(ភ្នំពេញ)៖ ទិវាវេសឡាញអន្តរជាតិ ឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ ទិសដៅទេសចរណ៍ក្នុងតំបន់អាស៊ាន រួមមាន ប្រទេសម៉ាឡេស៉ី ឥណ្ឌូនេស៉ី សិង្ហហ្គាពួរ ថៃ ពីលីពីន វៀតណាម ព្រុយនេ ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។
ទិសដៅទេសចរណ៍ក្នុងតំបន់អាស៊ាន បានធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ នៅសាលារៀនវេសឡាញសាខាសន្ធរមុខ មានគោលបំណងសំខាន់ៗចំនួន៥ រួមមាន៖
១៖ ផ្តល់ការវិភាគ និងស្វែងយល់ឲ្យបានស៉ីជម្រៅអំពីកត្តា ដែលរួមចំណែកដល់ភាពជោគជ័យ នៃវិស័យទេសចរណ៍របស់ប្រទេសទាំងនេះ
២៖ ស្វែងយល់ពីភាពសម្បូរបែប នៃបរិយាកាសវប្បធម៌ នយោបាយ សង្គម អប់រំ និងសេដ្ឋកិច្ច នៃប្រទេសទាំងនោះ
៣៖ លើកកម្ពស់ និងពង្រឹងសាមគ្គីភាពក្នុងចំណោមសិស្ស គ្រូបង្រៀន និងបុគ្គលិក
៤៖ អនុវត្តន៍ទម្លាប់ទាំង៧ និងគំនិត TLIM ជាពិសេសតួនាទីជាអ្នកដឹកនាំរបស់សិស្សនីមួយៗក្នុង The Leader in Me
៥៖ លើកកម្ពស់ជំនាញសតវត្សទី ២១។
លោក អ៉ុ សារឿន អគ្គនាយកសាលារៀនវ៉េស្ទឡាញន៍ សាខាសន្ធរមុខ បានថ្លែងថា គិតមកដល់លើកនេះសាលាធ្វើបាន៥ លើករួចមកហើយ។ លោកថ្លែងថា លើកទី១ ប្រធានបទស្តីពី ប្រទេសនៅតំបន់អាស៊ាន, លើកទី២ ប្រធានបទស្តីពីខ្មែរសម័យកកើតទឹកដីរហូតដល់បច្ចុប្បន្នកាល, លើកទី៣ ប្រធានបទស្តីពី ប្រទេសនានានៅតំបន់អាស៉ីបូព៌ា, លើកទី៤ ប្រធានបទស្តីពី មហាអំណាចសេដ្ឋកិច្ចទាំង១០នៅអាស៉ី, និងលើកទី៥ ប្រធានបទស្តីពី ប្រទេសសក្តានុពលទេសចរណ៍ខ្ពស់ នៅតំបន់អាស៊ានយើងនេះ។
លោក អ៉ុ សារឿន បានបន្តថា សិស្សដែលអាចចូលរួមសាវជ្រាវនៅក្នុងកម្មវិធីនេះហៅថា ទាល់តែចេះភាសាអង់គ្លេស មិនថាកុមារ មនុស្សធំ បឋម និងមធ្យមឡើយ ហើយគេចែកឲ្យសាវជ្រាវ។ ការសាវជ្រាវនេះ មានកាណែនាំពីអ្នកគ្រូ និងលោកគ្រូ។
លោកបញ្ជាក់ថា៖ «គាត់សាវជ្រាវបានហើយ យកមកហើយរៀបជាពិព័រណ៌ហើយពិព័រណ៌ យើងអាចឃើញនៅតាមស្តង់នានា។ ក្រៅពីនេះ យើងក៏ឲ្យពួកគាត់ឲ្យសាវជ្រាវប្រទេសនីមួយៗ មានសម្លៀកបំពាក់ប្រទេសនីមួយៗ របាំប្រទេសនីមួយៗ ហើយគាត់យកមកសម្តែងខ្លួនគាត់ គាត់អាចសាវជ្រាវតាម Google គាត់ហាត់ ហើយយកមកសម្តែងដោយខ្លួនឯង»។
