(កំពុងស្ពឺ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកបរសេដ្ឋបានថ្លែងថា ចំពោះសេវាសាធារណៈ យើងទាំងអស់គ្នាជាមន្រ្តីរាជការ គឺជាអ្នកបម្រើរាស្ត្រ។ បើយើងមិនផ្តល់សេវាសាធារណៈបានល្អ ធ្វើយ៉ាងណាប្រជាជនគាំទ្រយើង។ ការផ្តល់សេវាតម្រូវការដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងអត្តសញ្ញាណបណ្ណ ត្រូវធ្វើឱ្យបានឆាប់រហ័ស និងយកទៅប្រគល់ជូនប្រជាពលរដ្ឋផ្ទាល់។
ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី គឺធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារ ចុះធ្វើវេទិកាសាធារណ:ក្នុងឆ្នាំ២០១៩ នៅព្រឹកថ្ងៃ ទី២៦ ខែធ្នូ ឆ្នាំ ២០១៩ នៅសាលាស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះ មានការចូលរួមពីអស់លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុក តំណាងមន្ទីរជំនាញ រដ្ឋបាលស្រុក ឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ និងកងកម្លាំងប្រដាប់អាវុធប្រមាណ ៧០នាក់។
ថ្លែងទៅកាន់កិច្ចប្រជុំលោកទេសរដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា៖
*ទី១, ក្រុមការងារដែលរាជរដ្ឋាភិបាលបង្កើតមាន ប្រយោជន៍ណាស់ ដោយមានតំណាងក្រសួងជាច្រើន ចូលរួម។ ក្នុងនោះ ការងារមួយចំនួនក្រុមការងារជួយដោះស្រាយ តែពេលខ្លះការងារ ឬបញ្ហាដែលប្រជាជនលើកឡើង គ្រាន់តែមន្ទីរជំនាញឡើងមកពន្យល់ ក៏ប្រជាជនយល់បានដែរ។
*ទី២, នៅពេលរៀបចំវេទិកាសាធារណៈ បញ្ហាដែលត្រូវចាប់អារម្មណ៍ គឺធ្វើយ៉ាងណាឱ្យប្រជាជនចូលរួមឱ្យបានច្រើន និងឱ្យគាត់សួរជាសំណួរឱ្យបានផុលផុស។
*ទី៣, រឿងដីសហគមន៍ជារឿងរសើបណាស់ ដែលត្រូវជៀសវាង។ ភូមិឃុំយើងត្រូវការពារដីរដ្ឋ។ បើមានការបំពានកាប់ឆ្ការនោះ គឺជាបទល្មើសជាក់ស្តែង ដែលត្រូវចាត់វិធានការជាបន្ទាន់តាមច្បាប់។ ជាមួយគ្នានេះ មន្ត្រីនៅថ្នាក់មូលដ្ឋានត្រូវដឹងថា ខ្លួនឯងជាម្ចាស់ដីសហគមន៍។
*ទី៤, ចំពោះបញ្ហាគ្រឿងញៀន បើយើងមិនទប់ស្កាត់ពីក្រោមទេ(តាមគ្រួសារ)នឹងបំផ្លាញគ្រួសារឱ្យវិនាស។ ដូច្នេះ ត្រូវទប់ស្កាត់នៅតាមសាលាដើម្បីកុំឱ្យគ្រឿង ញៀនចូលបាន។ យើងត្រូវដឹងថា កម្លាំង និងសតិបញ្ញាប្រជាជន ជាកម្លាំងការពារជាតិ។ ក្នុងការកសាងធនធាន មនុស្ស រាជរដ្ឋាភិបាលចំណាយថវិកាឧបត្ថម្ភ ដល់នារីមានផ្ទៃពោះក្រីក្រ។
នេះជាការយកចិត្តទុកដាក់ ក្នុងការកសាងធនធានមនុស្ស ដើម្បីឱ្យក្មេងកើតមកសុខភាពល្អ។ ប៉ុន្តែសព្វថ្ងៃយើងសម្បូរបែបពេក ដែលចំណីអាហារអាចធ្វើឱ្យមានជំងឺមិនឆ្លង និងបំផ្លាញធនធានមនុស្ស ទៅអនាគត។ ជាមួយគ្នានោះ លោកទេសរដមន្រ្តីក៏បានសង្កត់បញ្ជាក់ថា ឥឡូវបញ្ហាអេដស៍អាចផ្ទុះឡើងវិញ ដោយសារគ្រឿងញៀនផងដែរ។ បច្ចុប្បន្ន អត្រាឆ្លងមេរោគអេដស៍ ក្នុងចំណោមក្រុមបុរសរួមភេទ ជាមួយបុរសកើនឡើងខ្ពស់ដល់៨%។
បន្ទាប់ពីលោកអភិបាលស្រុក លោកស្រីអនុប្រធានក្រុមការងារ តំណាងមន្ទីរជំនាញ និងមេឃុំឡើងរាយការណ៍ និងបកស្រាយមក លោកទេសរដ្ឋមន្ត្រីបានណែនាំថា ចំពោះសេវាសាធារណៈ យើងទាំងអស់គ្នាជាមន្រ្តីរាជការគឺជាអ្នកបម្រើរាស្ត្រ។ បើយើងមិនផ្តល់សេវាសាធារណៈបានល្អ ធ្វើយ៉ាងណាប្រជាជនគាំទ្រយើង។ ការផ្តល់សេវាតម្រូវការដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងអត្តសញ្ញាណបណ្ណត្រូវធ្វើឱ្យបានឆាប់រហ័ស និងយកទៅប្រគល់ជូនប្រជាពលរដ្ឋផ្ទាល់។ ឯសេវាសំណូមពរដូចជាសំណើសុំផ្លូវ បើសមរម្យអាចដោះស្រាយបាន ក្រុមការងារជាអ្នកធ្វើក៏បាន។ ជាមួយគ្នានេះ យើងក៏ត្រូវគិតគូរពីសេវាផ្តល់ការងារ ឱ្យប្រជាពលរដ្ឋផងដែរ។ ឯសេវាសុខាភិបាលក៏សំខាន់ ណាស់ដែរ។ យើងមានសន្លឹកឆ្នោតមួយចំនួនធំ ក៏ដោយសារសេវាសុខាភិបាល និងអប់រំនោះដែរ។ ការពង្រឹងប្រព័ន្ធសុខាភិបាលឱ្យមានប្រសិទ្ធភាព ជាកិច្ចការដែលត្រូវបន្តធ្វើ។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានរំឭកជូនកិច្ចប្រជុំថា ក្រុមការងារចុះមកគ្រាន់តែជួយសម្របសម្រួល និងពិនិត្យការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលទេ។ អ្នកធ្វើការងារផ្ទាល់ ជាមួយប្រជាជនគឺ ភូមិ ឃុំ និងកម្លាំងនៅមូលដ្ឋានយើងទេ។ ដូច្នេះ មូលដ្ឋានជាអ្នកផ្តល់សេវាផ្ទាល់ ត្រូវធ្វើអំពើល្អ និងផ្តល់សេវាសាធារណៈឱ្យបានល្អ។ ជាមួយគ្នានេះ យើងក៏ត្រូវគិតគូររឿងសំរាម និងបរិស្ថាននៅតាមរោងចក្រ៕