(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានបន្ដបើកវគ្គបំប៉នជំនាញ ភ្នាក់ងារសន្ដិសុខឯកជន លើកទី២៥ ដើម្បីធ្វើយ៉ាងណាឲ្យភ្នាក់ងារសន្ដិសុខឯកជន មានសមត្ថភាពពេញលេញ ដើម្បីចូលរួមកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព តាមបណ្ដាគោលដៅ ក៏ដូចជាសង្គមទាំងមូល។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ វិស័យសន្ដិសុខឯកជន មានការរីកចម្រើនយ៉ាងខ្លាំងស្របតាមប្រទេសជាតិ មានការអភិវឌ្ឍគ្រប់វិស័យ ហើយវិស័យនេះ បានចូលរួមថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមយ៉ាងផុលផុស។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា វិស័យសន្ដិសុខឯកជន ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់ សម្រាប់កិច្ចការពារថែរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដូច្នេះភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់។
ដោយមើលឃើញពីគុណតម្លៃទាំងអស់នេះ ទើបអគ្គស្នងការដ្ឋាននគរបាល ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ ធ្វើការរៀបចំវគ្គបំប៉នជំនាញនេះឡើង ក្នុងគោលបំណងសំខាន់ គឺស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្ដិសុខឯកជន លើការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងពង្រឹងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សម្ដៅធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារសន្ដិសុខសង្គម។
ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានបន្ថែមថា នេះជាលើកទី២៥ហើយ ដែលនាយកដ្ឋានជំនាញ រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន ដល់ភ្នាក់ងារសន្ដិសុខឯកជន បម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។ ដោយយោងតាមស្មារតីសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងសន្ដិសុខឯកជន ក្នុងការគ្រប់គ្រង និងកសាងសមត្ថភាព បង្កើនចំណេះដឹង ផ្ដល់បទពិសោធន៍បច្ចេកទេស ដែនកំណត់ភារកិច្ចទទួលខុសត្រូវ កិច្ចសហការផ្ដល់កម្លាំងជំនួយរវាងសន្ដិសុខឯកជន និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម។
បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលកំពុងជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃ ក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្ដិសុខឯកជន, វិធីសាស្ដ្រការពារគោលដៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, របៀបផ្ដល់ជំនួយ និងសហការជាមួយសមត្ថកិច្ច, ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការពន្លត់អគ្គិភ័យ និងការជម្លៀសខ្លួនចេញពីអគ្គិភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។
លោកសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ត្រង់ត្រាប់ស្ដាប់វាលឃ្មិនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះ ទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជមានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សាធារណៈ និងសង្គមជាតិទាំងមូល៕