(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះចែកសលាកបត្រព័ត៌មានដីអាស្រ័យផលជូនប្រជាពលរដ្ឋចំនួន ១២៤នាក់ (តំណាងឱ្យ១២៤គ្រួសារ) ដែលរស់នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ៥ហិកតា។
ភូមិគោកត្របែកខាងលើនេះ គឺជាតំបន់ដាច់ស្រយាលដ៏សំខានមួយដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ និងបានកសាងសមិទ្ធផលអាណាចក្រ និងពុទ្ធចក្រ មានព្រះវិហារ សាលារៀន ហេដ្ឋារចនាសម្ពន្ធជាច្រើន។
លោករដ្ឋមន្ត្រី ថោង ខុន បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋខាងលើត្រូវប្រើប្រាស់ដីធ្លីដែលទទួលបាននេះឱ្យអស់សក្ដានុពល និងត្រូវថែរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយតទៅមុខទៀត ដាច់ខាតមិនត្រូវលក់ដូរបន្តទៀតឡើយ។ ម្យ៉ាងវិញទៀត សលាកបត្រដីអាស្រ័យផលនេះ ក៏មិនអាចប្រើប្រាស់សម្រាប់យកទៅលក់បន្តដីរបស់ពួកគាត់បានដែរ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅភូមិគោកត្របែក ត្រូវត្រៀមរក្សាទឹកទុកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងឆ្នាំនេះឱ្យបានគ្រប់គ្រាន់។ ចំពោះការធ្វើស្រែប្រាំងវិញ សូមធ្វើតែម្ដងបានហើយ ប៉ុន្តែនៅពេលច្រូតកាត់រួចរាល់ ប្រជាពលរដ្ឋក៏អាចដាំដំណាំផ្សេងទៀតបានដែរ ពិសេសដំណាំឪឡឹក ត្រសក់ សណ្ដែកសៀង បន្លែបង្ការនានាជាដើម។
លោកក៏បានរំលឹកឱ្យប្រជាពលរដ្ឋនៅតំបន់នោះ គប្បីនឹករលឹកដឹងគុណរបស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅភូមិគោកត្របែក ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោកថា ទោះបីថ្នាក់ដឹកនាំនៅឆ្ងាយក៏ពិតមែន ប៉ុន្តែក្ដីព្រួយបារម្ភខ្វាយខ្វល់ ក្ដីនឹករលឹក និងការគិតគូរចំពោះប្រជាពលរដ្ឋនៅតំបន់ជាប់បឹងទន្លេសាបនេះ មិនដែលនៅឆ្ងាយឡើយ។
នាឱកាសនោះដែរ លោកអភិបាលខេត្ត សុខ លូ ក៏បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋនៅភូមិគោកត្របែកថា នៅពេលបានទទួលដីធ្លីយកទៅប្រើប្រាស់ហើយ សូមកុំកាប់ទន្ទ្រានព្រៃលិចទឹកបន្តទៀត ផ្ទុយទៅវិញ សូមចូលរួមអភិរក្សព្រៃលិចទឹក (ព្រៃរនាម) ក្នុងតំបន់ជាប់បឹងទន្លេសាបនេះឱ្យនៅគង់វង្សតរៀងទៀត ព្រោះវាមានផលប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាពលរដ្ឋ បរិស្ថាន សត្វព្រៃ ត្រីនិងមច្ឆាជាតិនានា ហើយក៏ពាក់ព័ន្ធដល់ការទាក់ទាញទឹកភ្លៀងឱ្យធ្លាក់ទៀងទាត់ ដែលជាហេតុផ្ដល់ភាពអំណោយផលដល់ការប្រកបរបរកសិកម្មរបស់ប្រជាកសិករទូទៅផងដែរ។
សូមជម្រាបថា ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីប្រគល់-ទទួលសលាកបត្រប្លង់ដីនាពេលនោះ មានចំនួនសរុបប្រមាណ ៣០០នាក់ ហើយលោករដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្ត សុខ លូ ក៏បានចែកជូនបន្ថែមនូវសារ៉ុង ១ ថ្នាំពេទ្យ TIFFY ៣បន្ទះ និងថវិកាចំនួន ២ម៉ឺនរៀល ជូនដល់ប្រជាពលរដ្ឋម្នាក់ៗផងដែរ៕