(ភ្នំពេញ)៖ នៅឆ្នាំ២០១៧ ក្រុមហ៊ុនចិន R&F Properties (Cambodia) បានវិនិយោគសាងសង់បុរីប្រណីត ដែលមានតម្លៃប្រមាណ៧០០លានដុល្លារ គ្របដណ្តប់លើផ្ទៃដីសរុប៧.៧ហិកតា ដែលរួមមាន៖ អគារស្នាក់នៅ ក្លឹបកីឡា អគារពាណិជ្ជកម្ម និងផ្សារទំនើបនៅផ្លូវ៦០ម៉ែត្រ ក្នុងភូមិសាស្ត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅឆ្នាំ២០១៨ R&F បានចាប់ផ្តើមវិនិយោគគម្រោង A និង B។ នៅដើមឆ្នាំ២០២០ខាងមុខនេះ នឹងចាប់ផ្តើមប្រគល់ផ្ទះជូនអតិថិជន។ នេះបើតាមការឲ្យដឹងរបស់លោក ហ័រ លីងជីង អ្នកគ្រប់គ្រងគម្រោងទូទៅរបស់ R&F Properties។
លោក ហ័រ លីងជីង បានបញ្ជាក់ថា ការសម្រេចចិត្តមកវិនិយោគ លើការសាងសង់បុរីប្រណីតនេះ R&F មានគោលបំណងចង់ ឲ្យប្រជាពលរដ្ឋខ្មែររស់នៅកន្លែងល្អ មានផាសុកភាព និងបែបស៊ីវីល័យ។ នៅឆ្នាំក្រោយ R&F នឹងខិតខំធ្វើឲ្យគម្រោង កាន់តែល្អថែមទៀត ដើម្បីលើកម្ពស់ស្តង់ដាររស់នៅកម្ពុជា ឲ្យកាន់តែល្អប្រសើរ។
គួរជម្រាបផងដែរថា ដើម្បីតបស្នង និងថ្លែងអំណរគុណ ដល់អតិថិជនដែលបានគាំទ្រគម្រោងរបស់ខ្លួននោះ ក្រុមហ៊ុន R& F នាពេលថ្មីៗនេះ បានរៀបចំពិធីអបអរសាទរ បុណ្យណូអែល និងឆ្លងឆ្នាំថ្មី ឆ្នាំសាកល ដើម្បីផ្តល់ ភាពសប្បាយរីករាយ តាមរយៈការប្រគំតន្ត្រី ការជជែកគ្នា ការពិសារអាហាររួមគ្នា ការលេងល្បែងកម្សាន្ត និងកម្មវិធីចាប់រង្វាន់ជាច្រើន៕