(ភ្នំពេញ)៖ លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យតំណាងសាស្រ្តាចារ្យ និងតំណាងនិស្សិត ថ្នាក់ក្រោយឧត្តមចំនួន១០នាក់ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) ចូលជួបសម្តែងការគួរសម និងទស្សនកិច្ចសិក្សា ព្រមទាំងស្តាប់បទបង្ហាញស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងក្របខណ្ឌនៃស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលរបស់ជាតិ។
លោក អ៉ឹម ឈុនលឹម បានកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលបានខិតខំបណ្តុះបណ្តាលធនធានអ្នកច្បាប់ប្រកបដោយគុណភាព ក្លាយជាថ្នាក់ដឹកនាំមន្ត្រីរាជការតាមក្រសួងស្ថាប័នជាតិនានា។
លោក អ៉ឹម ឈុនលឹម ក៏បានជម្រាបជូនតំណាងសាស្រ្តាចារ្យ និងនិស្សិត អំពីសមត្ថិច្ច និងរចនាសម្ព័ន្ធដឹកនាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។ គិតមកត្រឹមថ្ងៃនេះ ក្រុមប្រឹក្សាធម្មនុញ្ញមានអាយុកាល២១ឆ្នាំកន្លះ ហើយបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនតាមសមត្ថកិច្ច ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងការធានាការពារ ការគោរពរដ្ឋធម្មនុញ្ញ ដោយឈរលើគោលការណ៍នីតិរដ្ឋ ឯករាជ្យ និងអព្យាក្រិត។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានលើកឡើងផងដែរថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល ដែលបុគ្គលគ្រប់រូបត្រូវគោរពប្រតិបត្តិ តាមក្នុងឋានៈជាម្ចាស់វាសនា នៃប្រទេសជាតិរបស់ខ្លួន។ ការយល់ដឹងអំពីគោលការណ៍ធំៗ ជាមូលដ្ឋានគ្រឹះ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ មានសារសំខាន់ក្នុងការកសាងចំណេះដឹងទូទៅប្រកបដោយវិសាលភាពទូលំទូលាយ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ដែលចេះប្រើសិទ្ធិ និងករណីកិច្ចរបស់ខ្លួនត្រឹមត្រូវ ពង្រឹងមនសិការស្នេហាជាតិ សីលធម៌សង្គម ធ្វើឲ្យសង្គមជាតិមួយមានរបៀបរៀបរយ និងសុខដុមរមនា។
ហេតុដូចនេះហើយថ្មីៗនេះ ក្រុមការងារជំនាញរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បាននិងកំពុងធ្វើកិច្ចការរួមគ្នា ជាមួយនឹងក្រុមការងារជំនាញ នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់បញ្ចូលបទប្បញ្ញត្តិមួយចំនួន នៃរដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សាទាំងបីកម្រិត គឺកម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងកម្រិតមធ្យមសិក្សាទុតិយភូមិ។
លោកបណ្ឌិត អ៉ឹម ឈុនលឹម បានប្រគល់វត្ថុអនុស្សាវរីយ៍ជាសៀវភៅរដ្ឋធម្មនុញ្ញ ជូនតំណាងសាស្រ្តាចារ្យ និងនិស្សិតថ្នាក់ក្រោយឧត្តម នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងបានប្រគល់ភារកិច្ចជូន អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ បន្តធ្វើបទបង្ហាញជាលក្ខណៈបច្ចេកទេស ពីសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជូនតំណាងសាស្រ្តាចារ្យ និងតំណាងនិស្សិតថ្នាក់ក្រោយឧត្តម ចំនួន១០០នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានអនុញ្ញាតឲ្យធ្វើទស្សនកិច្ចមើលសាលប្រជុំពេញអង្គ និងសាលជំនុំជម្រះរបស់ក្រុមប្រឹក្សាធម្មនុញ្ញផងដែរ៕