(ភ្នំពេញ)៖ កម្មវិធីពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន កម្ពុជា ២០២០ (Cambodia ICT Awards 2020) ចាប់ផ្តើមទទួលបេក្ខភាព ដើម្បីទទួលពានរង្វាន់ល្អបំផុតប្រចាំឆ្នាំ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីប្រកូតប្រជែងយកស្នាដៃច្នៃប្រឌិត ឌីជីថល ដ៏ល្អបំផុតនៅកម្ពុជា។
Cambodia ICT Awards ហៅកាត់ថា CICTA (see-ta) គឺជា កម្មវិធីពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍ និងព៌ត័មានថ្នាក់ជាតិធំជាងគេបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានគោលបំណងធំចំនួន៤គឺ៖
១៖ ការទទួលស្គាល់
ដើម្បីផ្តល់នូវការទទួលស្គាល់ថ្នាក់ជាតិ ចំពោះសមិទិ្ធផលស្នាដៃច្នៃប្រឌិត និងជោគជ័យនានាលើនវានុវត្តន៍ឌីជីថល ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
២៖ ការជម្រុញ
ដើម្បីជម្រុញឱ្យមានការប្រើប្រាស់ ដោយមានការច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់លើវិស័យឌីជីថលឬបច្ចេកវិទ្យា គមនាគន៍ និងព័ត៌មាន នៅគ្រប់ក្រសួងក្រុមហ៊ុនឯកជនក្នុងស្រុកក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ច (Startup) សហគ្រាសសង្គមអង្គការក្រៅរដ្ឋាភិបាល ឬស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងៗ។
៣៖ ការលើកតម្កើង
លើកតម្កើងនូវការយល់ដឹងខាងផ្នែកឌីជីថល ឬបច្ចេកវិទ្យាគមនាគន៍ និងព័ត៌មាន ក្នុងស្រទាប់សាធារណជន និងជួយកាត់បន្ថយគម្លាតឌីជីថល នៅក្នុងសហគមន៍ជំនួញ និងរវាងប្រជាជនដែលរស់នៅតាម បណ្តាខេត្ត និងក្នុងទីក្រុង ដែលជាកត្តារួមចំណែកក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
៤៖ ការផ្តល់ឱកាស
ផ្តល់ឱកាសឱ្យមនុស្សម្នាអាចបង្ហាញនូវស្នាដៃ សមិទិ្ធផល ជោគជ័យនានាអំពីនវានុវត្តន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានជាមួយ និងឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាងរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានថ្នាក់តំបន់ និងសាកលលោក ។
នៅក្នុងឆ្នាំ២០២០នេះ កម្មវិធី CICTA 2020 នឹងផ្ដល់ពានរង្វាន់ផលិតផលឬសេវាកម្មល្អបំផុត ប្រចាំឆ្នាំចំនួន៦ប្រភេទ ដូចជា៖
* សេវារដ្ឋបាលអេឡិចត្រូនិក ល្អបំផុតប្រចាំឆ្នាំ (Best E-Government service of the year)៖ សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ស្ថាប័នរដ្ឋ ដែលបានប្រើប្រាស់ ICT ដើម្បីបម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋ និងសាធារណជន។
* ស្ថាប័ននវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation organization of the year)៖ សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ក្រុមហ៊ុន/ស្ថាប័ន ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យា ICT ឬឌីជីថល ដើម្បីធ្វើឱ្យអាជីវកម្ម សហគ្រាសរបស់ខ្លួន ល្អប្រសើរជាងមុន លឿនជាងមុន និងប្រសិទ្ធិភាពជាងមុន ដោយនាំយកផលិតផល និងសេវាកម្មថ្មីៗ ទៅកាន់ការប្រកួតប្រជែងនៅក្នុងទីផ្សារ។
* បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតប្រចាំឆ្នាំ (Best Social Innovation of the year)៖ សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ក្រុមហ៊ុន/ស្ថាប័ន ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យា ICT ឬឌីជីថល ដើម្បីបម្រើផលប្រយោជន៍ដល់សង្គម និងរួមចំណែកអភិវឌ្ឍន៍ដល់សេដ្ឋកិច្ចរបស់សហគ្រាសសង្គម ។
* មាតិការឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Content Of The Year)៖ សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃឌីជីថលរបស់ ក្រុមហ៊ុនឯកជន ឬអង្គការក្រៅរដ្ឋាភិបាល ដែលបានប្រើប្រាស់ ICT ដើម្បីបង្កើតជាមាតិកាឌីជីថលផ្សេងៗ ដូចជា វីដេអូ ហ្គេម មេរៀន ឯកសារជាសម្លេង ។ល។ ដែលអាចរួមចំណែកដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ សាធារណជន និងសង្គម។
* ការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ ល្អបំផុតប្រចាំឆ្នាំ (Best ICT R&D of the year)៖ សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរប់សក្រុមហ៊ុន/ស្ថាប័ន ដែលមានស្នាដៃក្នុងការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងវិស័យ ICT ដូចជាការរកឃើញ រូបមន្តថ្មី វិធីសាស្ត្រថ្មី វិធានថ្មី ការបង្កើតថ្មី ។ល។
* ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យា ល្អបំផុតប្រចាំឆ្នាំ (Best Tech Startup of the year)៖ ផលិតផល សេវាកម្ម ឬស្នាដៃរបស់ក្រុមហ៊ុនទើបនឹងបង្កើតថ្មី ដែលមានអាយុមិនលើសពី ៣ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃ ចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ។ Tech Startup ត្រូវតែ ជាក្រុមហ៊ុន ដែលបានបង្កើតសមិទ្ធិផលថ្មី ជាមួយគំនិតនវានុវត្តន៍ថ្មី ដោយប្រើបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន។
ដើម្បីចុះឈ្មោះចូលរួម ក្រុមហ៊ុនឯកជន/ស្ថាប័នរដ្ឋ/អង្គការ ដែលមានបំណងចង់ដាក់ពាក្យសូមចូល សូមទៅកាន់ គេហទំព័រ ឬ QR code ដូចខាងក្រោម៖
គេហទំព័រ៖ http://cambodiaictawards.com
គួររំលឹកថា តាំងពីឆ្នាំ២០១៥មក រហូតមកដល់ពេលនេះ មានក្រុមហ៊ុនឯកជន/ស្ថាប័នរដ្ឋ/អង្គការ ដាក់ពាក្យចូលរួមសរុប១២០ ហើយក្រុមហ៊ុនឯកជន/ស្ថាប័នរដ្ឋ/អង្គការ ចំនួន៣១ ទទួលបានពានរង្វាន់។
* ឆ្នាំ២០១៥ កម្មវិធី Business Registration Processing System របស់ក្រសួងពាណិជ្ជកម្ម ជាជ័យលាភីលេខ១ និងជាជ័យលាភី វិស័យសាធារណៈ ល្អបំផុតប្រចាំឆ្នាំ
* ឆ្នាំ២០១៦ កម្មវិធី BookMeBus របស់ក្រុមហ៊ុន Camtasia Technology Co., Ltd. ជាជ័យលាភីលេខ១ និងជាជ័យលាភីក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យា ល្អបំផុតប្រចាំឆ្នាំ
* ឆ្នាំ២០១៧ កម្មវិធី JAILBREAK THE GAME ក្រុមហ៊ុន DirexPlay ជាជ័យលាភីលេខ១
* ឆ្នាំ២០១៨ កម្មវិធី Morokot VB (Core Banking System) ក្រុមហ៊ុន Morokot Technology ជាជ័យលាភីលេខ១ និងជា ជ័យលាភី វិស័យឯកជន ល្អបំផុតប្រចាំ
* ដោយឡែកឆ្នាំ២០១៩ មានក្រុមហ៊ុនឯកជន/ស្ថាប័នរដ្ឋ/អង្គការ ចំនួនប្រាំដែលបានឈ្នះពានរង្វាន់ផលិតផលល្អបំផុតប្រចាំឆ្នាំ មានដូចជា៖
* ពានរង្វាន់សេវារដ្ឋបាលអេឡិចត្រូនិក ល្អបំផុតប្រចាំឆ្នាំ ២០១៩ (Best E-Government Service Of The Year 2019) បានទៅលើ កម្មវិធី “សំណង់នៅកម្ពុជា (Cambodia Construction App)” របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
* ពានរង្វាន់ស្ថាប័ននវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ ២០១៩ (Best Digital Innovation Organization Of The Year 2019 ) បានទៅលើ កម្មវិធី “WingPay, WingMoney” របស់ Wing (Cambodia) Limited Specialised Bank ។
* ពានរង្វាន់ បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតប្រចាំឆ្នាំ ២០១៩ (Best Social Innovation Of The Year 2019) បានទៅលើ កម្មវិធី “Tesdopi តេស្ត១២” របស់ក្រុមហ៊ុន Edemy ។
* ពានរង្វាន់ ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យា ល្អបំផុតប្រចាំឆ្នាំ ២០១៩ (Best Tech Startup Of The Year 2019) បានទៅលើ ក្រុមហ៊ុន “Muuve” ។
* ពានរង្វាន់ ការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ ល្អបំផុតប្រចាំឆ្នាំ ២០១៩ (Best ICT R&D Of The Year 2019) បានទៅលើគម្រោង “Jevit” របស់ Demine Robotics៕