(រតនគិរី)៖ សប្បុរសជន១ក្រុមនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានទៅចុះសួរសុខទុក្ខគ្រូពេទ្យនៅមណ្ឌលសុខភាពស្រុកកូនមុំ និងហូបបាយសាមគ្គី ដើម្បីអបអរសាទរចូលឆ្នាំសកល (២០១៩-២០២០) ដែលឈានមកដល់ពេលខ្លីខាងមុខ។
លោក គឹម រស្មី តំណាងសប្បុរសជនដែលមានលំនៅដ្ឋានក្រុងបានលុង បានប្រាប់ភ្នាក់ងារ Fresh News ថារូបលោករួមនិងសប្បុសជនដដៃទៀតដូចជាលោក អៀង រ៉ុង ,លោក ងួន បូរ៉ាន់, លោក ម៉ោញ វ៉ៃ, លោកតា ឈុន លាង មានចិត្តសប្បុរស សប្បាយរីករាយចំណាយពេលមកហូបបាយសាមគ្គី ជាមួយគ្រូពេទ្យមណ្ឌលសុខភាព បង្ហាញពីទឹកចិត្តរវាងពួកគាត់ជាមួយមន្ត្រីរាជការ ដែលធ្វើការបម្រើប្រទេសជាតិ បម្រើប្រជាពលរដ្ឋរយៈពេល១ឆ្នាំកន្លងមក។
លោកថាកាយវិកាខាងលើនេះ ដើម្បីចូលរួមជាមួយគ្រូពេទ្យ ដែលពួកគាត់ខិតខំបំពេញភារកិច្ចជួយព្យាបាលថែរក្សាអ្នកជំងឺ អ្នកមកសម្រាលទារកមិនថាយប់ ឬថ្ងៃពោលគឺ២៤ម៉ោងលើ២៤ម៉ោង។ ជាងនេះទៅទៀតក្រុមសប្បុសជន បានផ្តល់ជូនថវិកាមួយចំនួនជាការលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពស្រុកកូនមុំព្រមទាំងថវិកាមួយចំនួនទៀត ដល់អ្នកជំងឺដែលកំពុងសម្រាលព្យាបាល នៅក្នុងមណ្ឌលសុខភាពស្រុកកូនមុំផងដែរ។
ចំពោះកាយវិកាប្រកបដោយសប្បុរសជនខាងលើនេះដែរ លោកគិលានុប្បដ្ឋាកមធ្យម ធុយ គន្ធី ប្រធានមណ្ឌលសុខភាពស្រុកកូនមុំ តំណាងឲ្យគ្រូពេទ្យបានថ្លែងអំណរចំពោះពួកគាត់ដែលឆ្លៀតពេលមកសួរសុខទុក្ខ ហូបបាយសាមគ្គី និងផ្តល់ថវិកាមួយចំនួន។
សូមបញ្ជាក់ថា អគារមួយខ្នងមាន៣បន្ទប់ និងសម្ភារសម្រាប់ស្ត្រីមានផ្ទៃពោះរងចាំសម្រាលទារក និងរោងហូបបាយ១ គឺជាអំណោយរបស់លោក គឹម រស្មី និងក្រុមគ្រួសារដែលចំណាយថវិកាផ្ទាល់ខ្លួន កសាងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល៕