(ភ្នំពេញ)៖ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នាថ្មីៗនេះ មានក្រុមជនអគិត បានបង្កើតចំណុចបង្គោលព្រំដែនលេខ៧៨ក្លែងក្លាយ នៅលើ Google Maps ដើម្បីឱ្យមហាជនមានការភាន់ច្រឡំ។
លោកស្រីបានថ្លែងថា ក្រុមជនអគតិបានបង្កើតចំណុចព្រំដែន បង្គោលលេខ៧៨ (១) ក្លែងក្លាយ នៅលើប្រព័ន្ធអ៉ីនធើណិត Google Maps ដែលខុសគ្នាជាង៥គីឡូម៉ែត្រ ពីបង្គោលលេខ៧៨ (១) ពិតប្រាកដ។ លោកស្រីបញ្ជាក់ថា៖ «ផែនទីនេះ ពុំត្រឹមត្រូវទេ ចាត់ទុកថា ជាផែនទីក្លែងបន្លំ បោកប្រាស់មហាជន»។
លោកស្រី កុយ ពិសី បានបញ្ជាក់បន្ថែមថា បង្គោលលេខ ៧៨ គឺជាប្រភេទបង្គោលព្រំដែនភ្លោះ ដែលរួមមានបង្គោលលេខ៧៨ (១) ត្រូវបានបោះ នៅត្រើយខាងលិចទន្លេចាមលើទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបង្គោលលេខ៧៨ (២) បោះនៅត្រើយខាងកើតទន្លេចាមលើទឹកដីវៀតណាម។
ការបង្កើតចំណុចព្រំដែនបង្គោលលេខ៧៨ (១) ក្លែងក្លាយ នៅលើប្រព័ន្ធអ៉ីនធើណិត Google Mapsនេះ បានធ្វើឡើងបន្ទាប់ពីក្រុមមួយចំនួនដែលមាននិន្នាការប្រឆាំង បានវាយប្រហាររាជរដ្ឋាភិបាល កាត់ដីឱ្យវៀតណាម ក្រោយពេលកម្ពុជា-វៀតណាម បានចុះឯកសារព្រំដែនចំនួន២ កាលពីដើមខែតុលា ឆ្នាំ២០១៩ ក្នុងនោះរួមមាន ១៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និង ២៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
មន្រ្តីជាន់ខ្ពស់កិច្ចការព្រំដែន លោកស្រី កុយ ពិសី បានអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំឱ្យជឿលើការបោកប្រាស់ ជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីវាយប្រហារដល់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ។ ការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ បានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០០៥មក ដែលរហូតមកដល់ ពេលបច្ចុប្បន្នការបោះបង្គោលព្រំដែននេះ សម្រេចបានប្រមាណ ៨៤ភាគរយហើយ៕