(ភ្នំពេញ)៖ ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោក ម៉ៅ តាន់អ៊ាង បានថ្លែងបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០១៩នេះ អ្នកជំងឺចំនួន២២,០០០នាក់ ដែលបានមកទទួលសេវាព្យាបាលជំងឺរបេង នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងប្រទេស។
លោកបញ្ជាក់ថាបន្ថែម «ករណីស្លាប់ មានការធ្លាក់ចុះច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បើគិតពីចន្លោះឆ្នាំ២០០០-២០១៨ ពលរដ្ឋមកទទួលការព្យាបាលជោគជ័យ ប្រមាណ៥០០,០០០នាក់ និងរាប់ម៉ឺននាក់ទៀតបានសង្គ្រោះជីវិតពីសេចក្ដីស្លាប់។ ចំពោះអត្រាស្លាប់ដោយជំងឺរបេង បានថយចុះរហូតដល់ទៅ៥៧% រីឯអត្រាជំងឺថ្មី ហៅថា អត្រាអង់ស៊ីដង់បានថយចុះ៤៨% ហើយការថយចុះនេះ មានកម្រិតច្រើនជាងបណ្ដាប្រទេសដទៃ»។
លោក ម៉ៅ តាន់អ៊ាង ថ្លែងបន្ដថា ជោគជ័យនេះ គឺដោយមានការគាំទ្រ និងយកចិត្ដទុក្ខដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងដៃគូពាក់ព័ន្ធ ក៏ដូចជាការរួមចំណែកជាមួយអ្នកប្រតិបត្ដិករ ដែលបានបន្ដអនុវត្ដផ្ដល់សេវាជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានអាជ្ញាធរមូលដ្ឋាន និងអ្នកស្ម័គ្រចិត្ដផងដែរ។
សព្វថ្ងៃ យើងមានសេវាព្យាបាលជំងឺរបេងគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកប្រមាណជាង១,៣០០កន្លែងនៅទូទាំងប្រទេស ក្នុងនោះយើងមានស្រាប់ នៅមណ្ឌលសុខភាព ចំនួន១,២២៥កន្លែង។
ការថ្លែងបែបនេះរបស់លោក ក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការយុទ្ធសាស្រ្តជាតិក្នុងការបញ្ចប់ជំងឺរបេង ឆ្នាំ២០២១-២០៣០ កាលពីពេលថ្មីៗនេះ ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោក ម៉ៅ តាន់អ៊ាង បានថ្លែងទៀតថា ការជួបប្រជុំគ្នានេះ ដើម្បីពិគ្រោះយោបល់គ្នាទាក់ទិន នៃឯកសារផែនការថ្មី ផែនការយុទ្ធសាស្ដ្រ បញ្ចប់ជំងឺរបេងនៅកម្ពុជា ឆ្នាំ២០២១-២០៣០ ស្វែងរកសកម្មភាពសំខាន់ៗដែលជាអាទិភាព និងលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាសំដៅកាត់បន្ថយអត្រាឈឺ និងស្លាប់ ស្របតាមទិសដៅអភិវឌ្ឍប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអន្ដរជាតិ ក្នុងការកាត់បន្ថយអត្រាការស្លាប់ដោយជំងឺរបេង រហូតដល់ទៅ៩០% និងឈឺ ៨០% នៅបំណាច់ឆ្នាំ២០៣០។
តែទោះការស្លាប់ និងឈឺ ដោយជំងឺរបេងធ្លាក់ចុះក្ដី តែទោះជាយ៉ាងណា ក៏ចំនួនអ្នកកើតជំងឺរបេងនៅកម្ពុជា មានចំនួនច្រើននៅឡើយ ដូចនេះ សូមអំពាវនាវដល់ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងនោះក៏មានប្រជាពលរដ្ឋយើងផងដែរ រួមគ្នាកម្ចាត់រោគរបេង។ ជាពិសេសអ្នកឈឺ ត្រូវមកទទួលការព្យាបាលឱ្យទៀងពេល តាមកាលកំណត់របស់គ្រូពេទ្យ ព្រោះជំងឺនេះ គឺទាមទារពេលវេលាយូរបន្ដិចដើម្បីជាសះស្បើយ។
លើសពីនោះ ប្រជាពលរដ្ឋបើមានរោគសញ្ញា ក្អក, ក្ដៅខ្លួន, បែកញើស, សម្រកទម្ងន់លើសពី២សប្ដាហ៍ ហើយឡើងកូនកណ្ដុរ សូមសូមប្រញាប់មកមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតលោកអ្នក រាល់ការព្យាបាលដោយឥតគិតថ្លៃ៕