(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ជាថ្ងៃបញ្ចប់ នៃការប្រឡងជ្រើសរើសសិស្សនាយទាហាន ដែលមានបេក្ខជនបេក្ខនារីចំនួន ៨,០៦៣នាក់ បានដាក់ពាក្យប្រឡងនៅទូទាំងប្រទេស ហើយលទ្ធផលប្រឡង នឹងត្រូវប្រកាសឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោកស្រីឧត្តមសេនីយ៍ទោ ស៊ុ សុខា នាយករងមជ្ឈមណ្ឌលកីឡាកង យោធពលខេមរភូមិន្ទ និងជាអនុប្រធានមណ្ឌលប្រឡងរាជធានីភ្នំពេញ។
លោកស្រីឧត្តមសេនីយ៍ទោ បានថ្លែងថា សម្រាប់ការប្រឡងជ្រើសរើសសិ្សនាយទាហាននេះ ត្រូវបែងចែកជាពីរដំណាក់កាល គឺនៅថ្ងៃទី២២ ខែធ្នូ បេក្ខជនទាំងអស់ បានប្រឡងនូវមុខវិជ្ជាចំណេះដឹងទូទៅ ហើយនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូនេះ ប្រឡងវិញ្ញាសារកាយសម្បទានៅស្ដាតចាស់។
លោកស្រីឧត្តមសេនីយ៍ទោ ស៊ុ សុខា បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែធ្នូ សម្រាប់ការប្រឡងវិញ្ញាសារកាយសម្បទា វគ្គនាយទាហានសកម្ម, ថ្ងៃទី២៤ ប្រឡងវគ្គនាយទាហានកងទ័ពជើងគោក, ថ្ងៃទី២៥ ប្រឡងវគ្គនាយទាហានបន្តវេន និងថ្ងៃទី២៦ ខែធ្នូនេះ ដែលជាថ្ងៃបញ្ចប់ គឺប្រឡងវគ្គនាយទាហានបច្ចេកទេសយោធា។
លោកស្រីឧត្តមសេនីយ៍ទោ បានបន្ថែមទៀតថា មានបេក្ខជន បេក្ខនារី បានខិតខំប្រឹងបញ្ចេញសមត្ថភាពរបស់ខ្លួន ដើម្បីដណ្តើមជយលាភី នៃការប្រឡង ហើយនៅឆ្នាំនេះ មានបេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យអញ្ជើញមកប្រឡងច្រើនជាងឆ្នាំមុនៗ លើផ្នែកកីឡា ដែលបេក្ខជន បេក្ខនារីទាំងអស់សុទ្ធតែមានសមត្ថភាពផងដែរ។
គួរជម្រាបថា ការប្រឡងជ្រើសរើសទាហានលើកនេះ មានបេក្ខជន បេក្ខនារី បានដាក់ពាក្យប្រឡងទូទាំងប្រទេសសរុប ចំនួន៨,០៦៣នាក់ (ប្រុស៤,៦៧០នាក់/ ស្រី៣,៣៩៣នាក់) ស្មើនឹង ៣២៧បន្ទប់ បើប្រៀបធៀបនឹងឆ្នាំ២០១៩កន្លងទៅ មានបេក្ខជនបានដាក់ពាក្យប្រឡងសរុបចំនួន ៨,៣៥២នាក់ គឺថយចំនួន ២៨នាក់ ស្មើនឹង ៣,៤៦%។
ការប្រឡងរបស់បេក្ខជន និងបេក្ខនារីប្រព្រឹត្តទៅតាមមណ្ឌល ដែលគេបានដាក់ពាក្យប្រឡង ក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ នៅវិទ្យាល័យបាក់ទូក, នៅយោធភូមិភាគទី១ នៅវិទ្យាល័យហ៊ុនសែន ស្ទឹងត្រែង, នៅយោធភូមិភាគទី២ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម, នៅយោធភូមិភាគទី៣ នៅវិទ្យាល័យជាស៊ីមតាកែវ, នៅយោធភូមិភាគទី៤ នៅវិទ្យាល័យអង្គរខេត្តសៀមរាប និងនៅយោធភូមិភាគទី៥ នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង៕