(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩, សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ហៅថា សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានរៀបចំមហាសន្និបាតអាណត្តិទី៣ ដោយបានជ្រើសរើសលោក សយ កុសល បច្ចុប្បន្នជាមាជិកក្រុមប្រឹក្សាខណ្ឌឬស្សីកែវ ឱ្យបន្តកាន់តំណែងជាប្រធានសម្រាប់ ៥ឆ្នាំបន្តទៀត។
លោក សយ កុសល ត្រូវបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដោយទទួលសន្លឹកឆ្នោតគាំទ្រចំនួន ៣០៣ លើ ៣០៩សម្លេង រួមនឹងអនុប្រធានចំនួន ១២រូបផ្សេងទៀត។
លោក សយ កុសល បានជាប់ប្រធានសម្ព័ន្ធភាពជាតិលើកទី១ នៅឆ្នាំ២០០៦ កាលនោះជាសម្ព័ន្ធភាពជាតិឃុំសង្កាត់ និងលើកទី២ ក្នុងឆ្នាំ២០១៤ ជាប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
អនុប្រធានសម្ព័ន្ធភាពជាតិអាណត្តិទី៣ ទាំង ១២រូបនោះគឺ (១) លោកស្រី ស៊ី តូនចៅសង្កាត់ផ្សារថ្មីទី១ (២) លោក គង់ ឆេង មេឃុំគគីរនៃស្រុកកៀនស្វាយ (៣) លោក យុង ហួត ប្រធានក្រុមប្រឹក្សាស្រុកជាំក្សាន្ត (៤) លោក គៀង សេងគី មេឃុំត្បូងក្រពើនៃស្រុកសន្ទុក (៥) លោក សំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ (៦) លោក ស៊ីវ យុត ចៅសង្កាត់ក្រាំងអំពិលនៃក្រុងកំពត (៧) លោក យស់ យឿន ចៅសង្កាត់រតនៈនៃក្រុងបាត់ដំបង (៨) លោកស្រី ហេង ស្រីពៅ មេឃុំកន្សោមអកនៃស្រុកកំពង់ត្របែក (៩) លោក ម៉ាក សុខឿន ជំទប់ទី១ ឃុំកូប នៃខេត្តបន្ទាយមានជ័យ (១០) លោកស្រី ខាញ់ សាវី មេឃុំអូរជុំ នៃខេត្តរតនគិរី (១១) លោក ពៅ បឿន សមាជិកក្រុមប្រឹក្សាស្រុកឧត្តុង្គ និង (១២) លោក សុខ រស្មី ចៅសង្កាត់រងទី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។
ពិធីបើកមហាសន្និបាតប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
អ្នកចូលរួមមហាសន្និបាតសរុបប្រមាណ ៤៧០ នាក់ ក្នុងនោះប្រតិភូសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ចំនួន ៣២០ នាក់ពីគណបក្សគណបក្សនយោបាយចំនួន៨។
សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស៕