(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក ឈន់ សកល នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី «ការប្រើប្រាស់សេវាកម្មកៀរគរ និងទទួលវិភាគទានសប្បុរសធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជារវាងក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) និងមូលនិធិគន្ធបុប្ផាកម្ពុជា»។
លោក ឈន់ សកល បានលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ជាកិច្ចសហការថ្មីមួយទៀត ក្នុងការផ្ដល់នូវជម្រើសបន្ថែមជូនសប្បុរសជន ដែលមានបំណងបរិច្ចាគ ថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យមានលក្ខណៈកាន់តែងាយស្រួល តាមរយៈសេវាផ្ទេរប្រាក់របស់ក្រុមហ៊ុនទ្រូម៉ាន់នី នៅតាមគ្រប់ភ្នាក់ងារទាំងអស់ នៅទូទាំងប្រទេស ឬកម្មវិធីទ្រូម៉ាន់នី (TrueMoney App) ។
លោកបានបន្ថែមថា ដើម្បីអបអរសាទរដល់កិច្ចសហការនេះ ក្រុមហ៊ុនទ្រូម៉ាន់នី បានផ្ដល់កម្មវិធីពិសេសជូន សប្បុរសជនទាំងអស់ដែលបានដំឡើង កម្មវិធីទ្រូម៉ាន់នី (TrueMoney App) រួចដាក់លុយទៅក្នុងគណនីនោះ និងធ្វើការបរិច្ចាគ ក្នុងចំនួនណាមួយ ទោះតិចក្ដី ឬច្រើនក្ដី ជូនមូលនិធិគន្ធបុប្ផាកម្ពុជាក្រុមហ៊ុននឹងរួមចំណែកបរិច្ចាគបន្ថែម ចំនួន២០០០រៀល ជូនមូលនិធិគន្ធបុប្ផាភ្លាមៗដែរ។
លោកបណ្ឌិត ចន ណារិទ្ធ បានថ្លែងអំណរគុណគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនទ្រូម៉ាន់នី ចំចំពោះកិច្ចសហការនេះ។
លោកបានគូសបញ្ជាក់ថា ការចូលរួមបរិច្ចាគរបស់សប្បុរសជន ទោះតិចក្ដី ឬច្រើនក្ដី ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ពិតជាមានសារសំខាន់ ក្នុងការចូលរួមគាំទ្រដល់ការព្យាបាល និងសង្គ្រោះកុមារកម្ពុជា ដើម្បីនាំមកនូវភាពញញឹមដល់ពួកគេ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់ជាតិ។
សូមជម្រាបថា ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនទំនើបកម្មដែលផ្ដល់ ដែលផ្តល់នូវសេវាទូទាត់ចល័តនៅអាស៉ីអាគ្នេយ៍ ដែលបានធ្វើប្រតិបត្តិការក្នុងប្រទេសចំនួន៦ ក្នុងតំបន់ ដែលរួមមានប្រទេសកម្ពុជាផងដែរ។ បន្ថែមពីនេះទៀត ក្រុមហ៊ុនទ្រូម៉ាន់នី ក៏បានធ្វើឱ្យអតិថិជន ដែលគណនីនៅធនាគារ អាចប្រើប្រាស់សេវាហរិញ្ញវត្ថុបានតាមរយៈ TrueMoney App និងភ្នាក់ងារទ្រូម៉ាន់នីទូទាំងប្រទេស។
ជាមួយនឹងគោលដៅ និងទស្សនៈវិស័យច្បាស់លាស់ ក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុនឈានមុខមួយ នៅក្នុងទីផ្សារកម្ពុជាយ៉ាងឆាប់រហ័ស ជាមួយនឹងចំនួនភ្នាក់ងារច្រើនបំផុត ដែលមានអតិថិជនច្រើនជាង ២លាននាក់ និងធ្វើប្រតិបត្តិការប្រចាំខែ ជិត៣លានប្រតិបត្តិការ។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកភ្នាក់ងារច្រើនជាងគេកម្ពុជា ហើយក៏មានដៃគូសហការជាច្រើន សម្រាប់ផ្តល់នូវសេវាទូទាត់ហរិញ្ញវត្ថុ ដែលមានភាពងាយស្រួល និងទាន់សម័យ៕