(ព្រៃវែង)៖ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពី «ការដាក់បញ្ចូលតំបន់ដី សើមបឹងស្នេហ៍ ជាតំបន់ការពារធម្មជាតិ» នៅក្នុងខេត្តព្រៃវែង។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកស្រី លៀង ស្រីម៉ុល អភិបាលរងខេត្តព្រៃវែង ថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសួងបរិស្ថាន ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលខេត្ត រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍ជាច្រើននាក់។
ថ្លែងក្នុងឱកាសនោះ លោកស្រី លៀង ស្រីម៉ុល បានឲ្យដឹងថា ប្រព័ន្ឋអេកូឡូស៊ីតំបន់បឹងស្នេហ៍ បានដើរតួរនាទីយ៉ាងសំខាន់ និងជាប្រភពទឹក សម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញប្រមាណជាង១៤ឃុំ ដែលប្រើប្រាស់ពីបឹងនេះ សម្រាប់ស្រោចស្រពដំណាំស្រូវប្រាំង ជាងរាប់ម៉ឺនហិកតា ដែលអាចបង្កបង្កើនផល២ ទៅ៣ដងក្នុងមួយឆ្នាំ។
លោកស្រីបានបញ្ជាក់ថា កន្លងមកមានកំណើនប្រជាជនដែលរស់នៅជុំវិញបឹងស្នេហ៍ កំណើនតម្រូវការអុសដុត និងរុករានដីព្រៃលិចទឹក ដើម្បីធ្វើកសិកម្ម។
ជាមួយគ្នានេះ លោក ស្រ៊ុន ដារិទ្ធិ បានលើកឡើងថា ប្រភេទសត្វស្លាបមួយ ចំនួនជា ប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោក ដូចជាប្រភេទស្មោញ ទុងប្រផេះ រនាលណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច និងជាពិសេសប្រភេទ ចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់ក្បាល នៅចំណុចទួលពាន់តាឡី នៃតំបន់ដីសើមបឹងស្នេហ៍នេះ។ ក្រសួងបរិស្ថានមានគោលបំណង អភិរក្សប្រភេទជីវៈចម្រុះ សត្វស្លាបទាំអងស់នេះ ដើម្បីប្រយោជន៍គោលដៅទេសចរណ័ធម្មជាតិដ៏សំខាន់មួយ សម្រាប់សហគមន៍។
រដ្ឋលេខាធិការរូបនេះ បានបន្តទៀតថា ដោយឈរលើតម្លៃសេដ្ឋកិច្ច និងតម្លៃជីវៈចម្រុះរដ្ឋបាលខេត្ត បានស្នើការសហការពីក្រសួងបរិស្ថាន ក្នុងការដាក់បញ្ចូល តំបន់ដីសើមបឹងស្នេហ៍នេះ ទៅជាតំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ក៏ដូចជាការប្រើប្រាស់ដោយឈ្លាសវៃ និងនិរន្តភាព នូវធនធានតំបន់ដីសើមនេះ។ តាមរយៈការងារនេះ សក្តានុពលតំបន់បឹងស្នេហ៍ នឹងទទួលបានការចូលរួមការពារធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។
ក្រសួងបរិស្ថាន បានការគាំទ្រជាឯកឆន្ទ ចំពោះការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះ ទៅជាតំបន់ការពារធម្មជាតិ ដើម្បីធានាដល់កិច្ចការពារ ការថែរក្សា ធនធានធម្មជាតិតំបន់ដីសើមបឹងស្នេហ៍នេះ ឲ្យនៅគង់វង្ស សម្រាប់ផលប្រយោជន៍ និងកាអភិវឌ្ឍរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសម្រាប់មនុស្សលោក ទាំងបច្ចុប្បន្ន និងអនាគត។
គួរបញ្ជាក់ថា កិច្ចពិភាក្សានៅថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងគឺ ១៖ចែករំលែកព័ត៌មានអំពីសក្តានុពលតំបន់ដីសើមបឹងស្នេហ៍ ដែលមានទីតាំងនៅខេត្តព្រៃវែង និងទី២៖ ពិភាក្សា និងទទួលអនុសាសន៍ បន្ថែមពីអ្នកពាក់ព័ន្ធ លើដំណើរការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះ ទៅជាតំបន់ការពារធម្មជាតិ។
បន្ទាប់មកអ្នកចូលរួម និងចុះពិនិត្យផ្ទាល់ដល់សក្តានុពលនៃតំបន់ដីសើម និងការរស់នៅរបស់ហ្វូងសត្វស្លាបនៅទីកន្លែងផ្ទាល់ផងដែរ៕