(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK) ត្រូវបានទទួលស្គាល់ជា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឆ្នើមនៅកម្ពុជាប្រចាំឆ្នាំ២០១៩» ពី Global Business Outlook។
អេ អឹម ខេ ត្រូវបានវិនិច្ឆ័យទៅលើលក្ខខណ្ឌ និងគោលការណ៍ជាច្រើនដូចជា ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា មានជម្រើសច្រើនក្នុងការបង់សងកម្ចី ចំណាយថ្លៃសេវាទាប សេវាលឿនរហ័សទាន់ចិត្ត ការបង់សងត្រលប់មានភាបបត់បែន អនុវត្តគោលនយោបាយការពារអតិថិជនពេញលេញ សេវាកម្មល្អ បុគ្គលិកមានវិជ្ជាជីវៈខ្ពស់ និងរួសរាយរាក់ទាក់ ដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពសម្រាប់អតិថិជន។
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេបង្អស់ ដែលបង្កើតនាយកដ្ឋានស្រាវជ្រាវឯករាជ្យនៅក្នុងស្ថាប័ន ដើម្បីធ្វើការស្រាវជ្រាវផ្នែកទីផ្សារ ការស្ទង់មតិផ្សេងៗអំពីភាពពេញចិត្តរបស់អតិថិជន និងសិក្សាពីការយល់ឃើញ និងឥរិយាបថរបស់អតិថិជនផងដែរ។
លោក គា បូរាណ ប្រធានយកប្រតិបត្តិ អេ អឹម ខេ មានបញ្ជាក់ថាពានរង្វាន់នេះ បង្ហាញឲ្យឃើញថា អេ អឹម ខេ បាន និងកំពុងតែធ្វើកិច្ចការជាច្រើនក្នុងគោលបំណង ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើងដោយផ្តល់ជូនសេវាហិរញ្ញវត្ថុសម្បូរបែបនៅកន្លែងតែមួយ ជាពិសេសអតិថិជនដែលរស់នៅតំបន់ជនបទ។
«ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជោគជ័យរបស់ អេ អឹម ខេ ដោយសារតែការបង្កើតវប្បធម៌ នៃការច្នៃប្រឌិតក្នុងការផ្តល់សេវាធនាគារបែបទំនើបដល់អតិថិជន ព្រមទាំងការអភិវឌ្ឍឥតឈប់ឈរនូវប្រព័ន្ធធនាគារស្នូលរបស់យើង ដើម្បីធានាថា អតិថិជនមានការពេញចិត្តលើសេវាកម្ម និងផលិតផលរបស់ អេ អឹម ខេ។ ជាមួយគ្នានេះផងដែរ អេ អឹម ខេ បានធ្វើការវិនិយោគយ៉ាងយកចិត្តទុកដាក់ទៅលើបច្ចេកវិទ្យាថ្មី ដើម្បីពង្រីកវិសាលភាពដោយធានាឲ្យមានប្រសិទ្ធភាពខ្ពស់លើប្រតិបត្តិការ» នេះជាការលើកឡើងរបស់លោក បូរាណ៕