(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញលទ្ធផល កិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី៣ ក្រោមវត្ដមានលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ។
កិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី៣នេះ រៀបចំឡើងនៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានាដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១៖ វឌ្ឍនភាពកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំ៖
ក្រោយពីរាជរដ្ឋាភិបាល បានដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នៃគ្រួសារមានបណ្ណសមធម៌ ឬបណ្ណអាទិភាពកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅតាមមូលដ្ឋាន សុខាភិបាលសាធារណៈទូទាំងប្រទេស កន្លងមក, គិតត្រឹមតំណាច់ខែ វិច្ឆិកា ឆ្នាំ២០១៩, ស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ បានមកទទួលសេវាពិនិត្យសុខភាពមានចំនួន ១៥២,២៥៨ករណី ក្នុងនោះ ស្ត្រីសម្រាលកូនមាន ចំនួន២៣,៧៩៤ ករណី ចំណែកឯស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ ដែលបានមកពិនិត្យសុខភាពមុន និងក្រោយសម្រាល មានចំនួន១២៨,៤៦៤ករណី។
ដោយប្រើប្រាស់ថវិកាជាតិ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ គ្របដណ្តប់ទៅលើស្ត្រីមានផ្ទៃពោះ នៃគ្រួសារមានបណ្ណសមធម៌ (IDPoor ១ និង IDPoor ២) និងបណ្ណអាទិភាព (Post ID) ហើយការអនុវត្តកម្មវិធីនេះ បាន ប្រព្រឹត្តទៅដោយរលូន តាមរយៈការប្រើបច្ចេកវិទ្យានៅលើតាប្លេត (Tablet) និងមានភ្នាក់ងារវេរប្រាក់ Wing ដែលជា ដៃគូក្នុងការបើកផ្តល់ប្រាក់ដល់អ្នកទទួលផលដោយផ្ទាល់។
ជាទិសដៅបន្ត ក្រសួងសុខាភិបាល នឹងជំរុញការផ្សព្វផ្សាយ បណ្ដុះបណ្ដាលបន្ថែម ដល់មន្ត្រីនៅតាមមូលដ្ឋានសុខាភិបាល ក្នុងការអនុវត្តកម្មវិធីនេះ ទៅតាមសមត្ថកិច្ច ក៏ដូចជាកិច្ច សហការ ដើម្បីរៀបចំប្រគល់កិច្ចការនេះ ជូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដឹកនាំអនុវត្តបន្ត ទៅ តាមកាលកំណត់។
២៖ យន្តការ និងបទដ្ឋានគតិយុត្តនៃការផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃ ពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៖
ដើម្បីកាត់បន្ថយបន្ទុក កិច្ចការរដ្ឋបាលរបស់មន្ត្រីសុខាភិបាល និងអនុញ្ញាតឲ្យក្រសួងសុខាភិបាល ផ្តោតការយកចិត្តទុកដាក់ លើគុណភាពនៃការផ្ដល់សេវាថែទាំ ក៏ដូចជាផ្តល់ការព្យាបាល ជូនប្រជាពលរដ្ឋកាន់តែប្រសើរ និងឈានទៅរៀបចំធ្វើសមាហរណកម្មកម្មវិធី ជំនួយសង្គមផ្សេងទៀត ទៅជាកម្មវិធីកញ្ចប់គ្រួសារ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព នៃការផ្ដល់ការឧបត្ថម្ភគាំទ្រដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក៏ដូចជាដើម្បីពង្រឹង ប្រសិទ្ធភាពនៃការចំណាយថវិការដ្ឋ, រាជរដ្ឋាភិបាល បានសម្រេចផ្ទេរការដឹកនាំអនុវត្តកម្មវិធីឧត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំនេះ ពីក្រសួងសុខាភិបាល ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានប្រើប្រាស់យន្តការថ្នាក់ក្រោមជាតិ។
