(ភ្នំពេញ)៖ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ក្រសួងទេសចរណ៍បានចងក្រងបណ្ដាញអ្នកជំនាញទេសចរណ៍ និងអ្នកស្រាវជ្រាវក្នុងវិស័យ ទេសចរណ៍ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងផ្តល់ទស្សនទាន របកគំហើញ និងគំនិតផ្តួចផ្តើមថ្មីៗ តាមរយៈការ សិក្សាស្រាវជ្រាវ និងវិភាគលើលទ្ធផលនៃការសិក្សាស្រាវជ្រាវ ដើម្បីចូលរួមបង្កើត តាមដាន វាយតម្លៃការអនុវត្ត និងកែលម្អយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ វិស័យទេសចរណ៍។
ក្រសួងទេសចរណ៍ បានសហការជាមួយដៃគូសិក្សាស្រាវជ្រាវ ក្នុងវិស័យទេសចរណ៍ និងជំនាញពាក់ព័ន្ធដើម្បីពង្រឹង និងពង្រីកការស្រាវជ្រាវ និងការផ្សព្វផ្សាយអំពី សក្តានុពលទេសចរណ៍កម្ពុជា ឲ្យបានទូលំទូលាយ សម្រាប់គាំទ្រដល់ការរអភិវឌ្ឍទេសចរណ៍នៅកម្ពុជា ឲ្យឆ្លើយតបទៅនឹងតម្រូវការបស់សង្គម សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងទៅអនាគតនៅកម្ពុជា និងសកលលោក។
លោក ទិត ចន្ថា បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកតំណាងឱ្យលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ចើញជាអធិបតីភាពក្នុងពិធីបើក សិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពី «ការសិក្សាស្រាវជ្រាវ និងគោលនយោបាយជាតិលើវិស័យទេសចរណ៍» នៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៅរាជធានីភ្នំពេញ។ ដោយមានការចូលរួមពីលោកស្រីនាយកវិទ្យាស្ថានជាតិទេសចរណ៍ លោក លោកស្រី ប្រធាន- អនុប្រធានមន្ទីរ ទេសចរណ៍រាជធានីភ្នំពេញ ព្រមទាំងមន្រ្តីជំនាញនៃក្រសួងទេសចរណ៍ និងលោក លោកស្រី ព្រឹទ្ធបុរសរង ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងនិស្សិតដែលកំពុងសិក្សាជំនាញទេសចរណ៍ក្នុងឆ្នាំទី៣ និងទី៤ ប្រមាណ៣០០នាក់។
លោក ទិត ចន្ថា បានបញ្ជាក់ទៀតថា សារៈសំខាន់នៃការសិក្សាស្រាវជ្រាវ ក្នុងគោលនយោបាយទេសចរណ៍ ការសិក្សាស្រាវជ្រាវអាចជួយឲ្យយើងវិភាគឃើញពីបញ្ហា ដែលកំពុងកើតមានឡើង ឬបញ្ហាដែលអាចនឹងកើតមានឡើង ដើម្បីស្វែងរកដំណោះស្រាយឱ្យទាន់ពេលវេលា និងរកឃើញនូវរបកគំហើញថ្មីៗ ឆ្លើយតបទៅ នឹងតម្រូវការបច្ចុប្បន្ន ព្រមទាំងជួយបង្កើតការច្នៃប្រឌិត និងគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍។ ដូច្នេះហើយការរុករកនូវរបកគំហើញថ្មីៗជារឿងមួយដែលមិនអាចខ្វះបាន សម្រាប់មនុស្សជាតិបច្ចុប្បន្ន និងជាពិសេសសម្រាប់កូនចៅជំនាន់ក្រោយ។
លោក ទិត ចន្ថា បានបន្ថែមទៀតថា តាមរយៈការចូលរួមសិក្ខាសាលានេះ ការយកចិត្តទុកដាក់ស្តាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការសិក្សាស្រាវជ្រាវ របស់វាគ្មិនទាំងអស់ដែលជាថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងអ្នកជំនាញស្រាវជ្រាវក្នុងវិស័យទេសចរណ៍ លោកជឿជាក់ថា សិក្ខាកាមទាំងអស់ និងអាចស្វែងយល់កាន់ តែច្បាស់អំពីសារៈសំខាន់នៃការសិក្សាស្រាវជ្រាវក្នុងការសិក្សា ការងារ និងសង្គមព្រមទាំងទទួលបាននូវពុទ្ធិល្អៗ ទាក់ទងជំនាញទេសចរណ៍ និងជំនាញស្រាវជ្រាវ ក្នុងវិស័យទេសចរណ៍ ដែលជាទុនដ៏សំខាន់ ក្នុងការអភិវឌ្ឍខ្លួន និងរួមចំណែកក្នុងការលើកស្ទួយសង្គមជាតិផងដែរ។
លោកស្រី ប៉ូច វរលក្ខណ៍ នាយកវិទ្យាស្ថានជាតិទេសចរណ៍ បានឱ្យដឹងដែរថា ការស្រាវជ្រាវមិនត្រឹមតែមានសារៈសំខាន់សម្រាប់និស្សិត និងអ្នកសិក្សាប៉ុណ្ណោះទេប៉ុន្តែ គឺសម្រាប់អ្នកជំនាញទាំងអស់ ជាពិសេសការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ ត្រូវធ្វើឡើងក្នុងភាពជាដៃគូដើម្បីចងក្រងជាឯកសារស្នាដៃឆ្នើម និងផ្សព្វផ្សាយ ទេសចរណ៍ដោយត្រូវផ្តោតទៅលើរមណីយដ្ឋានវប្បធម៌ធម្មជាតិ ប្រវត្តិសាស្រ្ត និងការគោរពនូវតម្លៃប្រពៃណី ទំនៀមទំលាប់របស់ជាតិ ក្នុងន័យធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍មួយ ដែលមានការជ្រើសរើសពីសំណាក់ទេសចរជាតិ និងអន្តរជាតិ ដោយធ្វើការបង្កើតយន្តការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយ សមស្របតាមសន្ទុះរីកចម្រើននៃវិស័យទេសចរណ៍ ការសិក្សាស្រាវជ្រាវដើរតួនាទីជាស្ពាន ដើម្បីសំរេចគោលដៅ៕