(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Dmity Tsvetkov បានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ី នឹងនៅតែបន្តជួយធ្វើការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ក្នុងនោះចំពោះកងយោធពលខេមរភូមិន្ទ រុស្ស៊ីថា នឹងត្រៀមជាស្រេចដើម្បីជួយបណ្តុះបណ្តាល។

ការលើកឡើងរបស់លោក Dmity Tsvetkov យ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅអគ្គបញ្ជាការដ្ឋាន ។

ជាមួយនោះ ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងនៅក្នុងការត្រៀមខ្លួនជានិច្ច ក្នុងកិច្ចសហប្រតិបត្តិការជួសជុល និងធ្វើទំនើបកម្មអាវុធយុទ្ធភណ្ឌ និងគ្រឿងបច្ចេកទេស យោធា របស់កងយោធពលខេមរភូមិន្ទផងដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការពេញចិត្តទទួលយក ចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ដោយនាយឧត្ដមសេនីយ៍ បាបបញ្ជាក់ថា នេះគឺជាចំណុចល្អដែលកម្ពុជាចង់បាន ហើយសំខាន់បំផុតនោះគឺការជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ការជួសជុលគ្រឿងសម្ភារៈបច្ចេកទេស ការផ្លាស់ប្ដូរទស្សនកិច្ច និងការជួយដល់កម្លាំងកងទ័ពជើងគោកជាដើម។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់អតីតសហភាពសូវៀត ដែលបានជួយជ្រោមជ្រែងកម្ពុជាគ្រប់បែបយ៉ាង ក្នុងគ្រាដែលកម្ពុជាជួបការលំបាក នៃសង្រ្គាមអស់រយៈកាល ជាច្រើនឆ្នាំ ជាពិសេសការជួយបណ្តុះបណ្តាលធនធានមនុស្ស សម្ភារ គ្រឿងបំពាក់នានា។ នាយឧត្ដមសេនីយ៍ បានបន្តថា បច្ចុប្បន្ននេះកម្ពុជាមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ដែលសមិទ្ធផលទាំងនេះគឺមិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភរបស់មិត្តរុស្ស៊ី ហើយដែលកម្ពុជានៅតែចាត់ទុករុស្ស៊ីថាជាមិត្តដ៍សំខាន់ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។

ដើម្បីជាសក្ខីភាពនៃការពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា-រុស្ស៊ី នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសំណូមពរតាមរយៈឯកអគ្គរដ្ឋទូត ដើម្បីអញ្ជើញអគ្គមេបញ្ជាការកងទ័ពរុស្ស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាណាមួយសមស្រប ហើយដែលសំណូមពរនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ី ក៏បានសន្យាថានឹងរៀបចំជាក់ស្តែង៕