(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងប្រាប់អភិបាលខេត្តកំពង់ធំ មន្ទីរ-អង្គភាពជំនាញនានាជុំវិញខេត្ត ត្រូវតែបញ្ចូលសកម្មភាពទេសចរណ៍ដែលមានការទទួលខុសត្រូវ ឬសកម្មភាពអេកូទេសចរណ៍ទៅក្នុងតំបន់ការពារ ដើម្បីផ្ដល់ការងារដែលទទួលបានប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ទើបពួកគាត់បញ្ឈប់ការកាប់ព្រៃឈើ ឬបំផ្លាញធនធានធម្មជាតិនៅក្នុងតំបន់ករពារនោះ។
ការណែនាំយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី២ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តនៅឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ធំ ក្នុងនោះក៏មានវត្តមានចូលរួមពីលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ។
ក្រៅពីការណែនាំនេះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំដល់ក្រុមការងារថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបន្តដំណើរការអនុវត្តការងាររបស់ក្រុមការងារថ្នាក់ជាតិឲ្យបានរលូនមានប្រសិទ្ធភាព និងនិរន្តរភាព ក្នុងនោះរួមមាន៖
*១៖ ជំរុញអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីការចាត់វិធានការថែរក្សាទឹកទុកឲ្យមានប្រសិទ្ធភាពខ្ពស់។
*២៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្រុកនីមួយៗ ត្រូវរៀបចំផែនការសកម្មភាព របៀបរបបការងារ កិច្ចប្រជុំផ្ទៃក្នុង និងការចុះរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានឲ្យបានច្បាស់លាស់។
*៣៖ បន្តជំរុញការពិនិត្យ និងដោះស្រាយនូវការងារចាំបាច់ជាអាទិភាព រួមមាន៖ ការងារឆ្វៀលដីនៅតំបន់៣ តំបន់២ ដីតំបន់អភិរក្សសត្វខ្សឹប ការងារឆ្វៀលដីចេញពីសារពើភណ្ឌរបស់មន្ទីរអង្គភាពជូនប្រជាពលរដ្ឋ បញ្ហាដីប្រជាពលរដ្ឋរស់នៅតំបន់រណបនៃតំបន់ប្រាសាទសំបូរព្រៃគុក។
*៤៖ បន្តខិតខំលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវ មានតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។ខេត្តកំពង់ធំគួររៀបចំអោយមានការបូកសរុប ដោយឡែកមួយ ស្តីអំពីសេវាសាធារណះ ។
*៥៖ បន្តពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
*៦៖ បន្តខិតខំពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។
*៧៖ បន្តចុះពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ តាមរយៈការជួបប្រាស្រ័យទាក់ទងតាមសហគមន៍មូលដ្ឋាន និងការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន។
*៨៖ ពង្រឹងយន្ដការទំនាក់ទំនង និងការចូលកៀកជាមួយប្រជាពលរដ្ឋ ដើម្បីក្តាប់បាននូវសភាពការណ៍ ក្តាប់សតិអារម្មណ៍ និងពង្រឹងស្មារតីរបស់គាត់ កុំឲ្យងាយចាញ់បោកការញុះញុង ការបោកប្រាស់ ការបំផ្លើស និងល្បិចកលផ្សេងៗរបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិផ្សេងៗ។
*៩៖ បន្តខិតខំលប់បំបាត់នូវអំពើអសកម្ម និងចំណុចខ្វះខាតនានាដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
*១០៖ បន្តខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើម សំដៅបង្កើនភាពជឿជាក់ទុកចិត្ត និងកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល។
លោកបានលើកឡើងថាចង់ធ្វើឱ្យខេត្តកំពង់ធំក្លាយជាខេត្តគំរូលើផ្នែកអនាម័យ បរិស្ថាន ពិសេសនៅតាមទីផ្សារនានាក្នុងខេត្តនេះត្រូវតែមានអនាម័យស្អាត បរិស្ថានស្អាត មានសណ្ដាប់ធ្នាប់ល្អ គួរជាទីទាក់ទាញសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំ។
នៅមានបញ្ហាជាច្រើនទៀត ដែលក្រុមការងារថ្នាក់ជាតិចាំបាច់ត្រូវរួមគ្នាអនុវត្តបន្តបន្ទាប់ទៀត ហើយលោករដ្ឋមន្ត្រីក៏បានកំណត់ថា ត្រូវមានការប្រជុំបូកសរុបការងារជាមួយគ្នារៀងរាល់៣ខែម្ដង៕