(ភ្នំពេញ)៖ ធនាគារពាណិជ្ជចំនួន២នៅកម្ពុជា គឺធនាគារអេស៊ីលីដា និងធនាគារភ្នំពេញពាណិជ្ជ (PPCBank) ត្រូវបានផ្សារមូលបត្រកម្ពុជា (CSX) ឯកភាពជាគោលការណ៍ លើសំណើសុំពិនិត្យលទ្ធភាពបោះផ្សាយលក់មូលបត្រ នៅផ្សារមូលបត្រកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ CSX ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CSX បញ្ជាក់ថា «ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានសម្រេចឯកភាព ជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជី លក់មូលបត្រកម្មសិទ្ធិនៅទីផ្សារគោលរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងលើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុល របសធនាគារភ្នំពេញ ពាណិជ្ជនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩»។
ផ្សារមូលបត្រកម្ពុជាបញ្ជាក់ថា ដើម្បីអាចចុះបញ្ជី និងជួញដូរមូលបត្រជាផ្លូវការបាននៅ CSX ធនាគារអេស៊ីលីដា ភីអិលស៊ី និងធនាគារ PPCB ត្រូវតែទទួលបានការអនុញ្ញាតឲ្យ បោះផ្សាយលក់មូលបត្រជាសាធារណពីគណៈកម្មការមូលបត្រកម្ពុជា និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត ពាកព័ន្ធនឹងការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។
សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទី១ដែលទទួលបាន ការឯកភាពជាគោលការណ៍លើពាក្យ ស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រសិទ្ធិនៅ CSX ហើយក៏ជាក្រុមហ៊ុនទី៦ដែល នឹងចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅទីផ្សារគោលរបស់ CSX នៅពេលខាងមុខ។ ចំណែកឯធនាគារភ្នំពេញពាណិជ្ជ ជាក្រុមហ៊ុនទី៤ ដែលទទួលបានការឯកភាព ជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុលនៅ CSX៕