ (ស្រី៦៩០នាក់)។

ជាលទ្ធផល សម្រាប់ថ្ងៃពិធីចុះហត្ថលេខានេះ ខាងក្រុមហ៊ុនបានផ្ដល់ទូរស័ព្ទស្មាតហ្វូន (018-Seatel) ម្នាក់១គ្រឿង ជួនដល់លោកគ្រូ អ្នកគ្រូ៣៩នាក់។ សម្រាប់សិស្សានុសិស្ស នៅថ្នាក់វិទ្យាល័យបន្ទាយស្រី និងប្រជាពលរដ្ឋ៥១៨គ្រូសារ នឹងប្រគល់ទូរស័ព្ទស្មាតហ្វូន ម្នាក់១គ្រឿង នាដើមខែមករា ឆ្នាំ២០២០ខាងមុខនេះ។

ចំពោះសាលាទាំងពីរនេះ ខាងក្រុមហ៊ុននឹងរៀបចំប្រព័ន្ធភ្លើង និងកង្ហារ ដាក់តាមគ្រប់ថ្នាក់រៀនទាំងអស់។ លើសពីនេះ ក្រុមហ៊ុននឹងផ្ដល់ជូនឯកសណ្ឋាន ឲ្យបានសមរម្សដល់សិស្សានុសិស្ស។ បន្ទាប់ទៀតក្រុមហ៊ុន នឹងជួយរៀបចំឲ្យមានបន្ទប់កុំព្យូទ័រ បណ្ណាល័យ សួនច្បារ កន្លែងហាត់កីឡា បរិស្ថានសាលាស្អាត និងបន្តការឧត្ថម្ភគាំទ្រ នូវរាល់តម្រូវការជាអាទិភាពមួយចំនួនទៀត។

ចំណែកឯភូមិទី១ ដែលត្រូវបានជ្រើសរើស ជាភូមិសាកល្បងនៃយុទ្ធនាការ «ផ្ទះ១ អំពូល១» គឺនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែលមានប្រជាពល៥១៨គ្រួសារ។ ភូមិនេះ គឺមានកត្តាអំណោយផល នៃទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ និងដើម្បីជំរុញឲ្យគម្រោងសាកល្បងមានសន្ទុះលឿន លោកអភិបាលស្រុក បានសម្រចនឹងឲ្យដាក់បំពាក់អំពូលសូឡាប្រើប្រាស់ ដោយពន្លឺព្រះអាទិត្យ ចំនួន៥១៨ឈុត នៅតាមផ្ទះទាំង៥១៨ខ្នង នៅក្នុងភូមិព្រះ ដាក់ទាំងមូល (ដែលជាភូមិដែលធំជាងគេនៅក្នុងស្រុកបន្ទាយស្រី) ក្រោមការឧបត្ថម្ភទាំងស្រុងពីសប្បុរសជនដំបូង ដែលគាំទ្រនិងឲ្យតម្លៃទៅលើយុទ្ធនាការនេះ។

លោកអភិបាលស្រុក បានសុំឲ្យប្រជាពលរដ្ឋបង្កើននូវភាពជាម្ចាស់ និងការចូលរួមថែរក្សាសមិទ្ធផលឲ្យបានយូរអង្វែង ហើយរដ្ឋបាលស្រុក មានជំនឿថា ដើម្បីធានាការចូលរួមភាពជាម្ចាស់ និងការសម្រេចបាន១០០% នៃយុទ្ធនាការនេះ ខាងក្រុមការងារ នឹងពិចារណារូបមន្តបដិភាគ នៅដំណាក់កាលក្រោយៗទៀត ផងដែរ។ តាមគម្រោងនឹងបន្តយុទ្ធនាការនេះ ទូទាំងស្រុកបន្ទាយស្រី ដែលមានប្រជាពលរដ្ឋសរុបជិត១ម៉ឺនគ្រួសារ/ខ្នងផ្ទះ នៅតាមបណ្ដាភូមិទាំង ៣៦ភូមិ នៃឃុំទាំង៦៕