(ភ្នំពេញ)៖ ស្ថាបនិក និងជានាយកប្រតិបត្តិរបស់អង្គភាពព័ត៌មាន Fresh News លោក លឹម ជាវុត្ថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ បាននាំយកថវិការបស់សប្បុរសជនសរុបជាង ៦ម៉ឺនដុល្លារអាមេរិក ទៅជូនមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរួមចំណែកជួយសាងសង់អគារ និងបំពាក់បរិក្ខារសម្រាប់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
តាមរយៈបណ្តាញព័ត៌មានរបស់ Fresh News មានសប្បុរសជន ដែលមានទឹកចិត្តសប្បុរសធម៌ជាច្រើន បានចូលរួមជួយដល់មន្ទីរកាល់ម៉ែត។ ថវិកាសប្បុរសជនតាមរយៈអង្គភាពព័ត៌មាន Fresh News មានចំនួនសរុបជាង ៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះថវិកាជាដុល្លារមានចំនួន ៣៥,៤៧៧ដុល្លារ ថវិកាជារៀលមានចំនួន ១១៣,១០០,០០០រៀល។
តំណាងឱ្យសប្បុរសជនដែលចូលរួមតាមរយៈអង្គភាពព័ត៌មាន Fresh News លោក លឹម ជាវុត្ថា បានគូសបញ្ជាក់ថា ថវិកាកើតចេញពីកម្លាំងសប្បុរសធម៌នេះ គឺជាគាំទ្រចំពោះសកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានអំពាវនាវឱ្យមានការជួយដល់មន្ទីរពេទ្យកាល់ម៉ែត។ មួយវិញទៀតថវិកាបានមកពីកម្លាំងសទ្ធាជ្រះថ្លាទាំងនេះ ដើម្បីចូលរួមចំណែកជួយលើកកម្ពស់គុណភាពរបស់មន្ទីរពេទ្យកាល់ម៉ែត ក្នុងការព្យាបាល និងការជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋខ្មែរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
តំណាងរបស់មន្ទីរពេទ្យកាល់ម៉ែត លោក ជ័យ វិសាល ប្រធានគ្រប់គ្រងថវិការបស់សប្បរសជនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានលះបង់ធនធានផ្ទាល់ខ្លួនជួយដល់មន្ទីរពេទ្យកាល់ម៉ែត។ លោកបានថ្លែងថា ថវិកាទាំងនេះក្លាយទៅជាចលករដ៏សំខាន់ជួយឱ្យមន្ទីរពេទ្យមានសមត្ថភាព កាន់តែខ្ពស់ក្នុងបេសកកម្មជួយព្យាបាល និងសង្គ្រោះប្រជាពលរដ្ឋពីជំងឺ និងគ្រោះថ្នាក់ផ្សេងៗ។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០លានដុល្លារអាមេរិក សម្រាប់សាងសង់អគារព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតដែលកំពុងដំណើរការសាងសង់។ ដោយគោលបំណងធ្វើឱ្យមន្ទីរពេទ្យកាល់ម៉ែត ក្លាយទៅជាមន្ទីរពេទ្យបង្អែក របស់ជាតិកម្ពុជា ដែលទំនើបសម្រាប់ជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់សប្បុរសជននានា ជួយបរិច្ចាគថវិកាចូលរួមចំណែកសាងសង់អគារមន្ទីរពេទ្យ និងទិញឧបករណ៍ ក៏ដូចជាបរិក្ខារបម្រើដល់ការព្យាបាលបំពាក់នៅក្នុងមន្ទីរពេទ្យនេះ។
នៅក្រោយការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី មានសប្បុរសជនជាច្រើនបានរួមចំណែកផ្តល់ថវិការបស់ពួកគេជួយដល់សាងសង់អគារ និងទិញឧបករណ៍ បរិក្ខារបំពាក់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងនោះអង្គភាពព័ត៌មាន Fresh News ក៏បានចូលរួមជួយរៃអង្គាសប្រាក់ ដើម្បីជួយដល់មន្ទីរពេទ្យកាល់ម៉ែតនេះផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចប់ការទទួលថវិកាពីសប្បុរសជនសម្រាប់សាងសង់អគារមន្ទីរពេទ្យ និងបំពាក់ឧបករណ៍នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ។ ថវិកាទទួលបានពីសម្បុរសជន បូកជាមួយថវិការដ្ឋ៣០លានផងនោះ ធ្វើឱ្យថវិកាសម្រាប់សាងសង់អគារ និងបំពាក់ឧបករណ៍នៅមន្ទីរពេទ្យកាល់ម៉ែតមានរហូតដល់ទៅជាង១០៤លានដុល្លារអាមេរិក៕