កន្លងមក, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាស្ថាប័នទទួលបន្ទុកដឹកនាំការងារនេះ បន្តបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍មួយចំនួន ដើម្បីរៀបចំយន្តការ ការងារ ដែលរួមមាន ការរៀបចំសៀវភៅប្រតិបត្តិគោល, ការផ្តល់ជូន Tablet ដល់មន្ត្រីទទួលបន្ទុកការងារនៅតាមឃុំ-សង្កាត់, និងការបណ្តុះបណ្តាលមន្ត្រីឃុំ-សង្កាត់ នៅទូទាំងប្រទេសជាដើម។
៣៖ វឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គម៖
ដើម្បីចូលរួមធានានូវសន្តិសុខប្រាក់ចំណូល របស់មន្ត្រីសាធារណៈ និងដើម្បីរួមចំណែកកាត់បន្ថយគម្លាតរវាងនិវត្តជនចាស់ និងថ្មី, ក្នុងឆ្នាំ២០១៩នេះ, រាជរដ្ឋាភិបាល បានរ៉ាប់រងចំណាយទាំងស្រុង លើការឧបត្ថម្ភ ប្រាក់សោធន ដោយរាជរដ្ឋាភិបាលបានវិភាជថវិកាចំនួន ៩២៦,៦៧១ លានរៀល។
ក្នុងឆ្នាំ២០១៩នេះដែរ, រាជរដ្ឋាភិបាល ក៏បានវិភាជថវិកាចំនួន៥០ប៊ីលានរៀល ដើម្បីទ្រទ្រង់របបថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែលក្នុងនោះ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៩, ប.ស.ស បានទូទាត់ចំណាយចំនួន ៨១,៦៧៧ ករណី។
ជាមួយគ្នានេះ, ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាល ក៏បានផ្តល់ការថែទាំសុខភាព ដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាលជូនគ្រួសារក្រីក្រ និងក្រុមពលរដ្ឋដ៏ទៃទៀត ដែលរួមមាន កម្មករ ក្រៅប្រព័ន្ធ អ្នកធាក់ស៊ីក្លូ កីឡាករជម្រើសជាតិ សមាជិកក្រុមប្រឹក្សាក្រុមប្រឹក្សាភូមិ-ឃុំ និងក្រុមគ្រួសារពលីមរណៈ។ ក្នុងឆ្នាំ២០១៩នេះ, រាជរដ្ឋាភិបាល បានវិភាជថវិកាសរុបប្រមាណ៨០ប៊ីលានរៀល បូកបន្ថែមថវិការបស់ដៃគូ អភិវឌ្ឍន៍ចំនួនប្រមាណ៣៤ប៊ីលានរៀល សម្រាប់អនុវត្តកម្មវិធីនេះ។
ដោយឡែក សម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជន និយោជកជាអ្នករ៉ាប់រងទាំងស្រុងលើការបង់ភាគទានចូលក្នុងរបបថែទាំសុខភាព ដោយគិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៩, ប.ស.ស. ប្រមូលវិភាគទាន និងបានចំណាយទូទាត់ទៅវិញសរុបចំនួន ២,០៧៦,៤១៦ករណី។ របបហានិភ័យការងារ ក៏ត្រូវទទួលបន្ទុកទាំងស្រុង ដោយនិយោ-ជកផងដែរ ដែលគិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៩នេះ ប.ស.ស ប្រមូលភាគទាន និងបានចំណាយទូទាត់វិញ ចំនួន១៣,៨៩៨ករណី។
៤៖ ផេ្សងៗ៖
អង្គប្រជុំ ក៏បានពិនិត្យ ផ្តល់យោបល់ និងសម្រេចលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតអនុគណៈកម្មការ ជំនួយសង្គមរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងផែនការសកម្មភាពអទិភាព សម្រាប់ការអភិវឌ្ឍប្រព័ន្ធ គាំពារសង្គម សម្រាប់ឆ្នាំ២០២០ខាងមុខផងដែរ៕