លោកអគ្គនាយកសាលា បានបន្ថែមថា គោលដៅទិវាទេសចរណ៍ក្នុងតំបន់អាស៊ាននេះមាន៣៖ ទីមួយចង់ឲ្យសិស្សស្គាលភាពជោគជ័យរបស់វិស័យទេសចរណ៍នីមួយនៅតំបន់អាស៊ាន, ទីពីរសិស្សស្គាល់ពីអរិយធម៌ និងវប្បធម៌របស់គេទាំងអស់នេះ ទាំងសេដ្ឋកិច្ច នយោបាយ សម្លៀកបំពាក់ ស្ថានភាពទាំងអស់តំបន់ទេសចរណ៍ មានម្ហូបអារហារមានអ្វីខ្លះ?, និងទីបីចង់ឲ្យសិស្ស និងគ្រូមានភាពសហការគ្នា និងបុគ្គលិកចូលរួមទាំងអស់គ្នា។
យុវតី លី ហៀក ជាសិស្សសាលាវេសឡាញ បានថ្លែងចំណាប់អារម្មណ៍ថា កម្មវិធីនេះល្អខ្លាំងណាស់ ដែលតាមរយៈកម្មវិធីនេះ ខ្លួនទទួលបានចំណេះដឹង ក៏ដូចជាបទពិសោធន៍ដ៏ល្អៗ សម្រាប់ប្រើប្រាស់នៅថ្ងៃអនាគត។ ចំណេះដឹង និងបទពិសោធន៍ទាំងនោះ មានដូចជាផ្នែកអប់រំ សេដ្ឋកិច្ច វប្បធម៌ផ្សេងៗពីប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ានជាដើម។
សិស្សសាលារូបនេះ បានបញ្ជាក់ថា៖ «កាលពីមុនខ្ញុំចាំបានថា គេធ្វើប្រធានបទអំពីសម័យកាលខ្មែរ ដែលបណ្តុះចិត្តសិស្សឲ្យស្រលាញ់មាតុភូមិរបស់យើង។ ដូចយើងដឹងហើយថា កូនខ្មែរជំនាន់ក្រោយទទួលឥទ្ធិពលខ្លាំង ពីវប្បធម៌បរទេស ហើយពេលយើងធ្វើកម្មវិធីពន្យល់ពីសម័យកាលនីមួយៗនោះ យើងអាចដឹងពីរបៀបគ្រប់គ្រង វប្បធម៌ ជំនឿផ្សេងៗ ក៏ដូចជាសេដ្ឋកិច្ចនៅសម័យនោះដែរ»។
លី ហៀក បានបន្ថែមថា កម្មវិធីនេះ ក៏ធ្វើឲ្យសិស្សមានគំនិតភាពជាអ្នកដឹកនាំ ដែលជាគោលដៅសំខាន់ សាលាចង់ផ្តល់ឲ្យ។ យុវតីរំលឹកថា ពេលចូលរួមកម្មវិធីនេះ បានសហការគ្នា និងចែកការងារគ្នាស្រាវជ្រាវ ដោយមានអ្នកខ្លះស្រាវជ្រាវផ្នែកសេដ្ឋកិច្ច ផ្នែកវប្បធម៌ ទំនៀមទម្លាប់ និងអាហារជាដើម។
លី ហៀក បានប្រាប់ពីចំណេះដឹងនៃការស្រាវជ្រាវនេះ ដោយបញ្ជាក់ថា «យើងអាចយកមកប្រៀបធៀបប្រទេសយើងដែរថា ប្រទេសយើងខ្វះខាតកន្លែងណា អាចទាញបទពិសោធន៍ល្អៗ ពីប្រទេសដទៃ មកបំពេញចន្លោះខ្វះខាតទាំងនោះ»៕