(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែធ្នូឆ្នាំ២០១៩នេះថា រដ្ឋាភិបាលចិន បានសំរេចផ្តល់ជំនួយចំនួន២.៥លានដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម របស់អង្គភាពស៊ីម៉ាក់ សម្រាប់ឆ្នាំ២០២០។
លោក ហេង រតនា បញ្ជាក់ថា ថវិកាជាជំនួយឥតសំណងចំនួន២.៥លានដុល្លារនៃរដ្ឋាភិបាលចិននេះ នឹងត្រូវប្រើប្រាស់ ដើម្បីអនុវត្តគំរោង «ជំនួយចិនដើម្បីលុបបំបាត់គ្រាប់មីន នៅកម្ពុជា» ហើយគំរោងនេះ គាំទ្រការពង្រាយកំលាំងប្រតិបតិ្តការរបស់អង្គភាពស៊ីម៉ាក់ នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តស្ទឹងត្រែង ព្រមទាំងកំលាំងអន្តរាគមន៍ នៅខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំជាដើម ដែលមានផែនការរំដោះផ្ទៃដីចំការមីន និងចំការគ្រាប់ចំនួនជាង១៧គីឡូម៉ែត្រក្រឡា។
លោកបន្ថែមទៀតថា គំរោងនេះត្រូវប្រើប្រាស់កំលាំងជំនាញជិត៣០០នាក់ ក្នុងរយៈពេល១ឆ្នាំ គឺពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ២០២០។ គំរោងជំនួយឥតសំណងរដ្ឋាភិបាលចិននេះ មានរយៈពេល៣ឆ្នាំ (២០២០-២០២២) ហើយសម្រាប់ឆ្នាំ២០២០ គឺជាឆ្នាំទី១។
សូមជម្រាបថា រដ្ឋាភិបាលចិនបានផ្តល់ជំនួយទំហំថវិកា២.៥លានដុល្លារអាមេរិក នៅចុងឆ្នាំ២០១៨ ដើមឆ្នាំ២០១៩ផងដែរ ដែលបានអនុវត្តការបោសសំអាតមីន និងសំណល់ជាតិផ្ទុះតាមបណ្តា ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តស្ទឹងត្រែង ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំជាដើម៕