(កណ្ដាល)៖ រថយន្តដឹកដីខ្នាតធំមួយបានបើកនៅលើស្ពានបាឡេ បណ្ដាលឲ្យស្រុតបាក់ភ្លាមៗ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
លោក វ៉ែន សុវិន ស្នងការរងខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារ Fresh News ថា នៅវេលាម៉ោងប្រមាណ ៣កន្លះរសៀលថ្ងៃនេះ គេឃើញរថយន្តដឹកដីខ្នាតធំ របស់ក្រុមហ៊ុនកូរ៉េ ដែលកំពុងស្ថាបនាផ្លូវ បើកកាត់លើស្ពានបាឡេ ខណៈស្ពាននេះ បានទ្រុឌទ្រោមស្រាប់ទៅហើយ ក៏បណ្ដាលឲ្យបាក់ស្រុតភ្លាមៗតែម្ដង។
លោកបន្តថា នៅចំណុចស្ពានទ្រុឌទ្រោមនេះ គេបានចាក់ដីពង្វៀងស្ពានជិតនោះដែរ ដើម្បីឲ្យឡានធំៗបើកបរ ប៉ុន្តែតៃកុងឡានមួយនេះ មិនព្រមបើកតាមកំណត់ បែរជាមកបើកលើស្ពានចាស់ទៅវិញ ដែលជាហេតុធ្វើឲ្យស្ពានបាកស្រុតភ្លាមៗតែម្ដង។ លោកថា គេពុំទាន់កំណត់ច្បាស់លាស់ថា ឡានដឹកដីនេះជារបស់ក្រុមហ៊ុនណាទេ ប៉ុន្តែដំណឹងបឋម គឺជារបស់ក្រុមហ៊ុនកូរ៉េ ដែលកំពុងស្ថាបនា ផ្លូវជាតិលេខ២នេះឯង។
លោកស្នងការរងថា កម្លាំងរបស់លោកកំពុងនៅទីតាំង ដើម្បីសម្រួលកិច្ចការនេះ ពិសេសគឺសម្រួលចរាចរណ៍ដែលកំពុងកកស្ទះ។ លោកសំនូមពរពលរដ្ឋ ដែលគ្រោងនឹងធ្វើដំណើរកាត់ម្ដុំនេះ បើសិនជាអាចសូមផ្អាក មួយរយៈសិន ឬមួយក៏ជិះវៀងផ្លូវសិនក៏បាន ព្រោះពេលនេះ ផ្លូវកំពុងកកស្ទះ ខណៈក្រុមការងារកំពុងសង្រ្គោះលើករណីនេះ។
គួរជម្រាបជូនថា ផ្លូវជាតិលេខ២ តំបន់ភូមិសាស្ត្រ ស្រុកកណ្ដាលស្ទឹងនេះ សំបូរឡានដឹកដី ដឹកខ្សាច់ ដឹកថ្ម ដឹកទំនិញផ្សេងទៀតប្រភេទឡានខ្នាតធំ បើកបរមានល្បឿនលឿនៗណាស់ ហើយមិនគោរពសិទ្ធិអទិភាព ឬមានសីលធម៌ ក្នុងការបើកបរនោះឡើយ ដែលបង្កការព្រួយបារម្ភ ដល់ពលរដ្ឋអ្នកធ្វើដំណើរ ខណៈគេស្នើសុំលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល គួរលៃលកចាត់ចែងហៅក្រុមបើកឡានធំៗទាំងនោះ មកអប់រំ ពិនិនិត្យទឹកនោម និងបង្រៀនច្បាប់ចរាចរដល់ពួកគាត់ផង ព្រោះតៃកុងឡានភាគច្រើន បើកព្រហើនអត់ស្គាល់បច្ឆានោះទេ៕